ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ សហការគ្នាបើកវគ្គសិក្ខាសាលាស្ដីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន” ជូនមន្ត្រីនគរបាលជាតិចំនួន៣៨៧នាក់ មកពីអង្គភាពជំនាញថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ផ្នែកសន្តិសុខសាធារណៈនៃក្រសួងមហាផ្ទៃ។
ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងពិធីបើកសិក្ខាសាលារយៈពេលបីថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៨ ដល់២០ ធ្នូខាងមុខថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព, សិទ្ធភាពផលិតភាពការងារ និងលើកកម្ពស់ការយល់ដឹង របស់មន្ត្រីរាជការ សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ។
ឯកឧត្តមបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញ “គោលការណ៍ណែនាំស្ដីពីនីតិវិធីអនុវត្តថវិកាកម្មវិធី” ក្នុងគោលបំណងរៀបចំក្របខ័ណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយ សម្រាប់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា សំដៅធានាថាការវិភាជន៍ថវិកាត្រូវបានអនុវត្តដោយអនុលោមតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន និងកត់ត្រា បានត្រឹមត្រូវតាមមាតិកាថវិកាមាតិកាគណនេយ្យ និងស្របតាមកម្មវិធី, អនុកម្មវិធី, សកម្មភាព, និងចង្កោមសកម្មភាព ដែលបានគ្រោងទុក។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា នីតិវិធីអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មហាផ្ទៃ ក៏ដូចជា សម្រាប់ក្រសួង-ស្ថាប័ននីមួយៗ។
ឯកឧត្តមបន្តថា វគ្គសិក្ខាសាលានេះ ពិតជាត្រូវបានសហការរៀបចំឡើងបានទាន់ពេលវេលា និងឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ក្នុងការអនុវត្ត ។
តាមរយៈនេះ ឯកឧត្តមរដ្ឋលេខាធិការជឿជាក់ថា ពិតជានឹងជួយឱ្យការអនុវត្តតួនាទីភារកិច្ចរបស់គ្រប់អង្គភាព ផ្នក សន្តិសុខ សាធារណៈ នៃក្រសួងមហាផ្ទៃ អាចឈានទៅសម្រេចបានលទ្ធផលផ្លែផ្កា តាមការគ្រោងទុក និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់អង្គភាពរៀងៗខ្លួន ក្នុងគោលដៅធានាប្រសិទ្ធភាព សង្គតិភាព និងផលិតភាពនៃការប្រើប្រាស់ថវិកាជាតិ ស្របតាមគោលបំណងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល៕