សមត្ថកិច្ច​ នឹង​ចាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​ពាក់មួក​សុវត្ថិភាព​ ខណៈ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើន​ឡើង​ខ្ពស់

51

ភ្នំពេញ ៖ ​អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាប់​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​ គ្នា​ខណៈ​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ពុំ​ពាក់មួក​សុវត្ថិភាព ​មានការ​កើន​ឡើង​ខ្ពស់​រហូតដល់​៧៨​ភាគរយ​ក្នុងចំណោម​អ្នកស្លាប់​ ដោយ​គ្រោះថ្នាក់​ពេល​ជិះ​ម៉ូតូ​គ្មាន​មួក​សុវត្ថិភាព​នោះ​។

ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨ របស់​អនុ​គណៈកម្មការ​ទី​២ ​នៃ​គណៈកម្មការ​ជាតិ សុវត្ថិភាព​ ចរាចរណ៍​ផ្លូវគោក​ នៅ​អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិ​ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ ​និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​នា​ថ្ងៃទី​៣​ ខែមករា​ ឆ្នាំ​២០១៨​នេះ​ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ចន្ទថារិទ្ធ ​អគ្គ​ស្នងការរង ​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៧​ កន្លងទៅនេះ ​គឺមាន​ការធ្លាក់ចុះ ​ក៏ប៉ុន្តែ​អ្នក​ស្លាប់​មានការ​កើន​ឡើង​ទៅវិញ​។

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៧​ បាន​កើតឡើង​ចំនួន​៣,៥៣១​លើក ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១,៧៨០​នាក់ និង​រង​របួស​ចំនួន​៥,៥៣៩​នាក់ ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ​មាន​អ្នក​ស្លាប់​ចំនួន​១៦៨​នាក់​ ខេត្តកណ្តាល​ ចំនួន​១៦០​នាក់ ​និង​ខេត្តកំពង់ធំ ចំនួន​១២៤​នាក់​។

បន្ទាប់ពី​គណៈកម្មការ​ពិនិត្យឃើញ អត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន ការ​កើនឡើង​នោះ​ គឺ​ភាគច្រើន​កើត​ចេញពី​ការ​បើកបរ​លើស​ល្បឿន​កំណត់ ​និង​គ្មាន​ពាក់មួក​សុវត្ថិភាព​។ ដូច្នេះ​ដើម្បី​កាត់បន្ថយ​ការ​ស្លាប់​នោះ​ នគរបាល​នឹង​ចាប់​ផ្តើម​ចាប់​បង្ខំ​ឲ្យ​បងប្អូន ​ប្រជាពលរដ្ឋ​គ្រប់រូប​ដែល​ជិះ​ម៉ូតូ​ពាក់មួក​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​។

បើ​យោង​តាម​របាយការណ៍រ​បស់​គណៈកម្មការ​ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​ រថយន្ត​ដឹក​កម្មករ​ទទួលរង​គ្រោះ​ថ្នាក់ ​ចរាចរណ៍​ក៏បាន​កើតឡើង​មាន​ចំនួន​២៦​លើក​ ផងដែរ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៤​នាក់ ​របួស​ចំនួន​៤៨៤​នាក់​ហើយ​បាន​កើត​ឡើង​នៅ​ខេត្ត​ចំនួន​៩ ​មាន​ដូចជា​ ខេត្តស្វាយរៀង​ ខេត្ត​ព្រះសីហនុ ​ខេត្តតាកែវ ​ខេត្តកំពង់ឆ្នាំង ​ខេត្តកំពង់ចាម ​ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង​ និង​ខេត្តកណ្តាល​ជាដើម​ហើយ​មូលហេតុ ​ដែល​បណ្តាល​មកពី​ការ​ធ្វេសប្រហែស​ និង​កំហុស​លក្ខណៈ​បច្ចេកទេស​យានយន្ត​៕