ក្រសួង​អប់រំ​សម្រេច​បង្កើន​ប្រាក់​រង្វាន់​កីឡា​ជាតិ​លើក​ទី​២ ជាង ៥​ដង​បើ​ធៀប​កាលពី​ឆ្នាំ​២០១៦

37

កីឡា​ជាតិ៖ ដើម្បី​ជំរុញ​ឲ្យ​ការប្រកួតប្រជែង​កីឡា​ជាតិ​លើក​ទី​២ នា​ចុងខែ​ឧសភា​-​ដើមខែ​មិថុនា​ខាងមុខ​កាន់​តែ​មាន​ភាព​ស្វិតស្វាញ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​បង្កើន​ប្រាក់​រង្វាន់​ជយលាភី​រហូតដល់ ៥​ដង បើ​ធៀប​នឹង​ប្រាក់​រង្វាន់​កាលពី​លើក​ទី​១ ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ជាតិ។ឯកឧត្ដម អ៊ុក សិទ្ធិ​ជាតិ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​បច្ចេកទេស ត្រៀម​ការប្រកួត​កីឡា​ជាតិលើក​ទី​២ ក្រោម​អធិបតីភាព​លោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំកាលពី​ម្សិលមិញ​ថា ឆ្នាំនេះប្រាក់​រង្វាន់​ជយលាភី​កីឡា​ជាតិនឹង​ត្រូវ​កើន​ឡើង​ជាង ៥​ដង ក្នុង​មេដាយ​មាសដែល​ធ្លាប់​ទទួល​បាន​ត្រឹម ១៥​ម៉ឺន​រៀល ត្រូវ​កើន​ដល់ ៨០​ម៉ឺន​រៀល ខណៈ​មេដាយ​ប្រាក់​កើន​ដល់ ៦០​ម៉ឺន​រៀល និង​មេដាយ​សំរឹទ្ធ​កើន​ឡើង​ដល់ ៤០​ម៉ឺន​រៀល។ ក្រោយ​មានការ​បង្កើន​ប្រាក់​រង្វាន់ ឯកឧត្ដម​រំពឹង​ថា ការប្រកួតប្រជែង​របស់អត្ត​ព​លិ​ក នឹង​មានការ​ស្វិតស្វាញ​កាន់​តែ​ខ្លាំង ដើម្បី​ជំរុញ​គុណ​ផល​កីឡា​កាន់តែ​ល្អ​ប្រសើរ។

ប៉ុន្តែ​ជុំវិញ​ការ​ផ្ដល់​ប្រាក់​រង្វាន់​វិញ ត្រូវ​បាន​ផ្លាស់ប្ដូរមិន​មាន​ការ​ផ្ដល់​ជូន​ភ្លាមៗ ដល់​អ្នក​ដណ្ដើម​បាន​ជ័យលាភី​នោះ​ទេ បន្ទាប់ពី​មាន​សំណើ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ស្នើរ​ក្រសួង​អប់រំក្រោយ​មានការ​ប្រកាស​បង្កើន​ប្រាក់​រង្វាន់​ថា ដោយ​កីឡា​ជាតិយក​គំរូ​ប្រកួត​ជា​ហ្គេម​ផ្លូវការ មិន​គួរ​ណា​ផ្ដល់​ប្រាក់​រង្វាន់​ពេល​ចែក​មេដាយ​នោះ​ទេ គឺ​ផ្ដល់​ត្រឹម​មេដាយ និង​វត្ថុ​អនុស្សាវរីយ៍ ឬ​ម៉ា​ស្កុ​ត​បាន​ហើយ គ្រា​ដែល​ប្រាក់​រង្វាន់​អាច​បើក​តាម​ក្រោយ ព្រោះ​ហ្គេម​អន្តរជាតិ​មួយដូចជា​ស៊ី​ហ្គេម​ជាដើម គឺ​គ្មាន​ការចែក​ប្រាក់​រង្វាន់​ផ្ទាល់ពេល​ចែក​ជយលាភី​ឡើយ។

សូម​បញ្ជាក់​ថា សម្រាប់​ការប្រកួត​កីឡា​ជាតិលើក​ទី​២ គឺ​គ្រោង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា រហូតដល់​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ​២០១៨​ខាងមុខ ដោយមាន​កីឡា​សរុប ២៧​ប្រភេទ​ចូលរួមស្មើនឹង ២៧២​វិញ្ញាសា កើន​ឡើង​ជាង​កាលពី​លើក​ទី​១ ស្ទើរតែ ៥០% ព្រោះ​កាលពី​ឆ្នាំ​២០១៦ មាន​កីឡា​ត្រឹម ១៥​ប្រភេទ​ប៉ុណ្ណោះ​ត្រូវ​បាន​កំណត់​ឲ្យ​ចូលរួម​។ ចំពោះ​គោលដៅ​សំខាន់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ដក​បទពិសោធន៍​ក្នុង​ការ​រៀបចំ សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ នៅ​លើ​ទឹកដី​កម្ពុជា៕
អត្ថបទ លី ឈុន​ឡា