លោក Trump ចំអក​ឲ្យ​កូរ៉េខាងជើង​ថា ​លោក​មាន​ប៊ូ​តុង​នុយក្លេអ៊ែរ​ធំ​ និង​មាន​ឥទ្ធិពល​ជាង​លោក គីម​ ជុង​អ៊ុន ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​

89

អាមេរិក៖ ​អ្នកវិភាគ​ព្រឹត្តិការ​ពិភពលោក​មួយ​រូប បាន​ប្រាប់​សារព័ត៌មាន ​Reuters​ កាលពី​ថ្ងៃ​ពុធម្សិល​មិញ​ថា​ ការ​សរសេរ​លើ​បណ្ដាញ​ធ្វី​ត​ធ័​រ​របស់​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ហាក់​ចំអក​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​ដោយ​និយាយ​ថា លោក​មាន​ប៊ូ​តុង​នុយក្លេអ៊ែរ​ធំ​ និង​មាន​ឥទ្ធិពល​ជាង​លោក​ គីម ​ជុង​អ៊ុន​ ដែល​មាន​ហើយ​គ្មាន​ការទទួលខុសត្រូវ។

​​ទីប្រឹក្សា​ជាន់​ខ្ពស់​សម្រាប់​តំបន់​អាស៊ី​នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ និង​ការស្រាវជ្រាវ​អន្តរជាតិ ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​លោកស្រី​ Bonnie Glaser បាន​និយាយ​ថា នេះ​ជា​ស្ថានភាព​ដែល​អាច​ផ្ទុះឡើង​បាន​។​ ទីបំផុត​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ជាមួយ​កូរ៉េខាងជើង។​ ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការ​សរសេរ​លើ​ធ្វី​ត​ធ័​រ​របស់​លោក​ ត្រាំ ​ទីក្រុង​ព្យុងយ៉ាង​បាន​ប្រកាស ​ពី​ការសម្រេចចិត្ត​របស់​ខ្លួន​ក្នុង​ការ​បើក​ឡើងវិញ​ នូវ​ខ្សែ​ទូរស័ព្ទ​បន្ទាន់​តាម​ព្រំដែន​ជាមួយ កូរ៉េខាងត្បូង ​ដែល​បាន​បិទ​ជា​យូរ​មក​ហើយ មួយថ្ងៃ​បន្ទាប់ពី​កូរ៉េខាងត្បូង​ស្នើ​ឲ្យ​មានការ​ពិភាក្សា​កម្រិត​ខ្ពស់​ អំឡុង​ភាព​តានតឹង​ឡើង​កម្ដៅ​ជុំវិញ​កម្មវិធី​មី​ស៊ី​ល ​និង​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង​។​ រឿង​នេះ​កើតមាន​ក្រោយពី​សុន្ទរកថា​ឆ្នាំ​ថ្មី​ របស់​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un ដែល​បាន​លើក​ឡើងថា ​លោកចង់​ឲ្យ​មានការ​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងត្បូង និង​កំពុង​ពិចារណាបញ្ជូនគណៈប្រតិភូ ទៅ​ចូលរួម​កីឡា​អូឡាំពិក​រដូវរងា ដែល​នឹងត្រូវ​ធ្វើ​ឡើងក្នុង​ទីក្រុង​ Pyeongchang ក្នុង​ខែ​កុម្ភៈ​ខាងមុខ​។

លោកស្រី​ Glaser និយាយ​ថា យើង​មិន​ដឹង​ថា ​តើ​ការ​ចាប់ផ្ដើម​នេះជា​រឿង​ល្អ​ ឬអាក្រក់នោះ​ទេ ដោយ​លោកស្រី​បន្ថែម​ថា លោកស្រីជឿ​ជាក់​ថា កូរ៉េខាងជើង​កំពុង​ព្យាយាមធ្វើ​ឲ្យល្អក់កករ​ ក្នុង​ទំនាក់ទំនង​ល្អ​រវាង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាងត្បូង​។​ ប៉ុន្តែ​លោកស្រី​ថា សហរដ្ឋ​អាមេរិកគួរតែ​ស្វាគមន៍​ការ​ជជែក​ពិភាក្សា​នានា ​ស្ដីពី​បញ្ហា​ឧបទ្វីប​កូរ៉េ​៕
​អត្ថបទ៖ សុខ​មាន