ភ្នំពេញ៖ នៅថ្ងៃ ១៩ ធ្នូ នាយឧត្តមសេនីយ៍ ជ័យសុន អគ្គលេខាធិការអាជ្ញាធរអាវុធគីមីនៃក្រសួងការពារជាតិ ឱ្យដឹងថា ក្នុងបេសកកម្មចុះពិនិត្យនិងវាយតម្លៃលើ សំណល់គ្រាប់បែកអាម៉េរិកដែលទម្លាក់លើទឹកដីកម្ពុជារបស់ក្រុមបច្ចេកទេសអង្គការហាមឃាត់អាវុធគីមី គឺ Organization for the Prohibition of Chemical Weapons ហៅកាត់ OPCW។
ក្រុមជំនាញរបស់ OPCW បានទទួលស្គាល់ថា សំណល់គ្រាប់បែករបស់អាម៉េរិក ដែលរក ឃើញនៅខែត្រមណ្ឌលគិរី, ត្បូងឃ្មុំ និង ស្វាយរៀង ពិតជាប្រភេទអាវុធគីមី ដែលប្រើក្នុង អំឡុងពេលសង្គ្រាមនាទសវត្សរ៍ ១៩៦០ និង ១៩៧០ ប្រាកដមែន។
យ៉ាងនេះក្ដី នាយឧត្ដមសេនីយ៍បញ្ជាក់បន្ថែមថា កម្ពុជាកំពុងរង់ចាំលទ្ធផលវិភាគ ដែលចេញជាផ្លូវការរបស់អង្គការនេះ ដែលនឹងបញ្ជូនមកកម្ពុជា នាពេលឆាប់ៗខាងមុខ។
សូមរម្លឹកផងដែរថា ក្រុមអ្នកជំនាញរបស់ OPCW បានមកកាន់កម្ពុជា តាមរយៈការស្នើសុំពី ភាគីកម្ពុជា ដើម្បីពិនិត្យមើលសំណល់គ្រាប់បែកដែលអាម៉េរិកទម្លាក់នៅអំឡុងសម័យសង្គ្រាមនៅកម្ពុជា។ ក្រោយមកដល់កម្ពុជា ក្រុមជំនាញរបស់ OPCW បានទៅពិនិត្យមើលលើ សំណល់គ្រាប់បែកអាម៉េរិក នៅក្នុងទឹកដីនៃខែត្រមណ្ឌលគិរី, ត្បូងឃ្មុំ និងស្វាយរៀង ព្រមទាំងបានរកឃើញថា គ្រាប់បែកដែលស្ថិតនៅតាមទីតាំងដែលបានពិនិត្យនោះ ពិតជាអាវុធ គីមីប្រាកដមែនផងដែរ៕