បាល់ទាត់៖ អតីតខ្សែបម្រើឆ្នើមក្នុងក្រុមជម្រើសជាតិកម្ពុជា និងក្លឹបភ្នំពេញក្រោន វ៉ា សុថន នឹងធ្វើដំណើរពីប្រទេសបារាំងមកសម្រាកនៅកម្ពុជា ក្រោយចាកចេញកាលពីឆ្នាំ២០១៥។
សុថន បានឆ្លើយឆ្លងផ្ដាច់មុខជាមួយក្រុមការងារកីឡា BTV ពីប្រទេសបារាំងមុនចេញដំណើរនាថ្ងៃទី៤ ខែមករានេះថា គេនឹងមកវិស្សមកាលនៅដែនដីសុវណ្ណភូមិមួយរយៈ។ ប៉ុន្តែពុំបានបញ្ជាក់ពីសកម្មភាពពាក់ព័ន្ធ និងបាល់ទាត់នៅទីនេះឡើយ។ កូនខ្មែរបារាំងរូបនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាយប់ថ្ងៃទី០៥ ខែមករាស្អែកនេះម៉ោង ១១:០០នាទី។ សុថន ធ្លាប់មកចូលរួមជាមួយភ្នំពេញក្រោនកាលពីឆ្នាំ២០១៤ ហើយជួយក្លឹបនេះលើកពានលីហ្គកំពូលកម្ពុជា មុនចាកចេញទៅប្រទេសបារាំងវិញដោយសារបញ្ហាគ្រួសារ។ កីឡាករវ័យ ៣០ឆ្នាំរូបនេះធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជា ៧ប្រកួត ស៊ុតចូលមួយគ្រាប់ផងដែរ៕
អត្ថបទ៖ ង៉ែត វុទ្ធី