មនុស្ស ១២​នាក់​បាត់​បង់​ជីវិត និង​ ២០​នាក់​រង​របួស​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ទេសចរមួយ​គ្រឿង​​នៅ​ប្រទេស​ម៉ិកស៊ិក​​​​​

102

ម៉ិកស៊ិក​៖ ក្រុម​មន្ត្រី​​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​​មនុស្ស ១២​នាក់​បាន​បាត់​បង់​ជីវិត និង​ ២០​នាក់​ផ្សេង​ទៀត​​រង​របួស​​កាល​ពី​​ថ្ងៃ​អង្គារ​ម្សិលមិញ​ បន្ទាប់​ពី​រថយន្ត​​ទេសចរ​មួយ​​គ្រឿង​​​បាន​ក្រឡាប់​​ នៅ​តាម​​ផ្លូវ​ហាយវ៉េ​​​​នា​ភាគ​​អាគ្នេយ៍​ប្រទេស​​ម៉ិកស៊ិក​។

គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​លើ​ដង​ផ្លូវ​​​ រវាង​​ទីក្រុង​​ទេសចរណ៍​ម៉ាហាហួល​ និង​ទីក្រុង​​កាហ្វេតាល់ស្ថិត​ក្នុង​​តំបន់​​​គ្វីនតាណារូ ហើយ​រថយន្ត​​ក្រុង​​ដឹក​​អ្នក​ទេសចរ​មួយ​គ្រឿង​នេះ​​មាន​ផ្ទុក​មនុស្ស​ ៣១​នាក់​កំពុង​បើក​បរ​ទៅ​កាន់​​តំបន់​បុរាណ​ស្ថាន​ឆាកកូប៊េន។ មិន​មាន​សេចក្ដី​​ថ្លែង​ការ​​ជា​ផ្លូវ​ការ​​ត្រូវ​គេ​ធ្វើ​ឡើង​ ​បញ្ជាក់​ពី​សញ្ជាតិ​​របស់​អ្នក​​ដែល​ជិះ​​នៅ​លើ​រថយន្ត​នោះ​ទេ​ តែ​ចំនួន​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ត្រូវ​គេ​ជឿ​ថា ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ។ ​យោង​តាម​​​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ដំណើរ​ទាំង​អស់​​នៅ​លើ​រថយន្ត​ក្រុង​​មួយ​គ្រឿង​នេះ​ បាន​ចូល​ទៅ​​ក្នុង​ប្រទេស​​ម៉ិកស៊ិក​​តាម​នាវា​ទេសចរណ៍​​ឈ្មោះ រ៉ូយ៉ាល់ ការីបៀន៕

អត្ថបទ៖ រិទ្ធី