សំរាម​តាម​ដងផ្លូវ​ក្នុងស្រុក​ស្ទឹងត្រង់ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន

86

 

កំពង់ចាម ៖ ​សំរាម​នៅតាម​ផ្លូវ​ក្រោយ​ផ្សារ​ស្រុក​ស្ទឹងត្រង់ ​ឆ្ពោះទៅ​បឹងកេត​ កំពុង​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព ប្រជាពលរដ្ឋ ​និង​បរិស្ថាន​ ដោយសារ​ក្លិនស្អុយ​បាន​សាយភាយ​។

ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាមផ្លូវ​ក្រោយ​ផ្សារ​ស្ទឹងត្រង់​ ក្នុងស្រុក​ស្ទឹងត្រង់ ​ខេត្ត​ កំពង់ចាម​ រិះគន់​ចំពោះ​ការ​ចោល​សំរាម​ពាស វាល​ពាស កាល ពី​សំណាក់​ក្រុមអាជីវករ ​ឬ​ អ្នករស់​នៅ​ក្បែរ ផ្សារ​នោះ ដែល​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន​ និង​សុខភាព​ប្រជាពលរដ្ឋ​។

សំរាម​ត្រូវ​បាន​គេ​យក​ទៅ​ចាក់​នៅតាម​សងខាង​ផ្លូវ ជាពិសេស នៅក្រោយ​ផ្សារ​ស្ទឹងត្រង់ ​ចំងាយ ប្រហែល​៣០០​ម៉ែត្រ​ ស្ថិតក្នុង​ឃុំ​ព្រែកកក់ ដែល​បាន​ជះក្លិន​ស្អុយ​ដល់​អ្នកធ្វើដំណើរ​។ ​ផ្លូវ​នេះ ជា​ផ្លូវ​មួយ សម្រាប់​ភ្ញៀវទេសចរ ​និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទៅ​ចម្ការកៅស៊ូ​បឹងកេត ​និង​ឆ្ពោះទៅ​ខេត្តក្រចេះ ផងដែរ​។

ប្រជាពលរដ្ឋ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នោះ បាន​ឲ្យ​ដឹងថា ​កន្លែង​គំនរ​សំរាម​នេះ ពីមុនមក អាជ្ញាធរ បាន​ហាមឃាត់ និង​មាន​ទីលាន​ចាក់សំរាម​ត្រឹមត្រូវ តែ​ពេលនេះ​បែរ​​ជា​អាជីវករ​និង​ប្រជាពលរដ្ឋ​វេច​ ខ្ចប់​សំរាម​មក​បោះចោល​ពាសពេញ​តាម​ដងផ្លូវ​នេះ​ទៅវិញ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក មាន​វិធានការ​ចំពោះ​បញ្ហា​នេះ​។

ពាក់ព័ន្ធ​នឹង​ករណី​ចោល​សំរាម​ពាសវាល​ពាសកាល​នេះ លោក ទុន ណេ​ត អភិបាលស្រុក​ស្ទឹង ត្រង់ បាន​ប្រាប់​ថា ​កន្លងមក លោក​បាន​ចាត់វិធានការ​ចំពោះ​បញ្ហា​នេះ ដោយ​ចុះ​ផ្សព្វ ​ផ្សាយ​ពី​បញ្ហា​អនាម័យ ​និង​ការ​ចោល​សំរាម​នៅ​តាម​ដងផ្លូវ ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សោ ភ័ណ​ភាព​ស្រុក​ទាំងមូល និង​មាន​វិធានការ​ផាកពិន័យ ​ប្រសិនបើ​ឃើញ​អ្នកណា​ចោល​សំរាម​នៅ​តាម​ផ្លូវ សាធារណៈ តាម​ផ្សារ ​តាម​មាត់ទន្លេ និង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​សម្អាត​បរិស្ថាន​ឲ្យ​ស្អាត​។

លោក​ បាន​ឲ្យ​ដឹងថា នៅក្នុង​ស្រុក​ស្ទឹងត្រង់​ មាន​កន្លែង​ចាក់សំរាម​ត្រឹមត្រូវ​។ ​លោក​បាន​អំពាវនាវ ជាថ្មីទៀត​ដល់​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ចំណែក​ថែរក្សា​ និង​សម្អាត​បរិស្ថាន​កុំ​ឲ្យ​មាន​សំរាម​ពាសវាល​ពាស កាល​៕