ឆ្នាំ​២០១៧​កន្លងទៅ​​ គ្រោះថ្នាក់​ចរាចរណ៍​ បាន​សម្លាប់​មនុស្ស ​១៧៨០​នាក់​

131

ភ្នំពេញ ៖ ​ បើទោះបី​ ក្នុង​ឆ្នាំ​២០១៧ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ មានការ​ថយ​ចុះ​បើ​ធៀប​នឹង​ឆ្នាំ ២០១៦ ​ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​មាន​ការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ។ ​នេះ​បើ​យោង​តាម​តាម​របាយការណ៍ ​ពី​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ ​និង​សណ្តាប់ធ្នាប់​សាធារណៈ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ​។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ ​ដែល​ទទួល​ បាន​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ នេះ ​បាន​បង្ហាញថា ​ចាប់ពី​ខែមករា ​ដល់​ខែធ្នូ ឆ្នាំ​២០១៧ គ្រោះ​ថ្នាក់​ ចរាចរណ៍​បាន​កើត​ឡើង​ចំនួន​ ៣,៥៣១​លើក​ លើ​៣,៧០០​លើក ​ថយចុះ​ចំនួន ១៦៩​លើក ​ស្មើនឹង ៤​ភាគរយ រីឯ​អ្នក​ស្លាប់​មាន​ចំនួន ១,៧៨០​នាក់ លើ​១,៧១៧​នាក់ មានការ​កើន​ឡើង​ចំនួន ៦៣​នាក់​ ស្មើនឹង ៤​ភាគរយ​ និង​របួស​មាន​ចំនួន ៥,៥៣៩​នាក់​ លើ​៦,៦០៧​នាក់ ​ថយ​ចុះ​ចំនួន ១,០៦៨​នាក់ ​ស្មើនឹង ១៦​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ ។

របាយការណ៍​ ដដែល​ បាន​បញ្ជាក់ថា ​ខេត្ត ដែល​មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​មាន ខេត្ត កណ្តាល​, ព្រះវិហារ​, កំពង់ចាម​, កំពត​, ស្ទឹងត្រែង​, សៀមរាប​, កំពង់ធំ​, ស្វាយរៀង​, ព្រះសីហនុ​, កោះកុង​, មណ្ឌលគិរី​, កំពង់ស្ពឺ​, ពោធិ៍សាត់​, ប៉ៃលិន ។

កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុង​ពិធី​បិទ​មហាសន្និបាត​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា​អាណត្តិ​ទី​៤ ​ សម្តេច​ក្រ​ឡាង​ហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​រួមគ្នា​រឹត​បន្តឹង​ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្មាន​មួក​សុវត្ថិភាព​បន្ថែម​ទៀត ខណៈ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​គ្មាន​មួក​សុវត្ថិភាព​មានការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ។

សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន ​គឺ​មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់ ហើយ​អ្នក​ដែល​គ្រោះថ្នាក់​ដល់​ជីវិត​ច្រើន​ជាងគេ​នោះ ​គឺ​អ្នក​ដែល​ជិះ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ពោល​ គឺ​រហូតដល់​៧៨​ភាគរយ ។ តែ​យ៉ាង​ណាក្តី​សម្តេច ​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់​អង្គភាព​ទាំងអស់ ​ត្រូវតែ​រឹត​បន្តឹង​បន្ថែមទៀត ​ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ធ្លាក់​មក​នូវ​តិចតួច​បំផុត ៕