ការ​តវ៉ា​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៥ ​បន្ទាប់​ពី​មនុស្ស​ ១៣​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ភាព​ចលាចល​ដ៏​អាក្រក់​នៅ​អ៊ីរ៉ង់​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​ មក

262

អ៊ីរ៉ង់៖ ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​បង្ហាញ​ពី​អគារ​មួយ​ចំនួន​ កំពុង​ឆាបឆេះ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ​ខណៈ​ការ​តវ៉ា​ក្នុង​ប្រទេស​អ៊ីរ៉ង់​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៥។​​មនុស្ស​ចំនួន ​១៣​នាក់​ត្រូវ​គេ​រាយការណ៍​ថា ​បានបាត់​បង់ជីវិត​ក្នុង​ស្ថានភាពដែលបាន​ក្លាយ​ជា​ការ​តវ៉ា ​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ​បំផុត​ប៉ះពាល់​ដល់​ប្រទេស​មួយ​នេះ ក្នុង​រយៈពេលជិត​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​។ ​ក្រុម​មន្ត្រី​អ៊ីរ៉ង់​បាន​និយាយ​ថា​ បាតុករ​ម្នាក់​បាន​បាញ់សម្លាប់​នគរបាល​ម្នាក់​ អំឡុង​ពេល​ការ​តវ៉ា​កាលពី​ថ្ងៃ​ច័ន្ទ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ជា​ការ​ស្លាប់​លើកដំបូង ​ក្នុងចំណោម​កងកម្លាំង​សន្តិសុខ​ដែល​កំពុង​ទប់ទល់​នឹង​ភាព​ចលាចល​នេះ​។ ​រូបភាព​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ​បង្ហាញ​ពី​បាតុករ​មួយ​ក្រុមកំពុង​ប្រឈម នឹងកាណុង​បាញ់​ទឹក​ពី​សំណាក់​កងកម្លាំង​សន្តិសុខ។

​​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani កំពុង​ព្យាយាម​សម្រាល​ការ​តវ៉ា​ហិង្សា​ ដែល​បាន​ផ្ទុះឡើងកាលពី​ថ្ងៃ​ព្រហស្បតិ៍ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​ និង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ ​និង​បាន​រីក​រាលដាល​ពាសពេញទីក្រុង​តូចធំចំនួន​ ៥០ផ្សេងទៀតរបស់​ប្រទេស ដែល​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​មនុស្ស​រាប់​រយ​នាក់​។​ លោក​បាន​អំពាវនាវ​តាម​កញ្ចក់​ទូរទស្សន៍កាលពី​ថ្ងៃអាទិត្យ​ សូម​ឲ្យ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​លើក​ឡើង​ថា ពលរដ្ឋ​អ៊ីរ៉ង់​មាន​សិទ្ធិ​រិះគន់​អាជ្ញាធរ ប៉ុន្តែ​ត្រូវតែស្ថិត​ក្រោម​ច្បាប់​របស់​ប្រទេស៕
​អត្ថបទ៖ សុខ​មាន