រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ​ស្នើ​ភាគី​ចិន​វិនិយោគ​លើ​ដំណាំ​ដំឡូង​មី​ និង​មៀន​ប៉ៃលិន ​ដើម្បី​ជំរុញ​ការនាំចេញ

52

ភ្នំពេញ ៖ ​នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​កសិកម្ម​ចិន​ ដឹកនាំ​ដោយ​លោក ហ៊ឺ ជៀន​យ៉ាង​ (HE Jianxiang) អគ្គនាយករង ​ទទួលបន្ទុក​ការិយាល័យ​កែច្នៃ ​ផលិតផល​កសិកម្ម​ នៃ​ក្រសួងកសិកម្ម​ប្រទេស​ចិន កាល​ពី​រសៀល​ថ្ងៃទី​០៤​ ខែមករា​នេះ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បានស្នើ​ភាគី​ចិន​វិនិយោគ​លើ​ដំណាំ​ដំឡូង​មី​ និង​មៀន​ប៉ៃលិន​។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ ​​បាន​ថ្លែងថា​ ក្នុងនាម​ក្រសួងពាណិជ្ជកម្ម​ បានស្នើ​ភាគី​ចិន​ ធ្វើការ​អភិវឌ្ឍ​ចង្វាក់​តម្លៃ​បន្ថែម​ សម្រាប់​ដំណាំ​ដំឡូង​មី ​និង​មៀន​ប៉ៃលិន​ ដើម្បី​ពង្រីក​ការ​នាំចេញ​ផលិតផល​ទាំងពីរ​នេះ ​ឲ្យ​បាន​អតិបរមា​។

ឯកឧត្តម ​រដ្ឋមន្ត្រី​បន្តថា ​ដំឡូង​មី ​ដែល​ជា​ដំណាំ​អាទិភាព​ទី​២ ​និង​មាន​សក្ដានុពល​នាំចេញ​ខ្ពស់​របស់​កម្ពុជា ​បន្ទាប់ពី​ដំណាំ​ស្រូវ​ព្រមទាំង​ផ្លែ​មៀន​ប៉ៃលិន​ ដែល​ជា​ឈើ​ហូប​ផ្លែ​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​។

ឯកឧត្តម​ បាន​បញ្ជាក់ថា ​កម្ពុជា​កំពុង​ចងក្រង​គោលនយោបាយ​ដំឡូង​មី ​និង​ដំណាំ​ផ្សេងៗ​រួម​ទាំង​មៀន​ប៉ៃលិន ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ចង្វាក់​តម្លៃ​និង​ការនាំចេញ​សំដៅ​ធ្វើ​ពិពិធ​កម្មវិស័យ​ការងារ​ជូន​ប្រជាជន​ និង​កាត់បន្ថយ​ភាពក្រីក្រ​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង​ចិន​ និង​កម្ពុជា​ បាន​កើនឡើង​ យ៉ាង​ឆាប់រហ័ស​ជា​មធ្យម​ ២៦%​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។​កាលពី​ឆ្នាំ​២០១៦​ ប្រទេស​ទាំងពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ​ដល់​ទៅ ៤,៨០០​ លាន​ដុល្លារ​អាមេរិក​ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់​ ៨៣០​លាន​ដុល្លារ និង​នាំចូល ៣,៩០០​លាន​ដុល្លារ​។

ចិន​គឺជា​ប្រទេស​វិនិយោគ​ធំជាង​គេ​នៅ​កម្ពុជា​ដែល​គិត​ត្រឹម​ឆ្នាំ ​២០១៦ វិនិយោគ​របស់​ចិន​មាន​ចំនួន ៥ លាន​ដុល្លារ ​លើ​វិស័យ​មួយ​ចំនួន​ដូចជា ​កម្មន្តសាល ​សំណង់ វាយនភណ្ឌ ​និង​អគ្គិសនី​។ដោយឡែក​ភ្ញៀវ​ទេសចរណ៍​ចិន​ ដែល​មក​កម្ពុជា ​បាន​កើន​ដល់ ៨៣​ម៉ឺន​នាក់​នៅ​ក្នុង​ឆ្នាំ ២០១៦ គឺ​បាន​កើនឡើង​ ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។ នៅក្នុង​ឆ្នាំ​២០១៨​នេះ ចិន​ក៏បាន​យល់ព្រម​ឲ្យ​កម្ពុជា​នាំចូល​អង្ករ ៣០​ម៉ឺន​តោន​ផងដែរ​៕