ស្ថានីយ៍​ប្រេង​ឥន្ធនៈ​គួរ​ធ្វើ​ព្យារសកម្ម​ជា​ប្រចាំ​ដើម្បី​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​

193

ភ្នំពេញ៖ តំណាង​អ្នក​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​មាត្រា​សាស្រ្ត​ជាតិ​បាន​ថ្លែង​ថា​ បណ្តា​ស្ថានីយ៍​ប្រេង​ឥន្ឋនៈ​ ដែល​កំពុង​ផ្តល់​សេវា​ជូន​អតិថិជន ​បើ​មាន​ការ​សង្ស័យ​លើ​ខ្នាត​រង្វាស់​រង្វាល់​របស់​ខ្លួន ​គួរ​យក​ឧបករណ៍​ទាំង​នោះ​មក​ធ្វើ​ព្យារសកម្ម​ឬ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ ដើម្បី​ឲ្យ​អតិថិជន​មាន​ទំនុក​ចិត្ត​។

លោក ​ម៉េង ​សេរីវ៉ាត់ ​អនុ​ប្រធាន​មជ្ឈ​មណ្ឌល​មាត្រា​សាស្រ្ត​ជាតិ ​បាន​ថ្លែង ​នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារ​ព័ត៌មាន​ នៅ​មជ្ឈ​មណ្ឌល​មាត្រា​សាស្រ្ត​ជាតិកាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ​មន្ទីរ​ពិសោធន៍​របស់​មជ្ឈ​មណ្ឌល​មាត្រា​សាស្រ្ត​ជាតិ ​បាន​ធ្វើ​សេវា​កម្ម​ជា​សកល​ ក្នុង​នោះ​សម្រាប់​អ្នក​ផ្តល់​សេវា​ឬ​អតិថិជន​ណា ​ដែល​មាន​ឧបករ​ណ៍​លើ​ខ្នាត​រង្វាស់​រង្វាល់​ អាច​យក​ឧបរ​ណ៍របស់​ខ្លួន​មក​ពិនិត្យ​ ឬ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​បាន​ នៅ​តាម​ច្រក​ចេញ​ចូល​របស់​មាត្រា​សាស្ត្រ​ជាតិ​ ដើម្បី​ឲ្យ​មន្រ្តី​ ជំនាញ​ធ្វើ​ការ​ជូន​។

លោក​បាន​បន្ត​ថា​ ពា​ក់ព័ន្ធ​លើ​ខ្នាត​រង្វាស់​រង្វាល់​នេះ​ដែរ​ កន្លង​មក​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​បាន​អនុញ្ញាតិឲ្យ​នៅ​តាម​បណ្តា​ស្ថានីយ៍​នានា​ អាច​ប្រើ​ប្រាស់​ខ្នាត​រង្វាស់​រង្វាល់​ដោយ​ផ្ទាល់​ខ្លួន​បាន ​ប៉ុន្តែ​បើ​អតិថិជន​មាន​ការ​សង្ស័យ ​លើស្ថានីយ៍​ណា​មួយ​ លើ​ការ​ចាក់​សាំង​មិន​គ្រប់​ចំណុះ ​គឺ​អាច​សុំ​ឲ្យ​ស្ថានីយ៍​នោះ​យក​មក​វាស់​វែង​ជូន​បាន​ ព្រោះ​បច្ចុប្បន្ន​ស្ថានីយ៍​មួយ​ចំនួន​ធំ​ភាគ​ច្រើន​ ទទួល​បាន​ការ​ធ្វើ​ព្យារសកម្ម ​ពី​មជ្ឈ​មណ្ឌល​មាត្រា​សាស្រ្ត​ជាតិ​រួច​រាល់​ហើយ​ ។

លោក​ ម៉េង ​សេរីវ៉ាត់​បានបន្ត​ទៀត​ថា​ ចំណែក​ស្ថានីយ៍​ដែល​កំពុង​ផ្តល់​សេវា​នេះ​ដែរ​ បើ​មាន​ការ​សង្ស័យ​លើ​ខ្នាត​រង្វាស់​រង្វាល់​របស់​ខ្លួន​ គួរ​យក​ឧបករណ៍​ខ្នាត​រង្វាស់​រង្វាល់​ទាំង​នោះ ​យក​មក​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ ដើម្បី​ជៀស​វាង​ការ​ផ្តល់​សេវា​ជូន​អតិថិជន​មិន​បាន​ត្រឹមត្រូវ​ ដែល​ជា​ចំណុចធ្វើ​ឲ្យបាត់​បង់​អតិថិជន​ក្នុង​ អាជីវកម្ម​របស់​ខ្លួន​។

មជ្ឈ​ម​ណ្ឌល​មាត្រា​សាស្រ្តជា​តិ ​គឺជា​មជ្ឈ​មណ្ឌល​តែ​មួយ​គត់​ដែល​ទទួល​បាន​កម្រិត​ISO​ក្នុង​ការ​ផ្ទៀងផ្ទាត់​។ មជ្ឈ​មណ្ឌល​នេះ​មាន​ការិយាល័យ​ជំនាញ​ចំនួន​៧​ គឺ​សម្រាប់​ធ្វើ​ការ​លើ​ផ្នែក​ទម្ងន់ ​ផ្នែក​រង្វាស់​រង្វាល់ ​ចំណុះ ​ទែរ​ម៉ូម៉ែត្រ​ សីតុណ្ហភាព​ ពន្លឺ រំញ័រ អគ្គិសនី និងផ្នែកទឹកភ្លើងជាដើម៕