កម្មករ​ខេត្តតាកែវ ​ស្រូប​ប្រាក់កម្រៃ​បាន​ជាង​១០០​ ​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ

112

តាកែវ ៖ ​រោងចក្រ សហគ្រាស​ជាច្រើន ដែល​បាន​បង្កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា ​បានផ្តល់​ការងារ ​និង​ប្រាក់ កម្រៃ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​បច្ចុប្បន្ននេះ ​រោងចក្រ​សហគ្រាស​ជាច្រើន ​បាន​រីក​រាលដាល ​ដល់​បណ្តា​ខេត្ត​នានា ចូលរួម​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជនបទ​ និង​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក ដោយ​ប្រថុយប្រថាន​។

មន្ត្រី​មន្ទីរ​ការងារ ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ​ទឹកប្រាក់​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ត្រូវ​បាន​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅក្នុង​ខេត្តតាកែវ ​បាន​ចំណាយ​ទៅលើ ប្រាក់ខែ​កម្មករ​របស់ខ្លួន​ ដែល​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​នេះ​ វា​បាន​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​កម្មករ​ និង ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ​ ជាច្រើន ​កាន់​តែ​មាន​ភាពប្រសើរ​ឡើង​មួយ​កម្រិត​ទាប​។

លោក ម៉ឹង វី​រី​យ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ ​ខេត្តតាកែវ ​បាន​ឲ្យ​ដឹងថា រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កាន់​តែមាន ​ការរីកដុះដាល​នៅក្នុង​ខេត្តតាកែវ​។ ស្ថានភាព​នេះ ​បានធ្វើ​ឲ្យ​ចំនួន​កម្មករ ដែល​ធ្វើការ​ក្នុង​វិស័យនេះ​ ពីមុន ​មាន​ចំនួន​តែ​ជាង​៣​ម៉ឺន​នាក់ ឥឡូវ​បាន​កើន​ឡើង​រហូតដល់​ប្រមាណ​៤​ម៉ឺន​២​ពាន់​នាក់ ​ម្យ៉ាងទៀត ​កំណើន រោងចក្រ ​សហគ្រាស និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រៅពី​បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ជាច្រើន​នោះ​ វា​ក៏បាន​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ ​ទៅធ្វើ​ការ​នៅក្រៅ​ខេត្ត ​និង​ទៅ ប្រទេស​ថៃ​ផងដែរ​។

លោក​ បាន​បញ្ជាក់ថា ចំណូល​ប្រចាំខែ​របស់​កម្មករ ដែល​ធ្វើការ​នៅ​វិស័យ​ខាងលើនេះ ​គឺ​ទទួល​បាន មិន​ក្រោម​ពី​២​០០ដុល្លារ​ទេ​ក្នុង​មួយខែ​។​ រោងចក្រ សហគ្រាស និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់នេះ ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជិត​១០​លាន​ដុល្លារ​ក្នុង​មួយខែ ​ឬ​ចំណាយ​ប្រមាណ​១១០​លាន​ដុល្លារ ​ក្នុង មួយឆ្នាំៗ ​សម្រាប់​កម្មករ​ទាំង​ជាង​៤​ម៉ឺន​នាក់​នេះ​។ ​ទឹកប្រាក់​ដ៏​ច្រើន​នេះ​ បានធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ គ្រួសារ​របស់​កម្មករ​ក្នុង​ខេត្តតាកែវ ​។ ចំណែក ប្រជាពលរដ្ឋ​ដែល​ប្រកប​របប​លក់ដូរ ​ក៏​ទទួល​បាន​ផល​កម្រៃ​ពី ចំណូល​នេះ​ផងដែរ​៕