កីឡា​កងទ័ព​ឆ្នាំ​២០១៨ នឹង​ចាប់ផ្ដើម​​ប្រកួត​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុម​ចូលរួម​កើន​ស្ទើរ​ពាក់​កណ្ដាល

101

កីឡា​កងទ័ព៖ ការប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ និង​ពិព័រណ៍​កងទ័ពឆ្នាំ​២០១៨ នឹង​ធ្វើ​ការប្រកួត​នា​ចុង​សប្ដាហ៍​នេះដោយ​នឹង​ធ្វើឡើង​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​០៥ រហូត​ថ្ងៃ​ទី​០៧ ខែ​មករា នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ដោយមាន​ក្រុម​ចូលរួម​ច្រើន បើ​ធៀប​នឹង​ការរៀបចំ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​។ នេះ​បើ​តាម​បញ្ជាក់​របស់​លោក ជាតិ ប៉ូ​លីន អនុប្រធាន​ផ្នែក​ប្រតិបត្តិការ នៃ​ការប្រកួត​កីឡា​យោធា​ដ៏​ធំ​មួយ​នេះ។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បែងចែក​ក្រុម​ចូលរួម​នៅ​ទីស្នាក់ការ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ម្សិលមិញ លោក ជាតិ ប៉ូ​លីន បាន​ឲ្យ​ដឹង​ថា ការប្រកួត​កីឡា​យោធា​ឆ្នាំនេះ គណៈកម្មការ​បាន​សម្រេច​បង្កើន​ចូលរួម​ទាំង​ប្រភេទ​១ និង​ប្រភេទ​២ សរុប​ដល់​ទៅ ៥០​ក្រុម ខណៈ​ឆ្នាំមុន​មាន​ក្រុម​ចូលរួម​ត្រឹម ៣២​ក្រុម​ប៉ុណ្ណោះ។ ការ​បង្កើន​ក្រុម​ចូលរួម​នេះ​ដែរ នឹង​ធ្វើ​ឲ្យ​ការប្រកួតប្រជែង​កាន់តែ​ស្វិតស្វាញ និង​មាន​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង ស្រប​ពេល​គណៈកម្មការ​បាន​បន្ថែម​នូវ​ឧបសគ្គ​មួយ​ចំនួន​ក្នុង​វិញ្ញាសា​ប្រកួត​ទៀត​ផង។ ដោយឡែក​គោលបំណង​សំខាន់ ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​យោធា​លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ​នេះក៏​មិន​ខុស​ពី​លើក​មុន​ៗ​ដែរ ពោល​គឺ​ដើម្បី​អបអរសាទរ​ទិវា​ថ្ងៃ​ជ័យ​ជម្នះ ៧-​មករាឆ្នាំ​២៩៧៩-​ឆ្នាំ​២០១៨ និង​ប្រមូល​មូលនិធិ​គាំទ្រ​សមាគម​អតីត​យុទ្ធជនដែល​បាន​តស៊ូ​រំដោះ​ជាតិ ពិសេស​គឺ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​យោធា និង​ប្រជាពលរដ្ឋ​ធម្មតា​កាន់តែ​ស្និត​ស្នាល ហើយ​យល់ដឹង​បន្ថែម​ទៀត​អំពី​តួនាទី និង​ភារកិច្ច​របស់​កងទ័ព ក្នុង​ការ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ជាដើម។

លោក ជាតិ ប៉ូ​លីន បាន​បន្ថែម​ថា ជាមួយ​នឹង​ការ​បើកទ្វារ​ទទួល​មហាជន ចូលរួម​ប្រកួត​កីឡា​យោធា នឹង​បញ្ជ្រាប​ឲ្យ​មហាជនបាន​ដឹង​យល់​ពី​ការ​លេង​កីឡា​កងទ័ព​កាន់​តែ​ច្បាស់ ជាមួយ​នឹង​ប្រភេទ​កីឡាដែល​មាន​ការ​ហ្វឹក​ហាត់​ខ្លាំងខុស​ពី​កីឡា​ធម្មតា។ តែ​អ្វី​ដែល​សំខាន់​កីឡា​យោធា​គឺជា​កីឡា​លេង​ជា​ក្រុម បើ​ទោះ​បី​មាន​ឧបសគ្គ​លំបាក​យ៉ាងណាក៏​សមាជិក​ក្រុម​ត្រូវ​ជួយ​គ្នា ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​រួមគ្នា​ផង​ដែរ។ សម្រាប់​វិញ្ញាសា​ប្រកួត​វិញ​គឺ​បែង​ចែក​ជា ២​ប្រភេទដែល​មាន ៣​វិញ្ញាសា​ដូចគ្នា ក្នុង​ប្រភេទ​ទី​១ គឺ​ត្រូវ​រត់​កម្មង់​ដូរ ៤​គីឡូម៉ែត្រ សែង​ប្រង់​ការ​ទម្ងន់ ៥០​គីឡូ​ចម្ងាយ ២​គីឡូ​ម៉ែត្រ និង​ទី​៣ ការ​ឆ្លង​ឧបសគ្គ​ជា​សមូហភាព ដោយមាន​ការ​ចូល​រទាំង​យោធា និង​មហាជន​។ ចំណែក​ប្រភេទ​ទី​២ គឺ​រត់​កម្មង់​ដូរ ៣​គីឡូម៉ែត្រ សែង​ប្រង់កា​ទម្ងន់ ៥០​គីឡូ​ចម្ងាយ ១​គីឡូម៉ែត្រ និង​ទី​៣ ការ​ឆ្លង​ឧបសគ្គ​ជា​សមូហភាព ប៉ុន្តែ​ជា​ប្រភេទ​កីឡា​សម្រាប់​មហាជន​ចូលរួម​សុទ្ធសាធ​តែម្ដង​៕
អត្ថបទ៖ លី ឈុន​ឡា