នាយកដ្ឋាន​នគរបាល​ការពារ​ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ទប់ស្កាត់​រាល់​អំពើ​ភេរវកម្ម និង​បទឧក្រិដ្ឋ​ផ្សេង​នៅ​កម្ពុជា​

102

ភ្នំពេញ៖ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​នៃ​អគ្គស្នងការ​នគរបាលជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ សា​វុ​ឌ្ឍ បាន​អះអាង​ថា នគរបាល​ការពារ​មាន​ភារកិច្ច​រក្សា​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ តាម​បណ្តា​ស្ថានទូត និវេសនដ្ឋាន ស្ថាប័ន​ជាតិ ឥស្សរ​ជនជាតិ​-​អន្តរជាតិ និង​ពិធី​បុណ្យជាតិ​ធំៗ​ផ្សេង​ទៀតហើយ​ជាង​នេះទៅទៀត​នាយកដ្ឋាន​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ទប់ស្កាត់​អំពើ​ភេរវកម្ម​និង​បទឧក្រិដ្ឋ​ជាដើម​នោះ​។​

ថ្លែង​នៅ​ក្នុង​ពិធី​គោរព​ទង់ជាតិ និង​ផ្សព្វផ្សាយ​គោលការណ៍ ក៏ដូចជា​ផែនការ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ និង​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​នាយកដ្ឋាន​នគរបាល​ការពារ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ សា​វុ​ឌ្ឍ មាន​ប្រសា​ន៍​ថា ក្រៅពី​ភារកិច្ច​ស្នូល​របស់​នាយកដ្ឋាន កម្លាំង​នគរបាល​ការពារ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​រៀបចំ​សុវត្ថិភាព​សន្តិសុខ សណ្តាប់ធ្នាប់ និង​បង្ក្រាប​បទល្មើស​នានា​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ពិសេស​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពកក់ក្តៅ​ចំពោះ​ថ្នាក់ដឹកនាំ​ស្ថានទូត និង​ថ្នាក់ដឹកនាំ​ជាតិ​សំខាន់ៗ​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ​បាន​បន្តទៀតថា ដើម្បី​ឲ្យ​មាន​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ទាំងយប់​ទាំង​ថ្ងៃ​នៅ​គ្រប់​បណ្តា​ស្ថានទូត និវេសនដ្ឋាន ស្ថាប័ន​ជាតិ ឥស្សរ​ជនជាតិ​-​អន្តរជាតិ គឺ​បាន​បែងចែក​វេន​ប្រចាំការ​ការពារ និង​ល្បាត​ចល័ត ២៤​ម៉ោង​/២៤​ម៉ោង ដោយ​ចែកចេញជា ៤​វេន និង​ដោយមាន​ការ​ត្រួតពិនិត្យ​តាម​ដ្ឋា​ន​សកម្មភាព​ជាប្រចាំ​ផងដែរ​។​

យ៉ាងណាក៏ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ សា​វុ​ឌ្ឍ បញ្ជាក់ថា “ ក្រៅពី​ភារកិច្ច​យាមល្បាត​ជាប្រចាំ​តាម​បណ្តា​គោលដៅ​សំខាន់ៗ កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ​តែងតែ​ហ្វឹកហាត់​បំប៉ន​ជំនាញ​ការពារ​ទប់ទល់​បាតុកម្ម និង​កងកិត្តិយស​ជាប្រចាំ​ផងដែរ ដោយ​ក្នុង​១​សប្តាហ៍​ហ្វឹកហាត់​ចំនួន ៥​ថ្ងៃ​(​ថ្ងៃ​ច័ន្ទ ដល់ ថ្ងៃ​សុក្រ​) ” ។​

ជាមួយគ្នានេះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ សា​វុ​ឌ្ឍ ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​កងកម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់ខ្លួន​បានល្អ​ប្រសើរ ជាពិសេស​ទទួល​បានកា​រ​លើកសរសើរ​ពី​សំណាក់​បណ្តា​អង្គទូត​នានា ក៏ដូចជា​ថ្នាក់ដឹកនាំ​សំខាន់​ផងដែរ​៕