កាលបរិច្ឆេទ​ការ​ប្រកួត​ពានរង្វាន់​ហ៊ុនសែន​ខាប់​ឆ្នាំ​២០១៨ ​នឹង​ចាប់ផ្ដើម​​នៅ​ខែ​កុម្ភៈ ខណៈ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លីហ្គ​ចាប់ផ្ដើម​ខែ​មីនា​

66
ពាន Metfone Cambodia League

បាល់ទាត់៖ ​ការប្រកួត​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ឆ្នាំ​២០១៨ នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ខែ​កុម្ភៈ​ខាងមុខ ស្រប​ពេល​ពេល​រង្វាន់​លីហ្គ​កំពូល​កម្ពុជានឹង​ដំណើរការ​នា​ខែ​មីនា​តទៅ​។ នេះ​បើ​តាម​ការ​ជូន​ដំ​ណឹង​ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា CNCC។

​​តាម​លិខិត​ជូនដំណឹង​ទៅ​តាម​ក្លឹប​កាលពី​ថ្ងៃ​ទី​២៦ ​ខែ​ធ្នូ​ឆ្នាំ​២០១៧ CNCC បាន​បញ្ជាក់​ថា ហ៊ុន​សែន​ខាប់ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈដល់​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០១៨​។ ចំណែក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លីហ្គនឹង​ប្រកួត​ពី​ថ្ងៃ​ទី​០៣​ ខែ​មីនាដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ​តាម​ដំណឹង​លេច​លឺក្រៅផ្លូវការ​ ក្រុម​នៅ​លីហ្គ​កំពូល​កម្ពុជា​នឹង​បង្កើន​ដល់ ​១៤​ក្រុម​ដោយ​គិរីវង់​សុខ​សែន​ជ័យ និង​ស៊ីម៉ាក់មិន​ត្រូវ​កាត់​ទៅ​លីហ្គ​លំដាប់​ទី​២​ ឡើយ​។ យ៉ាង​ណាក្តីថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ ​ពុំ​ទាន់​បញ្ជាក់​ពី​ពាក្យ​ចចាមអារ៉ាម​នេះ​ឡើយ​។

​​ចំពោះ​ពានរង្វាន់​សម្ដេចទំនងជា​ប្រើ​រូបមន្ត​ជម្រុះ​តាម​ជុំ​ មុននឹង​ឡើង​មក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូច​ឆ្នាំនេះ ដែល​នឹង​ផ្ដល់​ការប្រកួតប្រជែង​តាម​កម្រិត​ដល់​ក្រុម​ខេត្ត​។ រូបមន្ត​នេះ​បាន​កាត់​បន្ថយ​គ្រាប់​ស៊ុត​ជាច្រើន ផ្ទុយ​ពី​ឆ្នាំ​២០១៦​ ដែល​មួយ​ប្រកួតក្រុម​លីហ្គ​ស៊ុត​ក្រុម​ជម្រើស​ខេត្ត​ដល់​ជិត​ ៣០​គ្រាប់​ក៏​មាន​។ ​គួរ​បញ្ជាក់​ថា ក្រុម​ការពារ​តំណែង​ជើងឯក​ហ៊ុនសែន​ខាប់​រដូវ​កាល​ថ្មី​នេះ ​គឺព្រះខ័ន​រាជ​ស្វាយរៀង ចំណែក​លីហ្គ​កំពូល​កម្ពុជា​នៅតែ​ជា​បឹងកេត​អែ​ហ្វ​ស៊ី​៕
អត្ថបទ​៖ ង៉ែត វុទ្ធី