ភ្នំពេញ៖ គម្រោងខុនដូប្រណីតThe SEA Gate Suite ដែលគ្រោងបោះទុនវិនិយោគប្រមាណ២០០លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ បានប្រកាសបើកលក់ជាផ្លូវការហើយ ដោយមានការចូលរួមជាអធិបតីពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជាមួយនឹងការប្រកាសលក់ជាផ្លូវការនូវគម្រោង កាលពីរាត្រីថ្ងៃម្សិលម៉ិញនេះ លោកPHEAKDEY M.SAO តំណាងម្ចាស់គម្រោងខុនដូ The SEA Gate Suite នៃក្រុមហ៊ុនKHCN Investment & Development បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយតំណាងក្រុមហ៊ុនអចលនទ្រព្យសហរដ្ឋអាមេរិកដ៏ធំមួយ ដែលតំណាងដោយលោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GREX Experts ដើម្បីនាំយកហ្វ្រែនឆាយ(Franchise-សិទ្ធិគ្រប់គ្រង)មកគ្រប់គ្រងខុនដូ នាទីក្រុងមាត់សមុទ្រមួយនេះ ។
លោកបណ្ឌិតគីម ហ៊ាង បានឲ្យដឹងថាThe SEA Gate Suite គឺជាគម្រោងលក្ខណៈអន្ដរជាតិ ដែលទាមទាឲ្យមានក្រុមហ៊ុនអាជីពអន្ដរជាតិមួយមកគ្រប់គ្រងដូចគ្នា ។ ដូច្នេះហើយទើបក្រុមហ៊ុន GREX Experts បានសហការជាមួយក្រុមហ៊ុនអាជីពរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ដៃសហការគ្នាគ្រប់គ្រងលើគម្រោងអាគារខុនដូខាងលើ បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរ ប៉ុន្ដែលោកមិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុននោះទេ។
The SEA Gate Suite គឺជាគម្រោងខុនដូបង្កើតឡើងក្រោមកិច្ចសហការរវាងអ្នកវិនិយោគខ្មែរ និងចិន ដែលបើកការដ្ឋានសាងសង់កាលពីខែមិថុនាកន្លងទៅ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។ តម្លៃខុនដូវិញ គឺគិតជាមធ្យមមានតម្លៃចន្លោះពី ១,០០០ ទៅ ១,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនHutton CPLបានថ្លែងថា ទីផ្សារខុនដូនៅខេត្តព្រះសីហនុកំពុងមានការរីកចម្រើនខ្លាំង ដោយសារមានអ្នកវិនិយោគជាតិ និងអន្តរជាតិបានទិញវិនិយោគនៅខេត្តដ៏មានសក្ដានុពលមួយនេះ។ លោកបន្តថា ខេត្តព្រះសីហនុកំពុងមានការរីកចម្រើនខ្លាំង ដោយសារការវិនិយោគរបស់អ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគជនជាតិចិន។
បច្ចុប្បន្នខេត្តព្រះសីហនុមានគម្រោងខុនដូជាច្រើនកំពុងសាងសង់ដូចជា Blue Bay, Sunshine Bay, D Seaviewជាដើម៕