ពាក្យ​មួយ​ឃ្លា​របស់​ឪពុក​ធ្វើ​ឲ្យ​បងប្អូន​ត្រកូល «​កែវ​» ល្បីឈ្មោះ​ក្នុង​ពិភព​បាល់ទាត់​ដល់​សព្វ​ថ្ងៃ

83

បាល់ទាត់៖ ផ្ដើម​ចេញពី​ការ​ស្រលាញ់ និង​មានការ​គាំទ្រ​ពី​សំណាក់​ក្រុម​គ្រួសារ ពិសេស​ឱ​ពុកដែល​ជា​អ្នក​ចូលចិត្ត​លេង​កីឡា ដើម្បី​សុខភាព​ម្នាក់បាន​ជំរុញ​ឲ្យ​បងប្អូន​ត្រកូល «​កែវ​» មាន​កីឡាករ កែវ សុខ​ង៉​ន និង​ប្អូនប្រុស​កីឡាករ កែវ សុខ​ផេង ដាក់ចិត្ត​លេង​បាល់​រហូត​ទទួល​បាន​ជោគជ័យ​រៀង​ៗ​ខ្លួន។

ជាមួយ​នឹង​ការ​ទទួល​បាន​ផ្លែផ្កា​ក្នុង​អាជីព​លើ​សមរភូមិ​វាលស្មៅ​នេះ​ដែរ គឺ​កើត​ចេញពី​ពាក្យ​ផ្ដាំផ្ញើ​មួយ​ឃ្លា​របស់​ឪពុក​ខ្លួន ពោល​គឺ “​បើ​លេង​បាល់ទាត់ត្រូវ​លេង​ឲ្យ​ល្បី បើ​លេង​មិន​ល្បីមិនបាច់​លេង​ទេ​”។ នេះ​គឺជា​សម្ដី​របស់​លោក កែវ សុវណ្ណ​ភូមិ ឪពុក​បង្កើត​របស់​កីឡាករ​ឆ្នើម​ៗ​ទាំងពីរ។​ ថ្លែង​ប្រាប់​ក្រុមការងារ BTV ក្នុង​ឱកាស​ជូនដំណឹង​កូនប្រុស​គឺ​កីឡាករ កែវ សុខ​ផេង ដែល​ចាក​ចេញពី​កម្ពុជាទៅប្រទេស​ម៉ាឡេស៊ី ដើម្បី​បន្ត​អាជីព​ជាមួយ​ក្លឹប​ថ្មី PKNP FC កាលពី​ម្សិលមិញ លោក កែវ សុវណ្ណ​ភូមិ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​កូនប្រុស ២​នាក់ ចូល​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់ លោក​មានការ​សប្បាយ​រីក​រាយ​ជា​ខ្លាំង ចំពោះ​ការ​ខិត​ខំ​របស់​ពួកគេរហូត​ធ្វើ​ឲ្យ​ក្ដី​ស្រ​ម៉ៃ​របស់​លោក​បាន​ក្លាយ​ជា​ការពិត ជាមួយ​នឹង​ជោគជ័យ​របស់​ពួកគេដោយ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្អ​ក្នុង​ស្រុក ហើយ​ថែមទាំង​មានឱកាស​ទៅលេង​ក្រៅ​ស្រុក​ថែមទៀត។

ជាមួយគ្នា​នោះ​ផង​ដែរអតីត​សមាជិក​ក្លឹប​ភ្នំពេញ​ក្រោ​ន កីឡាករ កែវ សុខ​ផេង ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ជា​ការពិត​ជោគជ័យ និង​ការសម្រេចចិត្ត​ទៅលេង​នៅ​ម៉ាឡេស៊ី​លើកដំបូង​នេះ ដោយសារ​មានការ​គាំទ្រ​ពី​ក្រុម​គ្រួសារ ពិសេស​គឺ​ឪពុក​របស់​ខ្លួនដែល​តែងតែ​ជំរុញ។ យ៉ាងណាមិញ​គេ​បាន​ប្ដេជ្ញា​ចិត្តនឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ក្រៅ​ស្រុក សម្រាប់​តបស្នង​នឹង​ការ​ផ្ដល់​ក្ដី​ស្រលាញ់​របស់​ក្រុម​គ្រួសារ​របស់​ខ្លួន។ សូម​បញ្ជាក់​ថា កាលពី​ម្សិលមិញ កែវ សុខ​ផេង បាន​ធ្វើ​ដំណើរ​ទៅលេង​ឲ្យ​ក្លឹប​ថ្មី​នៅ​លី​ហ្គ​កំពូល​ម៉ាឡេស៊ីគឺ​ក្លឹប​ PKNP FC ហើយក៏​ជា​លើកដំបូង ដែល​សមាជិក​ក្រុម​ជម្រើស​ជាតិ​រូប​នេះ​បាន​លេង​ក្រៅ​ស្រុក។ ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ជោគជ័យ​របស់​ប្អូនប្រុសកីឡាករ កែង សុខ​ង៉​ន ដែល​ជា​បងក៏​ធ្លាប់​បាន​កសាង​កេរ្តិ៍ឈ្មោះ​ជាមួយ​ក្លឹប Samut Sakhon នៅ​លី​ហ្គ​កំពូល​ថៃកាលពី​ឆ្នាំ​២០១១ និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ជាច្រើន​រដូវ​កាល​ផង​ដែរ៕

អត្ថបទ៖ លី ឈុន​ឡា