អភិបាលខណ្ឌ​ច្បារអំពៅ ស្នើ​ឲ្យ​ពលរដ្ឋ​មក​ទទួល​សេវា​ច្រកចេញ​ចូល​តែមួយ​ដោយ​ខ្លួនឯង​

47

ភ្នំពេញ៖ អភិបាលខណ្ឌ​ច្បារអំពៅ​ស្នើ​ឲ្យ​មន្ត្រី​គ្រប់​ការិយាល័យ​ជំនាញ​ទាំងអស់ សូម​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មក​ទទួល​សេវាកម្ម​ច្រកចេញ​ចូល​តែមួយ ដោយ​ខ្លួនឯង ជៀសវាង​ពឹង​តាមរយៈ​អ្នក​រត់ការ។

លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​មានប្រសាសន៍ថា ដើម្បី​ឲ្យ​ការបម្រើ​សេវា​សាធារណៈ​ដ​ល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ និង​អាជ្ញាធរ មូលដ្ឋាន​ត្រូវ​នៅ​កៀក​កិត ជាមួយ​គាត់​ដោយ​បន្ត​ធ្វើ​ឲ្យ​បាន​ទូលំទូលាយ​និង​ប្រសិទ្ធភាព ការងារ​ធ្វើ​ឲ្យ​បាន​ស៊ីជម្រៅ ដែល​ពលរដ្ឋ​ចង់បាន ដើម្បី​បម្រើ​នូវ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​ប្រជាជន​ទទួល​បាន ទំនុក ចិត្ត និង​ការទទួលបាន​នូវ​សុខ សុវត្ថិ ភាព ក្នុងការ​រស់នៅ ។

លោក ចេង មុនី​រ៉ា លើកឡើង​ដូចនេះ​នៅ​ថ្ងៃ​ច័ន្ទ ១​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​ពិធី​ផ្សព្វផ្សាយ​ការផ្តល់​សេវាសាធារណៈ របស់​ការិយាល័យ​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​

លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា កន្លងមក​ការធ្វើ​ឯកសារ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ គឺមាន​ការយឺតយ៉ាវ និង​មាន​ភាពមិនប្រក្រតី​ផ្សេងៗ ប៉ុន្តែ​គិត​ចាប់ពីពេលនេះ​តទៅ រាល់​ការបម្រើ​សេវាសាធារណៈ​ផ្សេងៗ​តាមរយៈ​ការិយាល័យ​ច្រកចេញចូល​តែមួយ គឺ​ពុំ​ត្រូវអោយ​មានការ​យឺតយ៉ាវ​ទៀតឡើយ ពោល​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ នឹង​កំណត់​តែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ក្នុងការ​ធ្វើឯកសារ​ជាស្រេច​ជូន​ប្រជាពលរដ្ឋ។

ក្នុងនោះដែរ ប្រសិនបើជា​ឯកសារ​ងាយៗ ដូចជា​សំបុត្រកំណើត និង​សៀវភៅ​ស្នាក់នៅ​ជាដើម គឺត្រូវធ្វើ​ជូន​បងប្អូន​ក្នុង​រយៈពេល​មិន​ដល់​កន្លះ​ម៉ោង​ឡើយ ប៉ុន្តែ ​ក្នុង​លក្ខខណ្ឌ​ដែល​ប្រជាពលរដ្ឋ​រវល់​មិនអាច​រងចាំ​បាន ប្រជាពលរដ្ឋ​អាច​ទុក​លេខ​ទូរស័ព្ទ​នៅ​មន្ត្រី​ច្រក​ដែល​ទទួល​ធ្វើ​សេវា​ឯកសារ​ជូន​បាន ប្រសិនបើ​ឯកសារ​នោះ​ធ្វើ​រួចរាល់​នៅពេល​ណាមួយ អ្នកបម្រើ​សេវា នឹង​ទំនាក់ទំនង​ទៅ​ទៅកាន់​ទូរស័ព្ទ​ផ្ទាល់​របស់​បងប្អូន​អោយមក​ទទួលយក​ឯក​សារ​ដែល​បានធ្វើ​រួច ។

ទន្ទឹមនឹងនោះ រាល់​ការធ្វើ​ឯកសារ​ទាំងឡាយ គឹ​ពុំ​តម្រូវអោយមាន​ការបង់​ថវិកា​មកកាន់​អ្នកធ្វើ​ឯកសារ ឬ​ការិយាល័យ​ច្រក​ឡើយ លើកលែងតែ​ឯកសារ​ណា​ដែល​មានចែង​ក្នុង​ច្បាប់ ដែល​តម្រូវអោយ​បង់ប្រាក់ តាម​សេចក្តីប្រកាស​អន្តរក្រសួង​ប៉ុណ្ណោះ ដូចជា​ធ្វើឯកសារ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ ជាដើម៕