សហរដ្ឋ​អាមេរិក​​​ដាក់​ទណ្ឌកម្ម​ទៅ​លើ​បុរស​ ២​នាក់​​ដែល​ជា​អ្នក​​បង្កើត​កម្មវិធី​​នុយក្លេអ៊ែរ​​​​​ឲ្យ​​​កូរ៉េ​ខាង​ជើង

242

អាមេរិក៖ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​​ទៅ​លើ​មន្ត្រី​កូរ៉េ​ខាង​ជើង​ ២​នាក់​ដែល​គេ​និយាយ​ថា ជា​អ្នក​ដឹក​នាំ​​​ការ​​អភិវឌ្ឍន៍​​កម្ម​វិធី​នុយក្លេអ៊ែរ​​។ ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​កំណត់​​ឈ្មោះ​បុរស ២​នាក់​​គឺ​លោក​ គីម យ៉ុងស៊ីក និង​លោក រីព្យុង ឆុល ហើយ​បាន​និយាយ​​ថា អ្នក​ទាំង​២​ គឺ​ជា​អ្នក​ដឹកនាំ​​ដ៏​សំខាន់​​​ក្នុង​ការ​​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាង​ជើង។

ក្រុម​ប្រឹក្សា​សន្តិសុខ​​​អង្គការ​សហប្រជាជាតិ​​ បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ​​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ដើម្បី​ជា​ការ​ឆ្លើយ​​តប​ទៅ​នឹង​ការ​​បាញ់​សាកល្បង​ មីស៊ីល​បាលីស្ទិក​របស់​ប្រទេស​នេះ។ ចំណែក​ប្រទេស​កូរ៉េ​ខាង​ជើង​​បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​គឺ​​​ជា​​ទង្វើ​បង្ក​សង្គ្រាម​ ហើយ​ក៏​ដូច​ជា​ការ​​រាំង​ខ្ទប់​សេដ្ឋកិច្ច​​ទាំង​ស្រុង​ផង​ដែរ។ ​​​សូម​បញ្ជាក់​ថា បុរស​ទាំង​ ២​នាក់​នោះ​​ ជា​ទូទៅ​​តែង​តែ​​ថត​រូប​ជាមួយ​មេដឹកនាំ​​កូរ៉េ​ខាង​ជើង​ លោក គីម ជុងអ៊ុន នៅ​កន្លែង​​បាញ់​សាកល្បង​មីស៊ីល៕​​​​

អត្ថបទ៖ រិទ្ធី