ពលរដ្ឋ​មូ​ស្លីម​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​តែ​បន្ត​ការ​តវ៉ា​ប្រឆាំង​លោក ​ត្រាំ ​ដែល​ទទួល​ស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​អ៊ីស្រាអែល

141

ពិភពលោក៖ អ្នក​តវ៉ា​ប្រហែល​ ២០០​នាក់បានប្រមូលផ្ដុំ​នៅ​កណ្ដាល​ទីក្រុងប៉ារីស ប្រទេស​បារាំងកាលពី​ថ្ងៃអាទិត្យប្រឆាំងទៅ​នឹង​ការ​ទទួល​ស្គាល់ ​របស់​លោកប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ថា​ ទីក្រុងហ្ស៊េ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។​​ការប្រកាស​ទទួលស្គាល់របស់​លោក ត្រាំ កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ បាន​បង្ក​ឲ្យ​មានការ​តវ៉ា​ពាសពេញ​ពិភពលោក។ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចង់បាន​រដ្ឋធានីនៃអនាគតរដ្ឋរបស់​ពួកគេ ក្នុងទីក្រុងហ្ស៊េ​រុយ​សា​ឡឹមខាងកើត​ដែល​អ៊ីស្រាអែល បាន​ដណ្ដើម​កាន់កាប់ក្នុងសង្គ្រាម​ឆ្នាំ​១៩៦៧ ហើយ​ក្រោយ​មក​បានដាក់​ចូល​ក្នុង​ឧប​សម្ព័ន្ធ​របស់​ខ្លួន​ ដោយ​មិន​មាន​ការ​ទទួលស្គាល់​ជាអន្តរជាតិ​។​ កាលពី​ថ្ងៃអាទិត្យ​ប្រភព​ពីនគរបាលបាន​និយាយ​ថា មនុស្ស​ប្រមាណ 2,500​នាក់​បាន​តវ៉ា​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំងប្រទេស​អាល្លឺម៉ង់ ប្រឆាំងទៅ​នឹង​ការសម្រេចចិត្តរបស់​លោក ត្រាំ និង​បាន​ដុត​ទង់ជាតិ​អ៊ីស្រាអែលទៀត​ផង​។

​ចំណែក​នៅ​ក្នុងប្រទេសឥណ្ឌូនេស៊ី​ឯណោះ​វិញ មានពលរដ្ឋ​មូ​ស្លីម​ឥណ្ឌូនេស៊ីរាប់​ពាន់​នាក់ បានតវ៉ានៅឯ​វិមាន​ឯករាជ​ជាតិ និង​នៅ​ខាងក្រៅស្ថានទូត​អាមេរិក​ក្នុងទីក្រុងហ្សាកាតាកាលពី​ថ្ងៃ​អាទិត្យ ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក ត្រាំ ដែល​ទទួលស្គាល់ទីក្រុងហ្ស៊េ​រុយ​សា​ឡឹម​ជា​រដ្ឋធានីរបស់​អ៊ីស្រាអែល។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ ពលរដ្ឋ​មូ​ស្លីមរាប់​ពាន់​នាក់បានប្រមូល​ផ្ដុំ​គ្នា នៅ​ភាគ​ខាង​ត្បូងទីក្រុងកា​រ៉ា​ជី​ប្រទេស​ប៉ា​គី​ស្ថាន តវ៉ា​ប្រឆាំងទៅ​នឹង​សេចក្ដីសម្រេចរបស់​លោក ត្រាំ​ ដែល​បាន​ទទួល​ស្គាល់​ទីក្រុងហ្ស៊េ​រុយ​សា​ឡឹម ​ជា​រដ្ឋធានី​របស់អ៊ីស្រាអែល​។

​​នៅ​ទីក្រុង Bethlehem ក្នុង​តំបន់​មជ្ឈិមបូព៌ា, ក្រុម​អ្នក​តវ៉ា​ប៉ាឡេ​ស្ទី​នមួយ​ក្រុម​តូចកាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ ​បាន​ដុត​បដា​ដែល​មាន​រូប​អនុ​ប្រធានាធិបតី​អាមេរិក លោក មៃ​ផេន និង​ប្រេសិត​ក្នុង​តំបន់មជ្ឈិមបូព៌ាលោក ចា​សុន គ្រី​នប្រា​ត នៅ​ខាងក្រៅទឹក​កំណើតរបស់ព្រះ​យេស៊ូ ប៉ុន្មាន​ថ្ងៃមុន​នឹង​ដំណើរ​ទស្សនកិច្ចរបស់​លោក​មក​កាន់​តំបន់​នេះ​។ ​លោកប្រធានាធិបតីទួរគី តា​យ​យី​ប អឺ​ដូ​ហ្គែ​ន បាន​និយាយ​កាលពីថ្ងៃអាទិត្យម្សិលមិញ​ថា ​ទួរគីមានបំណង​បើក​ស្ថានទូតក្នុងទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ខាងកើត ប៉ុន្មាន​ថ្ងៃបន្ទាប់ពីការដឹកនាំ​ការ​អំពាវ​នាវ​ នៃ​បណ្ដា​មេដឹកនាំមូ​ស្លីម​ពិភពលោក​ ដើម្បី​ឲ្យ​ទទួលស្គាល់​ទីនោះ​ជា​រដ្ឋធានីប៉ា​ឡេ​ស្ទី​ន។

ប្រជាពលរដ្ឋ​អាល់ហ្សេរីរាប់​ពាន់​នាក់បាន​ប្រមូល​ផ្ដុំ​គ្នា​ នៅ​ពហុ​កីឡដ្ឋាន​មួយ​ក្នុងប្រទេសអាល់ហ្សេរីកាលពី​ថ្ងៃ​សៅរ៍​ តវ៉ា​ប្រឆាំងការ​ទទួល​ស្គាល់​ទីក្រុងហ្ស៊េ​រុយ​សា​ឡឹម ជា​រដ្ឋធានីរបស់​អ៊ីស្រាអែលពី​សំណាក់​លោក ត្រាំ​៕​

អត្ថបទ៖ សុខ​មាន