ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តស្វាយរៀង​ ធ្លាក់ចុះ​ ​តែ​ចំនួន​​អ្នក​​ស្លាប់ ​កើនឡើង​

119

ស្វាយរៀង ៖ ​ទោះជា​មានការ​ចុះ​ជួយ​ផ្សព្វផ្សាយ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ របស់​អនុ​គណៈកម្មាការ​សុវត្ថិភាព ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ​ជា​បន្តបន្ទាប់​នៅតាម​សាលារៀន ​ទីប្រជុំជន ពិសេស ផ្សព្វផ្សាយ​តាម​វិទ្យុ​ខេត្ត យ៉ាង​ណាក្តី ក៏​ការគ្រោះថ្នាក់​ចរាចរណ៍ ​ក្នុង​ឆ្នាំ​២០១៧​នេះ ​មាន​មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល​មានការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។

យោងតាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយ រៀង បាន​ឲ្យ​ដឹងថា​ ក្នុង​រយៈពេល​១​ឆ្នាំ​២០១៧​នេះ ដោយ​ចាប់ពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​១០ ខែ វិច្ឆិកា នៅ ទូទាំង​ខេត្ត មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៤៨​លើក បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ មានការ​ថយចុះ ​ចំនួន​២៩​លើក តែ​ចំនួន​មនុស្ស​បាន​កើន​ឡើង​ដល់​ទៅ​៦២​នាក់ ដែល​កាលពី​ឆ្នាំ​២០១៦ មាន​មនុស្ស​ស្លាប់​តែ​ចំនួន ៥៨​នាក់​តែប៉ុណ្ណោះ​។ ​ទន្ទឹម ​នឹង​ការ​ស្លាប់ នៅ​មាន​មនុស្ស​ចំនួន​៣៥៨​នាក់​ ផ្សេងទៀត ​បាន​រង​របួស​ធ្ងន់​ស្រាល​។

របាយការណ៍ ​បាន​បញ្ជក់​ថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​១​ឆ្នាំ​២០១៧​នេះ ​បណ្តាល​មកពី​ការ​បើកបរ មាន​ល្បឿន​លឿន ចំនួន​៤៣​លើក បត់​ឆ្វេង​ចំនួន​២៤​លើក ​មិន​គោរព​សិទ្ធិ​អាទិភាព​ ចំនួន​២៦​លើក ​មិន​ប្រកាន់​ស្ដាំ​ ចំនួន​២៧​លើក បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ចំនួន​៩​លើក ​បើកបរ​ក្នុង​ស្ថានភាព​ជែង​គ្រោះថ្នាក់ ​ចំនួន​១៧​លើក បើកបរ ក្នុង​ស្ថានភាព​សុខភាព​ ចំនួន​២​លើក និង​អ្នក​បើកបរ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព​១៨៤​នាក់ ធ្វើ​ឲ្យ​រថយន្ត​ធំ​ខូចខាត ១៧ គ្រឿង​ រថយន្ត​តូច ចំនួន​៤៤​គ្រឿង​ ម៉ូតូ ចំនួន​១៨៤​គ្រឿង គោយន្ត​ចំនួន​៣​គ្រឿង​ និង​កង់​ចំនួន​៦​គ្រឿង​។

ខេត្តស្វាយរៀង នៅក្នុង​រយៈពេល​១​ឆ្នាំ​២០១៧​នេះដែរ ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អនុវត្តតាម​ បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​តាម​សាលារៀន វត្ត​អារាម ទីប្រជុំជន ពិសេស អប់រំ​ដល់ក​ម្មករ ​អ្នក​ប្រកប​របរ​ដឹកជញ្ជូន​កម្មករ កម្មការិនី ​នៅ​តាម​រោងចក្រ សហគ្រាស ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស និង​ចែក​ខិត ប័ណ្ណ​ ច្បាប់​បើកបរ ច្បាប់​ទោស ទណ្ឌ​​បើកបរ ដល់​ស្រទាប់​យុវជន យុវនារី​ និង ប្រជា ពលរដ្ឋ​នៅ​ក្នុង​ខេត្ត ជា​រៀងរាល់​ខែ​ផងដែរ​៕