អាវុធហត្ថ​ខេត្តស្ទឹងត្រែង ​ចាប់​សត្វព្រៃ​​​​ ដែល​ដាក់​តាំង​លក់​​ក្នុង​ផ្សារ​ ​យក​ស្នាដៃ​​

129

ស្ទឹងត្រែង ៖​​ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ និង​ខេត្ត​ ​ ចុះ​ចាប់​​អាជីវកម្ម​​​លក់​សត្វព្រៃ​​​ក្នុង​ផ្សារ​ស្ទឹងត្រែង​ ​យក​ស្នាដៃ​​បង្ហាញ​ថ្នាក់​លើ​ ខណៈ​បទល្មើស​ព្រៃឈើ​​កើត​មាន​ច្រើន​​ក្នុង​ទឹក​ដី​ខេត្តស្ទឹងត្រែង ។

ការ​ចុះ​ចាប់​នេះ ​ធ្វើឡើង​​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ ព្រឹក​ថ្ងៃទី​១៩ ​ខែធ្នូ​ ឆ្នាំ​២០១៧​ ស្ថិតនៅ​ផ្សារ​សាមគ្គី​ស្ទឹងត្រែង​ភូមិ​ត្រ​ព្រីង ​សង្កាត់​ស្ទឹងត្រែង ​ក្រុង​ស្ទឹងត្រែង​។

ប្រភពព័ត៌មាន​ បាន​ឲ្យដឹងថា​ នៅ​វេលា​កើត​ហេតុកម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​ ដោយ​លោក​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ បាន​ចុះ​ដល់​គោលដៅ​ ទីតាំង ​និង​បញ្ជា​អោយ​ចាប់​បង្ក្រាប​ និង​ឃាត់ខ្លួន​បុរស​ម្នាក់​ ជា​ម្ចាស់​អាជីវកម្ម​នោះដែរ​។ ក្រោយ​ការ​បង្ក្រាប​រឹបអូស​អាជីវកម្ម​ល្មើស​ច្បាប់​ ខាង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ បាន​នាំមក​បញ្ជាការដ្ឋាន​ដោយមាន​ការចូលរួម​ពិនិត្យ​ពី​សំណាក់​លោក​ព្រះរាជអាជ្ញារង​​អម​សាលាដំបូង​ខេត្ ត​រួម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ​។​

មន្ត្រី​កងរាជអាវុធហត្ថ​ នៃ​មន្ទីរ​យុត្តិធម៌ បាន​ឲ្យដឹងថា​ ស្ថិតក្នុង​សកម្មភាព​ចុះបង្ក្រាប ​ទីតាំង​អាជីវកម្ម​សត្វព្រៃ​ខុសច្បាប់​ កម្លាំង​អាវុធហត្ថ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជា​ម្ចាស់​ទីតាំង​អាជីវកម្ម​ឈ្មោះ​ហួត តារា ​ភេទ​ប្រុស​ អាយុ៣០​ឆ្នាំ ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​រា​ជានុ​កូ​ល ​សង្កាត់​ស្ទឹងត្រែង ​ក្រុង​ស្ទឹងត្រែង​។

លោក សុខ សេ​ដា ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រុង​ស្ទឹងត្រែង​ បាន​ឲ្យ​ដឹងថា​ វត្ថុតាង​ចាប់​យក​ដោយ​កម្លាំង​កង​រាជ​អាវុធហត្ថ​រួមមាន​ សាច់​ជ្រូកព្រៃ​ចំនួន​៤៥​គីឡូក្រាម ​អណ្តើក​ចំនួន​៣​ក្បាល​ ទម្ងន់​១៥​គីឡូក្រាម​ ក្រពះ​ប្រ​ម៉ា​ក្រៀម​ ចំនួន​៣ ​សត្វ​រញី​រស់​ចំនួន​៥​ក្បាល​ សត្វ​ត្រកួត​រស់​ចំនួន​៣​ក្បាល ​ទម្ងន់​១៦​គីឡូក្រាម​។

ក្រោយ​ធ្វើ​កំណត់ហេតុ​រួម ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ បាន​ប្រគល់​វត្ថុ តាង​ល្មើសច្បាប់​ ទៅ​ឲ្យ​ជំនាញ​ រដ្ឋបាល​ព្រៃឈើ​ បន្ត​នីតិវិធី​។​ សត្វព្រៃ​រស់​ត្រូវ​បាន ​នាំទៅ​សង្គ្រោះ​នៅ​តំបន់​មាន​សុវត្ថិភាព។​ ចំណែក​សាច់​ព្រៃ ​ត្រូវ​ដុត​កម្ទេច​ចោល​នៅ​បរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។

មតិ​សាធារណជន ​បាន​លើក​ឡើង​ថា ​​​​បើ​បទ​ល្មើស​ព្រៃ​ឈើ​ ​​សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​ ​ប្រឹង​បង្ក្រាប ​នឹង​ទប់ស្កាត់​ ​ដូច​​ចាប់​សត្វព្រៃ​នេះ មិន​ដឹង​ជា​ល្អ​យ៉ាង​ណាទេ! ​ តែ​​បទល្មើស​ព្រៃឈើ​​​​​ ​នៅតែ​កើត​មាន​រាល់ថ្ងៃ ​មាន​ឃុបឃិត​​ នឹង​បើក​ភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​យួន​ តាម​ច្រក​ទ្វារព្រំដែន​ ដែល​ភាគច្រើន​នាំចេញ​នៅ​ពេល​យប់​។ ​ ប្រភព​ដដែល ​បាន​បញ្ជាក់ថា​ ​បើ​អំពើ​ពុករលួយ​ នៅតែ​កើតមាន​ ហើយ​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​ដូច​សព្វថ្ងៃ​ គឺ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង​ ត្រូវ​វិនាស​ហិនហោច​អស់​ជាមិនខាន​៕