កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​៥,៦​លាន​នាក់ ​នៅ​ដំណាច់​ឆ្នាំនេះ​

382

ភ្នំពេញ ៖ ​​ប្រមុខ​ នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជា​សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​ថ្លែងថា ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ប្រមាណ​៥,៦​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ ​និង​បាន​អំពាវនាវ​ឲ្យ​មានការ ​បង្កើត​ផលិតផល ​នៅតាម​តំបន់​នីមួយៗ ដើម្បី​លក់​ជូន​ទេសចរណ៍​ជាតិ ​និង​អន្តរជាតិ​។

សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ពេល​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ការ​បើក​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​ កាលពី​ចុង​សប្តាហ៍​មុន​ថា​ វិស័យ​ទេសចរណ៍​កម្ពុជា ​កំពុង​តែ​មាន​ការ​រីក​ចម្រើន ​ដោយ​សម្តេច​ បាន​រំពឹងទុក​ថា​ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​៥,៦​លាន​នាក់​ នៅ​ដំណាច់​ឆ្នាំនេះ ។ សម្តេច​ បាន​បន្តថា​ ជាមួយ​នឹង​កំណើន​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរណ៍ ​អន្តរជាតិ​នេះ​ បណ្តា​ខេត្ត​នីមួយៗ​ត្រូវ​រៀបចំ​ឲ្យ​មាន​ខ្សែក្រវ៉ាត់​បៃតង ​គឺ​ការ​ដាំដុះ​បន្លែ និង​ចិញ្ចឹម​ត្រី​សាច់​ ដើម្បី​ផ្គត់ផ្គង់​ដល់​សេវាកម្ម​ភោជនីយដ្ឋាន​នានា​។

សម្តេច​តេ​ជោ ​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​នានា ជួយ​ចូលរួម​គាំទ្រ ​ផលិតផល​ខ្មែរ​ ហើយ​សហគមន៍​ទេសចរណ៍​នី​មួយៗ ត្រូវបង្កើត​ឲ្យ​មាន​ផលិតផល​សម្រាប់​លក់​ជូន​ភ្ញៀវ​ទេសចរណ៍​ ព្រោះ​ភ្ញៀវ​ទេសចរ​ ​អន្តរជាតិ​ មុន​ទៅ​ទស្សនា​នៅ​ប្រទេស​ណាមួយ​ ពួកគេ​តែង​ចង់​ទិញ​ផលិតផល ​ដែល​ផលិត​នៅ​ប្រទេស​នោះ​ ត្រលប់​ទៅ​ប្រទេស​កំណើត​ពួកគេ​វិញ​។

ជាមួយគ្នានេះ​ សម្តេច​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​នីមួយៗ ពង្រឹង​សណ្តាប់ធ្នាប់ ​និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ព្រោះ​បើ​មិន​មាន​សន្តិសុខ ​សណ្តាប់ធ្នាប់​ល្អ​ប្រសើទេ ​យើង​មិន​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​នោះ​ទេ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ឯកឧត្តម​ ថោង ខុន​ បាន​ថ្លែងថា​ កម្ពុជា​និង​សម្រេច​បាន​នូវ​កំណើន​ភ្ញៀវ​ទេសចរ ​អន្តរជាតិ ស្រប​នឹង​អ្វី​ជា​ការ​លើកឡើង​របស់​សម្តេច​តេ​ជោ ​ ព្រោះ​ការ​មកដល់​នៃ​ភ្ញៀវទេសចរ​ អន្តរជាតិ​ឆ្នាំនេះ ​បាន​កើនឡើង​ខ្ពស់ ធៀប​នឹង​ឆ្នាំ​២០១៦​កន្លងមកនេះ​។​

ឯកឧត្តម​ បន្តថា កម្ពុជា​ទទួល​បាន​កំណើន​ទេសចរ ​ពីរ​ខ្ទង់​ឡើងវិញ​នា​ឆ្នាំនេះ​ ដែល​ជា​សញ្ញា​ល្អ​ប្រសើ​ សម្រាប់​វិស័យ​នេះ ​ហើយ​ឯកឧត្តម​ នៅតែមាន​សុទិដ្ឋិនិយម​ សម្រាប់​កំណើន​ទេសចរណ៍​នៅ​បណ្តា ​ឆ្នាំ​ខាងមុខ ​ដោយសារ​កម្ពុជា​នៅតែ​រក្សា​បាន​នូវ​សុខ​សន្តិភាព ​ស្ថិរភាព​នយោបាយ ​ការ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ពី​កម្ពុជា​ ទៅកាន់​ពិភពលោក ​និង​ការ​តភ្ជាប់​ផ្លូវ​អាកាស​កាន់​តែ​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​៕