តុលាការ​ខេត្ដ​សៀមរាប​ ៖ មេ​ប៉េអិម​​​នៅ​ស្រុក​វ៉ារិន ​នឹង​ត្រូវ​មានទោស ​ករណី​ប្រើ​ហិង្សា​លើ​យុវជន

127

សៀមរាប ៖ ​កាលពី​ថ្ងៃទី​៣១ ​ខែធ្នូ​ឆ្នាំ​២០១៧ ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក ​និង​ ជា​មេ​ស្នាក់​ការ​លេខ​៦៧២ ​ប្រចាំ​ស្រុក​វ៉ារិន និង​កូនប្រុស​ម្នាក់​ បាន​បើក​រថយន្ត​ថយក្រោយ​ ចុះ​មក​វ៉ៃ​យុវជន​ម្នាក់ ​​ប្រមាណ​​ជា​១០​ដៃ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ​ខណៈដែល​ខ្លួន ​ស៊ីផ្លេ​ឡាន​សុំ​វ៉ា​ មិនបាន​តាម​បំណង​។​

ក្រោយពី​វាយ​ឲ្យ​របួស​ហើយ ​លោក​មេបញ្ជាការ រ​ង​រូបនោះ ​បាន​បញ្ជា​កម្លាំង​ឲ្យ​លើក​ម៉ូតូ ​និង​នាំ​ខ្លួន​ជនរងគ្រោះ​យក​ទៅ​កាន់​ស្នាក់​ការ​សម្រួល​បញ្ចប់​រឿង​។​ ប៉ុន្ដែ​ករណីនេះ​ លោក​ កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​ នៃ​សាលាដំបូង​ខេត្ដ​សៀមរាប ​បានឲ្យដឹងថា លោក ហេ យ៉ែម ហៅ​ដូ ​និង​កូនប្រុស​ម្នាក់ទៀត ​នឹង​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បា​ប់ បើ​សិន​រកឃើញថា ​បាន​ប្រើ​ហិង្សា​មក​លើ​យុវជន​ម្នាក់ អោយ​របួស​ កាលពី​ថ្ងៃទី​៣១​ធ្នូ ​ឆ្នាំ​២០១៧ ​កន្លង​មក​។

កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣១​ ខែធ្នូ​ឆ្នាំ​២០១៧​ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦៧ (​ផ្លូវ​ហាយ​វេ​)​ ដែល​ត​ភ្ជាប់​​ពី​ផ្លូវជាតិ​លេខ​៦​ ទៅកាន់​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​មេបញ្ជាការ ​រ​ង ​និង​ជា​មេ​ស្នាក់ការ​លេខ​៦៧២ នៃ​អាវុធហត្ថ​ស្រុក​វ៉ារិន ​មានឈ្មោះ ហេ យ៉ែម​( ហៅ​ដូ​) ​មាន​ឋានៈ​ជា​វរៈសេនីយ៍​ត្រី​(​ស័ក្ដិ​៤) និង​កូនប្រុស​ជា​ជន​ដៃដល់ ​បាន​បើកឡាន​ម៉ាក​វីហ្គោ ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​សៀមរាប​2B2122 ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ជន​ដៃដល់​ជា​អ្នក​បើក ​ប៉ុន្ដែ​មកដល់​ចំណុច​កើតហេតុ​ កូនប្រុស​លោក​មេ​ប៉េអិម​រង​រូបនោះ ​បាន​វាយ​ដុំ​យុវជន​ម្នាក់​គ្រោះ​ចំនួន​១០ ​ដៃ​បណ្ដាល​អោយ​រង​រ​បួស បន្ទាប់​ពី​កូន​ប៉េអិម ​រូបនោះ ​បើក​រថយន្ដ​ វ៉ា​​ មិនបាន​លឿន​ដូច​បំណង​។ ​យុវជន​រងគ្រោះ​មានឈ្មោះ ​ឃឹម បូ​ទី អាយុ​១៧​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ​(​អ្នក​ចំណូល​ថ្មី​)​ ជិះ​ម៉ូតូ​ម៉ាក ​និក ​ក្នុង​ដំណើរ​ស្រប​ទិស ​ពី​ជើង​ទៅ​ត្បូង​។

ស្ត្រី​ជា​សាច់ញាតិ​ជនរងគ្រោះ បានឲ្យដឹងថា ប្អូន​របស់ខ្លួន​ បាន​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង ​ហើយ​កាច់​ស៊ីញ៉ូ ​បម្រុង​បត់​ ស្របពេលនោះ​ឡាន​ជន​បង្ក​បាន​មក​ដល់​ ក៏​ស៊ី​ផ្លេ​ មិន​ឲ្យ​បត់​។ ​ពេលនោះ​ម៉ូតូ​ក៏​មិនបាន​ឈប់ ​តែ​ត្រូវ​ឡាន​នោះ​ឈប់​ពីមុខ​ហើយ​ចុច​កញ្ចក់​ស្រែក​ស្តី​បន្ទោស​ រឿង​បម្រុង​បត់​មិន​មើល​។ ភ្លាមនោះ ​ប្អូនប្រុស​តប​វិញ​ថា ​អត់​អី​ផង​មាន​បត់​ទេ​ ប៉ុន្ដែ​បែរ​​ជា​កូនប្រុស​លោក​ស័ក្ដិ​៤ ​ថយ​ឡាន​ មក​ក្រោយ​បើកទ្វារ​ចុះ​វ៉ៃ​. វ៉ៃ​ហើយ​. វ៉ៃ​ទៀត រហូត​ជាង​១០​ដៃ​បណ្តាល​ឲ្យ​ប្អូនប្រុស​រង​របួស​ទន់​ខ្លួន​ ទើប​ឈប់​។ ក្រោយពេល​វ៉ៃ​ហើយ ​នាំខ្លួន​ប្អូនប្រុស​យក​ទៅ​កាន់​ស្នាក់ការ​លេខ​៦៧២ ​សម្រួល​បញ្ចប់រឿង ​ដោយ​មិន​សង ​សូម្បីតែ​១០០​រៀល​។ ​ស្ត្រី​ដដែល ​បញ្ជាក់ថា ​មេ​ប៉េអិម​រង​ស្រុក​វ៉ា​រិ​ន​ រូបនោះ ​ មិនបាន​​ឃាត់​កូន​របស់ខ្លួន​​នោះ​ទេ ​មានតែ​ញុះ​ឲ្យ​វ៉ៃ​ រហូត​ទ្រម ខ្លួន​ថែម​ទៀតផង​។​

ស្ត្រី​ជា​សាច់ញាតិ​របស់​យុវជន​រងគ្រោះ ​បាន​បញ្ជាក់ថា ​ករណីនេះ​ បាន​បញ្ចប់​ហើយ​ ដោយសារ​មិន​ហ៊ាន​ប្ដឹងតវ៉ា​ ព្រោះ​ភ័យខ្លាច​អំណាច​មេ​ប៉េអិម​ឈ្មោះ ហេ យ៉ែម​ នោះ ​ក៏​សុខ​ចិ​ត្ដ​នាំ​ប្អូនប្រុស​ទៅ​ចាក់​ថ្នាំ ​ដោយ​ចំណាយ​លុយ​ខ្លួនឯង ​ព្រោះ​ការ​ប្ដឹង​ផ្ដល់​នាំ​អោយ​គេ​ធ្វើបាប​នៅ​ថ្ងៃក្រោយ ​ខណៈដែល​ពួកគេ​ជា​អ្នក​ចំណូល​ថ្មី ​ ហើយ​រស់​នៅតែ​ពីរ​នាក់​បងប្អូន​។ ​ប៉ុន្តែ​ទោះជា​យ៉ាងណា ​ស្ដ្រី​រូបនោះ ​ចង់​ឲ្យ​នគរបាល​ប៉ុស្តិ៍ ចាត់វិធានការ​ជន​បង្ក​ខាងលើ​តាម​ផ្លូវ​ច្បាប់​ដែរ​។

ករណីនេះ ​លោក ហុង ប៉ូ​ហេង​ អធិការ​ស្រុក​វ៉ារិន បាន​បង្វែរ​សំណួរ​ទៅ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ ឃុំ​ស្រែ​ណូយ​។​ មន្ត្រីនគរបាល​ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ណូយ​ បានបញ្ជាក់ ​ពិតជា​ការ​វាយ​ដុំ​យុវជន​នោះ​ប្រាកដ​មែន ​ដោយសារ​រឿង​ស៊ី​ផ្លេ​ឡាន​សុំ​វ៉ា​មិនបាន​ដូច​ចិ​ត្ដ​។ ​ចំណែក​លោក ហេ យ៉ែម ហៅ​ដូ មេ​ប៉េអិម​រង​ស្រុក​វ៉ារិន ​និង​ជា​ឪពុក​ជនដៃដល់ ​អោយ​ដឹងថា ​លោក​កំពុង​ជាប់រវល់​៕