ខេត្ត​មណ្ឌលគិរី ​នៅតែ​រក្សា​កំណើន​ភ្ញៀវ​ទេសចរ​

113

មណ្ឌលគិរី ៖ មណ្ឌលគិរី ​ដែលជា​ខេត្ត​មួយ​ឋិត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ បន្ទាប់ពី​ហេដ្ឋា​ រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ត្រូវ​បាន​កសាង​ល្អ ​បាន​ក្លាយ​ជា​គោលដៅ​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ​ទេសចរ ​ចំណោម​គោលដៅ​ទេសចរ ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តមណ្ឌលគិរី ​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៧​ ភ្ញៀវទេសចរ ដែល​ទៅ​សម្រាក​លម្ហែ នៅ​ ខេត្តមណ្ឌលគិរី ​នៅតែ​បន្ត​មាន​ចំនួន​កើន​ឡើង ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នា​បណ្ដា​ឆ្នាំ​កន្លងទៅ ​ហើយ​កំណើន​ភ្ញៀវ ​ទេសចរ​ក្នុង​ឆ្នាំ​២០១៧​ គឺ​មាន​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ បើ​ធៀប​ នឹង​ឆ្នាំ​២០១៦​។

លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍ ​បាន​ឲ្យ​ដឹង​ទៀតថា​ ក្នុង​ឆ្នាំ​២០១៧ ភ្ញៀវទេសចរ​ដែល​ទៅ​សម្រាក លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី ​សរុប​មាន​ចំនួន​ជាង​១៨​ម៉ឺន​នាក់​ ក្នុងនោះ​ទេសចរ​ជាតិ មាន​ចំនួន​ជាង​១៧​ម៉ឺន​នាក់ ​ក្រៅពីនោះ​ គឺ​ទេសចរ​អន្តរជាតិ​។

លោក​ បាន​បញ្ជាក់ថា ​កត្តា​ដែល ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ទៅលេង​ខេត្តមណ្ឌលគិរី ​ជា​រៀង​រាល់ឆ្នាំ​នោះ ព្រោះ តែ​ខេត្ត​នេះ មាន​សក្ដានុពល​ធម្មជាតិ​ល្អប្រសើរ ​ដូចជា​អាកាសធាតុ​ល្អ វិសាលភាព​ព្រៃភ្នំ ​និង​មាន​រមណីយដ្ឋាន​ធម្មជាតិ​ ស្អាតៗ​ច្រើន​កន្លែង​ ហើយ​កត្តា​ចម្បង គឺ​ព្រោះតែ​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន បាន​នឹង​កំពុង​មាន​ការរីកចម្រើន​ឥត​ឈប់ឈរ ​សន្តិសុខ​សង្គម​ល្អប្រសើរ ប្រព័ន្ធ​ផ្លូវថ្នល់​ត​ភ្ជាប់​គ្នា​យ៉ាង​ល្អ​ប្រណីត​ទៅ​គ្រប់​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង ប្រទេស ​និង​ភ្ញៀវ​អន្តរជាតិ ​មាន​ជម្រើស​ក្នុង​ការ​ដើរលេង​កម្សាន្ត​។

លោក​បាន​រំពឹងថា សម្រាប់​ឆ្នាំ​២០១៨​នេះ ភ្ញៀវទេសចរ​ជាតិ ​និង​អន្តរជាតិ នឹង​បន្ត​ទៅលេង ​កម្សាន្ត​នៅ​ខេត្ត មណ្ឌលគិរី ​ច្រើនជាង​បណ្ដា​ឆ្នាំ​កន្លងទៅ​ ព្រោះតែ​ខេត្តមណ្ឌលគិរី​ កាន់តែ​មានឈ្មោះ​ល្បី​ល្បាញ​ឡើង ​បន្ទាប់ពី​ផ្លូវជាតិ​លេខ ៧៦ បាន​កសាង​រួចរាល់ ឆ្ពោះ​ពី​ខេត្តក្រចេះ​ ទៅ​ខេត្តមណ្ឌលគិរី និង​បន្ត​ដល់​ខេត្តរតនគិរី ​ដែល​បាន​ធ្វើ​ឲ្យ​ខេត្តមណ្ឌលគិរី​ ក្លាយ​ជា​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​ក្នុង​ភូមិភាគ​ឦសាន​។

លោក ​បាន​បញ្ជាក់ថា​ ផែនការ​ក្នុង​ឆ្នាំ​២០១៨​នេះដែរ ​មន្ទីរ​ទេសចរណ៍ ​ក៏​នឹង​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ឲ្យ​បានល្អ ​ប្រសើរ​ជាង​នេះ ​ព្រមទាំង​កែ​លម្អ​រមណីយដ្ឋាន​ដែល​មាន​ស្រាប់​ក្នុង​ខេត្ត ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ ​ជាពិសេស ​មន្ទីរ ទេសចរណ៍​ នឹង​ព្យាយាម​ទំនាក់​ទំនងជា​មួយ​ក្រុម​វិនិយោគិន ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ឲ្យ​កាន់តែ ​សម្បូរបែប​៕