ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ស្វាគមន៍​ឆ្នាំ​ថ្មី​ជាមួយ​ពិធី​បាញ់​កាំជ្រួច​ភ្ញី​ដ៏​អស្ចារ្យ​

686

អាស៊ី​ប៉ាស៊ីហ្វិក​៖ ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ គឺជា​តំបន់​លើកដំបូង​ក្នុង​ពិភពលោក​ដែល ទទួលស្វាគមន៍​ឆ្នាំ​ថ្មី​ថ្ងៃ​ទី​១​ ខែ​មករា ដោយមាន​ពិធី​បាញ់​កាំជ្រួច​ភ្ញី​ដ៏​អស្ចារ្យ​។​ ប្រជាជន​នៅ​ក្នុងប្រទេស​នូវែលហ្សេឡង់ ​គឺជា​មនុស្ស​ដំបូង​គេ​ដែល​ស្វាគមន៍​ឆ្នាំ​ថ្មី​ ដោយមាន​ការ​បាញ់​កាំជ្រួច​ចម្រុះពណ៌​ក្បែរ​អគារ ​Sky Tower ក្នុង​ទីក្រុង Auckland។

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ប្រជាពលរដ្ឋ​អូស្ត្រាលីបាន​ប្រារព្ធ​តាម ​ដោយ​ការ​បង្ហាញ​ពិធី​ប្រចាំ​ឆ្នាំ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​កំពង់ផែ​ស៊ីដនី​។​ ​នៅ​ឯ​ប្រទេស​ចិន​ឯណោះ​វិញ​មនុស្ស​រាប់​ពាន់​នាក់ ​ប្រមូលផ្ដុំ​គ្នា​នៅ​កំពង់ផែ​វី​ក​តូ​រី​យ៉ា​ក្នុង​ទីក្រុង Hong Kong ដើម្បី​ទស្សនា​ពិធី​បាញ់​កាំជ្រួច​រយៈពេល​ ១០​នាទី​ចេញពី​​កោះ​ និង​សមុទ្រ​។​ ក្នុង​ពេល​ដំណាល​គ្នា​នោះ​ដែរ​ពិធី​ជួបជុំគ្នា​រីករាយ​ឆ្នាំ​២០១៧៨ ឬ “2018 Happy Together”​ ត្រូវបានធ្វើឡើង​នៅអគារ​ទីក្រុង​តៃប៉ិ​កម្ពស់​ ១០១​ជាន់​ដែល​ជា​អគារ​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​កោះ​តៃវ៉ាន់​។

​​នៅ​ប្រទេស​ជប៉ុន​កាំជ្រួច​ចំនួន​ ៣០០០​ដើម​ត្រូវ​បាន​ដុត​បំភ្លឺ​ពាសពេញ​ផ្ទៃមេឃ​នៃ​ទីក្រុង Yokohama ជាទី​ដែល​មនុស្ស​រាប់​ម៉ឺន​នាក់​ប្រមូលផ្ដុំ​គ្នា ​នៅ​សួនឧទ្យាន​កម្សាន្ត Sea Paradise Aquarium ដែល​ជា​និមិត្តរូប​របស់​ប្រទេស​ជប៉ុន​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី។​ បើ​ទោះ​ជា​មាន​ភាព​តានតឹង​កំពុង​កើន​ឡើង ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ក្ដី តែ​ប្រជាពលរដ្ឋ​កូរ៉េខាងជើង​បាន​ស្វាគមន៍​ឆ្នាំ​២០១៨ ដោយ​ពិធី​បាញ់​កាំជ្រួច​នៅ​លើ​ផ្ទៃ​ទន្លេ Taedong ក្នុង​ទីក្រុង​ Pyongyang។​ ប្រទេស​ចុង​ក្រោយ​គឺ​ប្រទេស​ថៃ បាន​ចូលរួម​ជូនពរ​ឆ្នាំ​ថ្មី​បួងសួង​សុំ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​ភាព​រីកចម្រើន ​និង​សុភមង្គល​ នៅ​លើ​ស្ពាន​ជា​ប្រវត្តិសាស្ត្រ​នៅ​លើ​ដង​ទន្លេ Kwai ក្នុង​ខេត្ត Kanchanaburi៕
អត្ថបទ៖ សុខ​មាន