ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) សាងសង់​ប៉ម​ចម្រោះ​ទឹក​ស្អាត​ថ្មី ២​គ្រឿង​ទៀត​ជូន​ដល់​សហគមន៍​

105

ភ្នំពេញ៖ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) សហការ​ជាមួយ​មូលនិធិ​អង្គការ Planet Water បាន​នាំ​យក​នូវ​ប៉ម​ចម្រោះ ទឹក​ស្អាត​ចំនួន​២ ជូន​ដល់​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​កកោះ និង​វិទ្យាល័យ​ព្រៃ​ទូច ក្នុង​ខេត្ត​បាត់ដំបង ។

​​ប្រព័ន្ធ​ចម្រោះ​ទឹក Aqua Tower នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្សានុសិស្ស​ជាង ១៥០០ នាក់ នៃ​អនុវិទ្យាល័យ​ទាំង​២​នេះ ដែល​ពួកគេ​ភាគច្រើន​ធ្លាប់​ប្រើ​ប្រាស់ និង​ទទួលទាន​ទឹក​មិន​ស្អាត ចេញពី​ទឹកស្រះ រឺ​អណ្តូង សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​។ នេះ​គឺជា​គម្រោង​សាងសង់​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​៦ និង​ទី​៧ បន្ទាប់ពី​ប៉ម​ចម្រោះ​ទឹក​ស្អាត​ចំនួន ៥ ត្រូវ​បាន​សាងសង់ និង​ដាក់​អោយ​ប្រើប្រាស់​រួចរាល់​នៅក្នុង​ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និង​ខេត្តបន្ទាយមានជ័យ​។​

នៅក្នុង​ឱកាស​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ ប៉ម​ចម្រោះ​ទឹកស្អាត​នេះ លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​កិច្ចការ​សាធារណៈ​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​មាន​ប្រសា​ស​ន៍​ថ្ងៃ​ទី​១៩ ធ្នូ ២០១៧​នេះ​ថា​ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា មាន​មោទនភាព ដែល​មាន​វត្ត​មាននៅ​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ហើយ​ក្រុមហ៊ុន​បាន​ប្តេជ្ញាចិត្ត ក្នុង​ការកសាង​សហគមន៍​មួយ​ប្រកបដោយ​និរន្ត​ភាព។

ហើយ​គម្រោង​ទឹកស្អាត​នេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​គោល​ការ​ណ៏​និរន្ត​ភាព​នេះ​។ នៅក្នុង​ឆ្នាំ​២០១៧ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​) ​បាន​ពង្រឹង​ការប្តេជ្ញាចិត្ត​ក្នុង​ការនាំយក​ទឹកស្អាត ក៏ដូចជា​កម្មវិធី​អប់រំ​អំពី​អនាម័យ ដល់​សហគមន៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្តោតលើ​ភូមិ​-​ឃុំ​ដាច់ស្រយាល​ចំនួន​៧ នៅក្នុង​ខេត្តសៀមរាប កំពង់ស្ពឺ បាត់ដំបង និង បន្ទាយមានជ័យ​៕