កីឡា​ការិនី El Welily និង​កីឡាករ Mohamed​ El Shorbagy ឈ្នះ​ជើងឯក​វាយ​កូន​បាល់​បុក​ជញ្ជាំង AJ Bell PSA World Championship នៅ​ Manchester

51
កីឡា​ការិនី El Welily និង​កីឡាករ Mohamed​ El Shorbagy

វាយ​កូន​បាល់៖ ​ដំបូង​នេះ​គឺជា​ការប្រកួត​ផ្នែក​នារី​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​វាយ​កូន​បាល់​បុក​ជញ្ជាំង AJ Bell PSA World Championship ដែល​បាន​រៀប​ចំ​ធ្វើឡើង​នៅ​ទីក្រុង Manchester Central Convention Complex ប្រទេស​អង់គ្លេស​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​​កីឡា​ការិនី​អេ​ហ្ស៊ី​ប El Welily វ័យ ២៨​ឆ្នាំ​លេខ​២ ​ពិភពលោក​ដែល​មាន​ឯកសណ្ឋាន​ពណ៌​ទឹកក្រូច ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣​សិត​១ ជាមួយ​នឹង​ពិន្ទុ 3-11, 12-10, 11-7 នឹង 11-5 ផង​ដែរ​ដោយ​ប្រើ​ពេល​ជិត​ ២​ម៉ោង​ទំរាំ​បាន​យកឈ្នះ​ទៅលើ​នាង Nour El Sherbini ដែល​ជា​លេខ​១ ​ពិភពលោក។ ​​​ក្រោយ​ឈ្នះ​ជើងឯក​ពិភពលោក​ឆ្នាំ​២០១៧ នេះ​នាង El Welily បាន​ថ្លែង​ថា ​នាង​ពិតជា​អរគុណ​ខ្លាំង​ណាស់​សម្រាប់​អ្នក​រាល់គ្នា​នៅ​ទី​នេះ ពិសេស​ស្វាមី​នាង​ដែល​តែងតែ​នៅ​ក្បែរ​គាំទ្រ ​និង​លើក​កម្លាំង​ចិត្ត​ជាប់​ជានិច្ច ហើយ​ការប្រកួត​ពេល​ក្រោយ​នាង​នៅ​តែ​មាន​សង្ឃឹម​ជាមួយ​ក្តី​ជឿជាក់​។​ ​ដោយឡែក​ឯ​ការ​ប្រកួត​ផ្នែក​បុរស​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ​ម្ដង ​គឺ​ជំនួប​បង​ប្អូន​បង្កើត​ជាមួយគ្នា​ត្រកូល El Shorbagy គឺ Mohamed El Shorbagy និង Marwan El Shorbagy ដែល​ការប្រកួត​លេង​ដល់​ទៅ ​៥​សិត​ទើប​រក​អ្នក​គ្រង​ជើងឯក​បានសម្រេចដោយ Mohamed El Shorbagy បាន​យកឈ្នះ​ពិន្ទុ 11-5, 9-11, 11-7, 9-11 និង 11-6 ពោល​គឺ​ចំណាយ​ពេល ៧១​នាទី​ឯណោះ។

​​ក្រោយ​ចប់​ការប្រកួត​ជើងឯក​ពិភពលោក Mohamed El Shorbagy បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អ្នកដឹង​ទេ​គ្រាប់​តែ​ទទួល​បាន​ដំណឹង​ថា ​ប្អូនប្រុស​របស់​គេ​បាន​យកឈ្នះ​នៅ​វគ្គ​ ៤​នាក់​ចុងក្រោយ​នោះ​គឺ​ពិតជា​រន្ធត់​មែនទែន ដោយ​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​រវាង​បងប្អូន​បង្កើត ​ជួប​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​លើកដំបូង​ក្នុង​ប្រវត្តិ​កីឡា​មួយ​នេះ តែ​យ៉ាង​ពួក​យើង​បាន​ប្រកួត​គ្នា​ដោយ​ឆន្ទៈ​មុះ​មុត៕
​ ​
​ដោយ​៖ ទឹម សុវណ្ណារិទ្ធ