ក្រុមហ៊ុន​បុរី​ ប៉េងហួត ​បោះទុន​២០០​លាន​ដុល្លារ ​សាងសង់​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ

89

ភ្នំពេញ ៖ ​ ក្រុមហ៊ុន​បុរី ប៉េង​ហួត​គ្រុប​ បានសម្រេច​បោះ​ទុន​វិនិយោគ​២០០​លាន​ដុល្លារ​អាមេរិក ​ដើម្បី​សាងសង់​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ថ្មី​មួយ ​ស្ថិតនៅ​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​។

អគ្គនាយក​បុរី​ប៉េង ហួត​គ្រុប​ លោក​ឧកញ៉ា​ ថៃ ម៉េង​លី​ បាន​មានប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន កាលពីថ្ងៃទី​១៧ ខែធ្នូ ​ម្សិល​ម៉ិ​ញ​នេះ​ថា បុរី​ប៉េង ហួត​មាន​មោទនភាព​ក្នុង​ការ​វិនិយោគ​ផ្សារ​ទំនើប​ PH Eco Mall នេះ​ឡើង ដែល​ជា​ផ្សារ​ផ្តោត​លើ​ភាព​បៃតង ​និង​លើក​កម្ពស់​បរិស្ថាន ​ពិសេស​ផ្តល់​នូវ​មោទនភាព​សម្រាប់​ប្រទេសជាតិ ​ព្រោះនេះ ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ទី​១ ​ដែល​បាន​វិនិយោគ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ​។​ ផ្សារ​ទំនើប​នេះ ​នឹង​បញ្ចប់​ការសាងសង់ ​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ​។

លោក​ឧកញ៉ា ​បន្តថា ក្រុមហ៊ុន​បុរី​ប៉េង ហួត​ចង់​ផ្តល់​ឲ្យ​អ្នក​ទេសចរណ៍​អន្តរជាតិ ស្គាល់​នូវ​អ្វី ​ដែលជា​ផ្សារ ទំនើប PH Eco Mall ​ហើយ​ពេល​ពួកគេ​មក​ទីក្រុង​ភ្នំពេញ ​ពួកគេ​នឹង​នឹង​ឃើញ​ផ្សារ​នេះ​។​លោក​បន្តថា “​បុរី​ប៉េង ​ហួត​គ្រុប​ក៏​បាន​ និងកំពុង​សាងសង់​សួន​កម្សាន្ត​លំដាប់​អន្តរជាតិ​ដែល​មាន​រចនា​បទ​បែប​អឺរ៉ុប​ និង​គ្រោង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០១៨​ ខាងមុខ ​និង​សាលសន្និសីទ​និង​សាល​អាពាហ៍ពិពាហ៍​ នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០១៩​។

ផ្សារ​ទំនើប PH Eco Mall ​មាន​ទីតាំង​ធំ​ទូលាយ ដែល​សាងសង់​លើ​ផ្ទៃដី​ជិត​៦​ហិកតា ​និង​អាច​ចត​រថយន្ត​បាន​ជិត​៣០០០​គ្រឿង​ និង​ម៉ូតូ​ជាង​២០០០​ គ្រឿង​ផងដែរ​។

លោក​ឧកញ៉ា​ ថៃ ម៉េង​លី ​បាន​បន្តថា ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ នឹង​ផ្តល់​ជូន​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ​នូវ​បទពិសោធន៍​ដើរ​ផ្សារ​ទំនើប ​ពិសេស​ប្លែក​ ប្រកបដោយ​បរិយាកាស​ស្រស់ស្រាយ​បែប​ធម្មជាតិ​ពិត​។ ​លើសពីនេះ​ ការ​រចនា​ផ្សារ​ទំនើប​នេះ រួម​បញ្ចូល ​នូវ​រចនាបថ​វប្បធម៌ ​ ប្រវត្តិសាស្ត្រ​ខ្មែរ ជាមួយ​ នឹង​បែបផែន​ជីវិត​ទំនើប​ទាន់សម័យ​ផង​ដែរ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE Cambodia​ បាន​ថ្លែងថា​ កា​រវិនិយោគ​ផ្សារ​ទំនើប​នៅ​កម្ពុជា ពី​អ្នក​វិនិយោគ​ជាតិ អន្តរជាតិ​មានការ​កើនឡើង ​ដោ យ​សារ​កម្លាំង​ទិញ​ពី​សំណាក់ ​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​កើន​ឡើង ​និង​កត្តា​សុខ​សន្តិភាព ​ស្ថិរភាព​នយោបាយ ​កំណើន​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ឲ្យ​លំហូរ​ទុន​វិនិយោគ​ក្នុងស្រុក ​និង​អន្តរជាតិ​កើន​ឡើង​ខ្លាំង​។

អ្នកនាង ​បន្តថា “​ការ​វិនិយោគ​ផ្សារ​ទំនើប​នានា ក៏​ធ្វើ​ឲ្យ​ស្ថានភាព​ក្នុង​វិស័យនេះ ​មានការ​កើន​ឡើង​នូវ​ការប្រកួតប្រជែង ​ផងដែរ ​ប៉ុន្តែ​កំណើន​ប្រជាជន​ក្នុង​ទីក្រុង ​និង​កំណើន​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ នឹង​ជួយ​ធ្វើ​ឲ្យ​ការ​វិនិយោគ​បែបនេះ​ទទួល​​បាន​ជោគជ័យ​”៕