ព្យុះ​ត្រូ​ពិ​ក Kai-tak ចុះ​ខ្សោយ​កម្លាំង​ បន្ទាប់​ពី​មនុស្ស​ ២៦​នាក់​បាត់​បង់ជីវិត​នៅក្នុង​ប្រទេស​ហ្វីលីពីន

101

ហ្វីលីពីន៖ ​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា​ ​ព្យុះ​ Kai-tak បាន​ចុះ​ខ្សោយ​ពីព្យុះ​ត្រូ​ពិ​ក​ទៅជា​ព្យុះ​ត្រូ​ពិ​ក​សម្ពាធ​ទាប ​បន្ទាប់ពី​បណ្ដាល​ឲ្យ​មនុស្ស​ ២៦​នាក់​បាត់បង់​ជីវិត​, បង្ក​ឲ្យ​មាន​ជា​ទឹកជំនន់ និង​បំណាក់​ដី​ក្នុង​តំបន់ Visayasរបស់​ប្រទេស​ហ្វីលីពីន។​​រូបភាព​វីដេអូ​ និងរូបថត​ជាច្រើន​ បានចែកចាយ​តាម​បណ្ដាញអ៊ីនធឺណិត ​បង្ហាញពី​ផ្លូវ​មួយ​ខ្សែ​ត្រូវ​ទឹក​ជន់​លិចក្នុង​ខេត្ត​កោះសា​ម៉ាខាងជើង និង​​បំផ្លិចបំផ្លាញស្ពាន​ជាច្រើន​ខ្សែ​ និង​អគារ​ជានា​នាក្នុង​ខេត្ត​កោះ Biliran។​ ខេត្ត​ទាំង​២ ​នេះស្ថិតនៅក្នុងតំបន់វី​សា​យ៉ា​សខាងកើត។​ ​លោក Del Rosario មកពី​អង្គភាព​កងទ័ពជើងទឹក​នៃ​ខេត្ត​ប៊ី​លី​រ៉ា​ន់​ បាន​ប្រាប់​សារព័ត៌មាន Reuters ថា កន្លែង​មួយ​ចំនួន​គ្មាន​អគ្គិសនី​ និង​ទឹក​ប្រើប្រាស់​ឡើយ​ដោយ​បន្ថែម​ថា​ ការ​ធ្វើ​ដំណើរ​ដឹកជញ្ជូន​ត្រូវ​បាន​ផ្អាក​ ដោយ​ស្ពាន​មួយ​ចំនួន​រង​ការខូចខាតដោយទឹកជំនន់ ​និង​បំណាក់​ដី។​ ​យោង​តាមសារព័ត៌មានក្នុងស្រុក ដែលទទួល​បានទិន្នន័យពីក្រុមប្រឹក្សា​គ្រប់គ្រង​ និង​កាត់បន្ថយ​ហា​នី​ភ័យ​គ្រោះ​មហន្តរាយ​ជាតិឲ្យ​ដឹង​ថា​ ការខូចខាត​ចំពោះ​ផ្លូវជាតិ​នានា ដែល​បណ្ដាលមកពីព្យុះ​នេះ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ទំហំ​ទឹកប្រាក់​ ៣៥​លានប៉េ​សូ ឬ​ស្មើ​ 52,098ផោន​។

​​ប្រភព​ពី​សារព័ត៌មាន Channel News Asia ឲ្យ​ដឹង​ថា ព្យុះ Kai-tak នេះបានកាត់ផ្ដាច់បណ្ដាញអគ្គិសនីក្នុង​តំបន់​ជាច្រើន, បង្ខំ​ឲ្យលុប​ជើង​ហោះ​ហើរ​នានា, មនុស្សជាង ១,៥០០០​នាក់ជាប់​នៅ​កំពង់ផែ​ផ្សេងៗ​គ្នា​ក្នុង​តំបន់​នេះ និង​ជំរុញ​ឲ្យ​មនុស្ស​ជិត ៨៨,០០០​នាក់ស្វែងរក​ជម្រក​ស្នាក់នៅក្នុង​មជ្ឈមណ្ឌល​ជម្លៀស​ខ្លួន៕

អត្ថបទ៖ សុខ​មាន