ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​លើ​ការ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ខេត្ត​កែប​និង​កំពត​

94

ភ្នំពេញ៖ ក្រុមហ៊ុន​ចិន​ឈ្មោះ China Energy Engineering Group បាន​ពិភាក្សា​ការងារ​ជា​លើក​ទី​២​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដឹកនាំ​ដោយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​ ទាក់ទង​នឹង​ការ​វិនិយោគ​លើ​វិស័យ​ទឹកស្អាត​ផ្គង់​ផ្គង់​លើ​ខេត្ត​ចំនួន ២​គឺ​ខេត្ត កែប​និង​ខេត្ត​កំពត​។​

បន្ទាប់ពី​ជំនួប​រវាង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ចម ប្រ​សិ​ទ្ធ និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន China Energy Engineering Group​ នា​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ​នេះ ឯកឧត្តម សាត សាមី រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បានបញ្ជាក់​ប្រាប់​ថា គម្រោង​វិនិយោគ​លើ​វិស័យ​ទឹកស្អាត​នៅ​ខេត្ត កែប និង​ខេត្តកំពត​នេះ​បាន​សិក្សា​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ក្នុង​ខេត្ត​ទាំងពីរ និង​ផ្ដល់​ភាពងាយស្រួល​ដល់​ពួកគាត់​។​

ឯកឧត្ដម ​បាន​ម​បន្ត​ថា ការជ្រើសរើស​យក​តំបន់​វា​រី​អគ្គិសនី កំចាយ​ជា​ប្រភព​ទឹក​ស្អាត​ក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នេះ គឺ​ដោយសារតែ​តំបន់​វា​រី​អគ្គិសនី​កំចាយ​ជា​ប្រភពទឹក​ដែល​ស្អាត នឹង​មិន​ចេះ​រីងស្ងួត​ដែល​មាន​លទ្ធភាព​ផលិត​ទឹក​ស្អាត ​បាន​ក្នុង​ទំហំ​៦​ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ ជាពិសេស​វា​ជា​ការ​ប្រើប្រាស់​ប្រភព​ទឹក​ឲ្យ​អស់​លទ្ធភាព​ដោយសារ​កន្លងមក​ទឹក​តំបន់​វា​រី​អគ្គិសនី​កំចាយ តែងតែ​ហូរ​ចោល​ចាក់​ចូល​ក្នុង​សមុទ្រ​។

បន្ថែម​ពី​នេះ ឯកឧត្ដម​សាត សាមី​បាន​បន្តថា ក្នុងខណៈ​ពេលនេះ ទាំង​ភាគី​ក្រសួង​និង​ភាគី​ក្រុមហ៊ុន​ចិន​កំពុង​ពិភាក្សា​បន្ត ដើម្បី​សម្រេច​លើ​បញ្ហា​តំលៃ​ដោយ​ក្រសួង​ព្យាយាម​ឲ្យ​មានការ​បញ្ចុះ​តំលៃបន្ថែម​ដែល​សមស្រប​សំរាប់​គ្រប់ភាគី​ទាំង​ប្រជាជន និង​សម​ស្រម​សំរាប់​ភាគី​ក្រុមហ៊ុន​ដែលមាន​ផលចំណេញ​ខ្លះ​ដើម្បី​បន្ត​ការវិនិយោគ​របស់ខ្លួន​។ ឯកឧត្តម​សង្ឃឹម​ថា គម្រោង​ទឹកស្អាត​នេះ​នឹង​អាច​ចុះ​កិច្ចព្រមព្រៀង​នៅ​ឆ្នាំក្រោយ និង​ចាប់ផ្ដើម​ការសាងសង់​តែម្ដង​៕