ពលរដ្ឋ​ដាំ​ស្ពៃ ​នៅ​ជិត​បឹង​កំពីងពួយ ​រអ៊ូ​រឿង​តម្លៃ​ធ្លាក់​ខ្លាំង

75

បាត់ដំបង ៖ ​ខណៈដែល​ការ​ផ្គត់ផ្គង់​បន្លែ ​នៅក្នុង​ប្រទេស​មិនបាន​គ្រប់គ្រាន់​ ហើយ​មាន​ឈ្មួញ​នាំ​យក​បន្លែ ​ពី​ប្រទេសជិតខាង​មក ​ចែកចាយ​លក់​បន្ត​ក្នុង​ទីផ្សារ​ ប៉ុន្តែ​បែរ​​ជា​បន្លែ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ដាំ បាន​ធ្លាក់​ចុះ​តម្លៃ ​ហើយ​មិនសូវ​សម្បូរ​ទីផ្សារ​ទៅវិញ ​ដែល​នេះ ​ជា​បញ្ហា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាក់​ទឹកចិត្ត​ ក្នុង​ការដាំដុះ​ ហើយ​ប្រឈម​នឹង​ការ​ឈប់​ដាំ​ដុះ​ផងដែរ​។

ប្រជាពលរដ្ឋ​ប្រកប​របរ​ដាំ​ដំណាំ​ស្ពៃ មានដូចជា ស្ពៃក្រញាញ់ ស្ពៃ​តឿ និង​ស្ពៃ​ចង្កឹះ ​នៅ​តំបន់​បឹង កំពីងពួយ ​ក្នុងភូមិ តា​ងែ​ត ឃុំ​ច័ន្ទ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​ បាន​នាំគ្នា​រអ៊ូរទាំ​រឿង​តម្លៃ​ធ្លាក់​ចុះ​យ៉ាងគំហុក​ ហើយ​ធ្វើ​ឲ្យ​ពួកគាត់ សឹងតែ​មិន​អាច​ទូទាត់​នឹង​ការ​ចំណាយ​លើ​ការដាំដុះ ​និង​ការជួល​ឈ្នួល​ប្រមូល​ផល ជាដើម​។

កសិករ​ដាំ​ស្ពៃក្រញាញ់​ម្នាក់ ឈ្មោះ ឡាំ សា​វី កំពុង​ប្រមូល​ផល​ស្ពៃ បាន​ប្រាប់​​ថា នៅ​ដើម ឆ្នាំ​២០១៨​នេះ តម្លៃ​ស្ពៃ​បាន​ធ្លាក់​ចុះមក​នៅត្រឹម​៧០០ ​ឬ ៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម ​ខណៈ​ក្នុង​ឆ្នាំ​២០១៦ មានតម្លៃ ​ជាង​១​ពាន់​រៀល​ ចំណែក​កាលពី​ខែតុលា ​និង​ខែ វិច្ឆិកា ចុងឆ្នាំ​២០១៧ ​អាច​លក់​បាន​តម្លៃ​ជាង​២​ពាន់​រៀល​ក្នុង​មួយ​គីឡូ ក្រាម​។

លោក​ បាន​ឲ្យ​ដឹងថា ការធ្លាក់​ថ្លៃ​នេះ គឺ​ធ្វើ​ឲ្យ​លោក​អាច​លក់​បាន​ប្រាក់​ត្រឹមតែ​ទូទាត់​ទៅលើ​ការ​ប្រើប្រាស់​ពូជ ជួល ឈ្នួល ថ្នាំ​ការពារ​សត្វល្អិត និង​ការ​ដឹកជញ្ជូន​យក​ទៅលក់​នៅ​ផ្សារ​ក្នុង​ក្រុង​បាត់ដំបង ​មិន​មានការ​ចំណេញ​អី​នោះទេ ​ព្រោះ​ជី ថ្នាំ ​និង​សាំង​កាន់តែ​ឡើងថ្លៃ​។

ដោយឡែក​កសិករ​ម្នាក់ទៀត​ឈ្មោះ ឈួ​ម ចិន្តា កំពុង​ប្រមូល​ផល​ស្ពៃ​តឿ ​បាន​លើក​ឡើ​ង​ថា​ ការ​កើន​ឡើង​នៃ​ការ​ដាំ ​ស្ពៃ​ច្រើនពេក ​នៅក្នុង​រដូវ​នេះ បាន​ធ្វើ​ឲ្យ​ស្ពៃ​ធ្លាក់​ថ្លៃ​ ប៉ុន្តែ​ទោះបី​ធ្លាក់​ថ្លៃ​ក៏ដោយ ស្ពៃ​មិន​មាន​ទុក​សល់​នៅក្នុង​ចម្ការ​នោះទេ​ តែង​តែមាន​អ្នក​ទិញ​យក​អស់​។

កសិករ​រូបនេះ បាន​បន្ថែមថា ស្ពៃ​ដែល​ពួកគាត់​យកទៅ​លក់​នៅឯ​ផ្សារ​នោះ​ ពេល​ទៅដល់​ត្រូវបាន​អ្នកទិញ​បន្ត​ដាក់ ​តម្លៃ​ស្មើគ្នា​មិន​មាន​ទម្លាក់​តម្លៃ​ឲ្យ​ទាប​ ឬ​ខ្ពស់​ជាង​គ្នា​នោះទេ ​ហើយក៏​មាន​អ្នក​ចាំ​ទិញយក​អស់ៗ​តែម្ដង​។

ជាមួយគ្នានេះ ពួកគាត់​ក៏បាន​អំពាវនាវ​ដល់​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ ជួយ​រក​ទីផ្សារ​ឲ្យ​បាន​សមរម្យ ​ព្រោះ​បើ​តម្លៃ​នៅ​ថេរ ប៉ុណ្ណេះ ​នឹង​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​ការ​ឈប់​ដាំ ហើយ​កត្តា​ចំណាកស្រុក​កាន់តែ​ច្រើនឡើង​។

ការដាំ​ស្ពៃ​របស់​ប្រជាកសិករ​នៅ​តំបន់​បឹង​កំពីង​ពួ​យ​នេះ ​គឺ​ពួកគាត់​ដាំ​ជា​លក្ខណៈ​វិលជុំ​ ដោយពេល​ប្រមូល​រួច គឺ​ដាំ បន្តទៀត​ពេញ​មួយឆ្នាំៗ​តែម្ដង​។ ​បើតាម​ប្រជាពលរដ្ឋ ​បាន​បញ្ជាក់ថា ​ក្រៅពី​ដាំ​ស្ពៃ​នេះ ពួកគាត់​ក៏​មាន​ដាំ​ម្ទេស​ ពោត ​ធ្វើស្រែ ​និង​នេសាទ​ត្រី​ផងដែរ​៕