កម្ពុជា​ស្នើ​ចិន​ឲ្យ​វិនិយោគ​លើ​ដំណាំ​ដំឡូង​មី​ និង​មៀន​ប៉ៃលិន​ ដើម្បី​ជំរុញ​ការនាំចេញ

113

ភ្នំពេញ ៖ ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ស្នើ​ដល់​គណៈប្រតិភូ​ចិន​ធ្វើការ ​អភិវឌ្ឍ​ចង្វាក់​តម្លៃ​បន្ថែម​ទៅលើ​ដំណាំ​ដំឡូង​មី​ និង​មៀន​ប៉ៃលិន​ ដើម្បី​ពង្រីក​ការនាំចេញ​ផលិតផល​ទាំងពីរ​ នេះ​ឲ្យ​បាន​អតិបរមា​។

ក្នុងជំនួប​ពិភាក្សា​ការងារ កាលពី​រសៀល​ថ្ងៃទី​៤ មករា ឆ្នាំ​២០១៨ ​កន្លងទៅ​ នៅ​ទីស្តីការ​ក្រសួង ​រវាង​លោក​ហ៊ឺ ជៀន​យ៉ាង ​(HE Jianxiang)​ អគ្គនាយករង​ទទួលបន្ទុក​ការិយាល័យ​កែច្នៃ​ ផលិតផល​កសិកម្ម ​នៃ​ក្រសួងកសិកម្ម​ប្រទេស​ចិន ​ឯកឧត្តម ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​បាន​ជម្រាប​ភាគី​ ចិន​អំពី​អត្ថប្រយោជន៍​នៃ​ដំឡូង​មី​ ដែល​ជា​ដំណាំ​អាទិភាព​ទី​២ និង​មាន​សក្ដានុពល​នាំចេញ​ ខ្ពស់​របស់​កម្ពុជា​ បន្ទាប់ពី​ដំណាំ​ស្រូវ ព្រមទាំង​ផ្លែ​មៀន​ប៉ៃលិន ដែល​ជា​ឈើ​ហូប​ផ្លែ​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​។

ឯកឧត្តម​ បាន​បន្តថា ​កម្ពុជា​កំពុង​ចងក្រង​គោលនយោបាយ​ដំឡូង​មី និង​ដំណាំ​ផ្សេងៗ ​រួម​ទាំង​មៀន ប៉ៃលិន ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ចង្វាក់​តម្លៃ​និង​ការនាំចេញ ​សំដៅ​ធ្វើ​ពិពិធ​កម្មវិស័យ​ការងារ​ជូន​ប្រជាជន ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​

ឯកឧត្តម​ បន្តទៀតថា កម្ពុ​ជា​ មាន​ដី​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម ​ជាពិសេស​ដំឡូង​មី និង​មៀន​ប៉ៃលិន ​ហើយ​យើង​ចង់​សហការ​ជាមួយ​វិនិយោគិន​ចិន ​ដើម្បី​កែច្នៃ​ផលិតផល​ទាំងពីរ​នេះ សំដៅ​នាំ​ចេញ​ទៅកាន់​ចិន​ផ្ទាល់​ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី​បីដូច​បច្ចុប្បន្ន​ឡើយ​។

ជាការ​ឆ្លើយតប​របស់​ភាគី​ចិន លោក​អគ្គនាយករង​ លើកឡើងថា​ លោក​នឹង​យក​សំណើ​ពី​កម្ពុជា​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​ចិន ​ដែល​នឹង​អញ្ជើញ​អម​ដំណើរ​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​-​ចិន ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ​នា​ដើម​សប្តាហ៍​ក្រោយ​។

ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​បាន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ជា​មធ្យម​២៦%​។ ​ចិន​គឺជា​ប្រទេស​វិនិយោគ​ធំជាង​គេ​នៅ​កម្ពុជា​ដែល​គិត​ត្រឹម​ឆ្នាំ​២០១៦ វិនិយោគ​របស់​ចិន​មាន​ចំនួន​ជាង​០៥​លាន​ដុល្លារ ​លើ​វិស័យ​មួយ​ចំនួន ដូចជា ​កម្មន្តសាល សំណង់ វាយនភណ្ឌ និង​អគ្គិសនី​៕