ប្រជាជន​សប្បាយចិត្ត​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​លើ​បញ្ហា​ចរាចរណ៍

296

ភ្នំពេញ ៖ ​ ប្រជាជន​ធ្វើដំណើរ​នានា បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ចំណាត់​ការ​យ៉ាង​តឹងរ៉ឹង​របស់​សមត្ថកិច្ច ​ដែល​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​រាល់​អ្នក​បើកបរ​ ដែល​បំពាន​ច្បាប់​ចរាចរណ៍​។

ក្នុងការ​បង្ក្រាប​អ្នក​បំពាន​ច្បាប់​ចរាចរណ៍​ក្នុង​ថ្ងៃទី​៥​ ខែមករា ឆ្នាំ​២០១៨​ ជា​ថ្ងៃ​ដំបូង​ នៃ​យុទ្ធនាការ ​នេះ ប្រជាជន​រស់នៅ ​និង​ធ្វើដំណើរ​ឆ្លងកាត់​ចំណុច​មុខក្រសួង​មហាផ្ទៃ ​លើ​ដងផ្លូវ​ព្រះ​នរោត្តម​និង​ដង​ផ្លូវ​នានា​បង្ហាញ​ នូវ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ ​ដោយ​ពួកគាត់​ លើកឡើងថា​ វា​នឹងធ្វើ​ឲ្យ​ចរាចរណ៍​នៅ​ចំណុច​នេះ​មាន​ភាព​ប្រសើរ ​មាន​សណ្ដាប់ធ្នាប់​ល្អ​ជាង​មុន​ ជាពិសេស​ពួកគាត់​ក៏​ស្នើសុំ​ឲ្យ​មានការ​បង្ក្រាប​ជា​រៀង​រហូត​ផងដែរ​។

ការចុះ​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​របស់​មន្ត្រី​មាន​សមត្ថកិច្ច​​ លើ​បញ្ហា​ចរាចរណ៍​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ បាន​លើកឡើងថា​ បញ្ហា​ចរាចរណ៍​ជា​បញ្ហា ​ដែល​ត្រូវ​ដោះ​ស្រាយ​ជា​ចាំបាច់​ក្នុង​ឆ្នាំ​២០១៨​ ក្នុង​ឱកាស​ជួប​សំណេះសំណាល ​របស់​សម្ដេច​ជាមួយ​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​៣​ពាន់​នាក់​មកពី​រោងចក្រ​ចំនួន​ ១៣ ស្ថិតនៅ​តំបន់​ផ្សា​សាំ​ហាន់​ ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី​៣​ ខែមករា ​ឆ្នាំ ២០១៨​ កន្លងទៅ​។

យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ ​និង​សណ្តាប់ធ្នាប់​សាធារណៈ ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ ទី​២​ខែមករា​ឆ្នាំ ២០១៨​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ ឆ្នាំ​២០១៧ បាន​សម្លាប់​មនុស្ស​១៧៨០​នាក់ និង​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ចំនួន ៥,៥៣៩​នាក់​៕