ក្រុម​ឧទ្ទាម​ស៊ីរី​​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ហ៊ុមព័ទ្ធ​ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល

185

ស៊ីរី៖ ក្រុម​ឧទ្ទាម​ស៊ីរី​​បាន​​ផ្ដើម​ភៀស​ខ្លួន​ចេញ​​ពី​តំបន់​ហ៊ុមព័ទ្ធ​​មួយ​កន្លែង ​នៅ​ភាគ​​និរតី​ប្រទេស​ស៊ីរី​កាល​​ពី​ថ្ងៃ​សុក្រ​​ម្សិលមិញ​ ស្ថិត​​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​​ដោះស្រាយ​ចុះ​ចូល​ជាមួយ​​រដ្ឋាភិបាល ខណៈ​​ដែល​កង​ទ័ព​​ស៊ីរី​បាន​វាយ​លុក​​ខ្លាំង​ក្លា ​​ទៅ​ក្នុង​ភាគ​ពាយព្យ​​ដែល​នៅ​មាន​មូលដ្ឋាន​រឹង​មាំ​យ៉ាង​សំខាន់ ​​របស់​ក្រុម​​បះបោរ​នៅ​ទី​នោះ។

មន្ត្រី​ប្រចាំ​តំបន់​​សមរភូមិ​បាន​និយាយ​ថា នៅ​ពេល​ដែល​ក្រុម​បុរស​​ប្រដាប់​អាវុធ​​បាន​ចាក​ចេញ​ពី​បេតជីន​ហើយ​នោះ​ ភូមិ​មួយ​នេះ​នឹង​ប្រែក្លាយ​​ទៅ​ជា​ស្រុក​កំណើត​របស់​ស៊ីរី​វិញ។ ទី​តាំង​​បេតជីន​ស្ថិត​នៅ​ក្បែរ​​ទឹក​ដី​ដែល​​អ៊ីស្រាអែល​គ្រប់​គ្រង​​​ បាន​ក្លាយ​ទៅ​ជា​​ចំណុច​​យុទ្ធសាស្ត្រ​​ក្ដៅ​ បាន​​ផ្ដល់​តួនាទី​​ទៅ​ដល់​ក្រុម​​ហេសបូឡា​របស់​ប្រទេស​លីបង់​​ ដែល​ជា​សត្រូវ​ជាមួយ​អ៊ីស្រាអែល​​ នៅ​ពេល​ដែល​​ក្រុម​ហេសបូឡា​បាន​វាយប្រហារ​កម្ចាត់​ក្រុម​ឧទ្ទាម​​នៅ​ទី​នោះ​។ យោង​តាម​​អង្គការ​​ឃ្លាំមើល​​សិទ្ធិមនុស្ស​​ស៊ីរី​​ឲ្យ​ដឹង​ថា ​ការ​វាយ​រុល​​ទៅ​មុខ​របស់​​កង​ទ័ព​ស៊ីរី​​ ប្រឆាំង​​ក្រុម​ឧទ្ទាម​​នៅ​ភាគ​​ពាយព្យ​​បាន​ពាក់​ព័ន្ធ​ និង​ការ​ប្រយុទ្ធ​​ដ៏​ជូរចត់ និង​ការ​វាយប្រហារ​តាម​អាកាស ​​ជា​ច្រើន​យ៉ាង​ខ្លាំង​​ក្លា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​​ទៅ​ និង​ថ្ងៃ​​សុក្រ​ម្សិលមិញ​។ ​តំបន់​​ភាគ​ពាយព្យ​​ស្ថិត​នៅ​ក្នុង​​ខេត្ត​​អ៊ីតលីប ​​គឺ​ជា​ទឹក​ដី​ដ៏​សំខាន់​​បំផុត​​របស់​ក្រុម​ឧទ្ទាម​៕​​

អត្ថបទ៖ រិទ្ធី