នាយករដ្ឋមន្ត្រី​គ្រោង​នឹង​បង្កើត​ធនាគារ​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា

134

 

ភ្នំពេញ ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានប្រកាសថា​ គ្រោង​នឹង​បង្កើត​ធនាគារ​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ក្នុង​បំណង​ដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវការ​ក្នុងស្រុក​ និង​ការប្រកួតប្រជែង​នាំចេញ​ទៅ​ក្រៅប្រទេស​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ថ្ងៃទី​២០​ខែធ្នូ​នេះ​បាន​ថ្លែង​បញ្ជាក់​ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល កម្មករ​ជាង​១​ម៉ឺន​នាក់ ​នៅ​រោងចក្រ​តំបន់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ថា​ ថ្ងៃនេះ​ យើង​ចង់​បញ្ចេញ​សារ​ថា​ រាជរដ្ឋាភិបាល ​នឹង​បង្កើត​ធនាគារ​ធុន​តូច​និង​មធ្យម ​ដែល​គ្រោង​ប្រើ​ដើមទុន​១០០​លាន​ដុល្លារ​អាមេរិក ​មិនទាន់មាន​ជា​លាយលក្ខណ៍អក្សរ​ទេ តែ​នេះ​ សម្ដី​នាយករដ្ឋមន្ត្រី​ និយាយ​ហើយ​ត្រូវតែ​ធ្វើ​។

សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​បន្ថែមថា ​ពេលខាងមុខ​យើង​នឹង​ខិតខំ​បង្កើត​មុខរបរ​និង​ការងារ ​ធ្វើ​កាន់​តែច្រើន​ទៀត​សម្រាប់ ​ពលរដ្ឋ​របស់​យើង​បង្កើន​តម្រូវការ ​ក្នុងស្រុក​និង​ការនាំចេញ​របស់​យើង​ផងដែរ​។

សម្រាប់ លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ បាន​ថ្លែងថា ក្នុងនាម​វិស័យ​ឯកជន​គាំទ្រ​នូវ​ការ​ផ្ដួចផ្ដើម​គំនិត​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ហើយ​បញ្ហា​នេះ​កន្លងមក​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​តែងតែ​គិតគូរ​រឿង​នេះ​ដើម្បី​ជួយ​ដល់​សមាជិក​ (SME) ​នៅ​កម្ពុជា​ដែល​ខ្វះ​ទុន​ក្នុង​ការពង្រីក​អាជីវកម្ម​។

លោក​ បាន​ថ្លែង​ទៀតថា ​កន្លងមក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​បង្កើត​យុទ្ធសាស្ត្រ​ចតុកោណ ​ដំណាក់កាល​ទី​៣ គឺ​កាត់បន្ថយ​ផលិតផល​សម្រេច​ចូល​នឹង​បង្កើន​ការផលិត​ក្នុងស្រុក​ចេញពី​កសិកម្ម ​ជា​ផលិតផល​អាហារ​ដែល​នេះ​ គោលការណ៍​របស់​សហគ្រាស​ក្នុងស្រុក​ចង់បាន​ផងដែរ​។

សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​និង​ផ្តល់​ឱកាស​ការងារ​រហូត​ដល់​ទៅ ៧៣% ។ ទន្ទឹម​នោះ​ សហគ្រាស​ទាំងនោះ​កំពុង​តែ​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន​ ក្នុង​ការ​ប្រកប​អាជីវកម្ម ដែល​ក្នុង​នោះ​រួមមាន បញ្ហា​ហិរញ្ញប្បទាន​បច្ចេកវិទ្យា​ថ្មីៗ​ កង្វះខាត​ព័ត៌មាន និង​ការ​តភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រាស​មួយ​ទៅ​សហគ្រាស​មួយទៀត​នៅ​មានកម្រិត​។

សហគ្រាស​ធុន​តូច​ និង​មធ្យម​បាន​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ​ហើយ​ធាតុ​សំខាន់​របស់​សហគ្រាស​បាន​រំលេច​ចេញ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៣​ របស់​រាជរដ្ឋាភិបាល និង​គោល​យោ​បាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ផងដែរ​៕