កសិករ​នៅក្បែរ​ទំនប់​បឹង​កំពីងពួយ មួយចំនួន​ នាំគ្នា​សម្រុក​ដាំ​ត្រសក់​ទ្រើង

92

បាត់ដំបង ៖ ​បើទោះបីជា​តម្លៃ​ហាក់​មិនសូវ​គួរសម ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ខ្លះ នៅ​ទូទាំង​ប្រទេស​ បាននាំគ្នា ​សម្រុក​ដាំ​ដំណាំ​រួមផ្សំ ​ដែល​មាន​រយៈពេល​ខ្លី ជា​លក្ខណៈ​គ្រួសារ ​ហើយ​អាច​បេះ​លក់​យក​កម្រៃ​បាន​តិចតួច ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​អាច​ជួយ​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ផងដែរ​។

ខណៈ​រដូវ​ច្រូតកាត់​បាន​ឈាន​មកដល់ ហើយ​តម្រូវការ​កាន់តែច្រើន​នោះ ​ប្រជាកសិករ​រស់នៅ តំបន់ភ្នំ​ខ្ពស់​ ស្ថិតក្នុង​ភូមិ​តា​ងែ​ន ឃុំ​ច័ន្ទ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​ ក្បែរ​នឹង​បឹង​ទំនប់​កំពីងពួយ មួយ​ចំនួន ​បាន​នាំគ្នា​សម្រុក​ដាំ​ដំណាំ​ត្រសក់​ទ្រើង​ ក្នុង​លក្ខណៈ​ទំហំ​ដី​ជាច្រើន​ហិកតា​។​

កសិករ​ម្នាក់​ឈ្មោះ ភួង សាន រស់នៅ​ភូមិ​តា​ងែ​ន ​ឃុំ​ច័ន្ទ​តា​គ្រាម បាន​ឲ្យ​ដឹងថា​ នៅ​តំបន់ នេះ​គេ និយម​ដាំ​តែ​ត្រសក់ ​ដោយមាន​អ្នក​ដាំ​លើ​ផ្ទៃដី​សរុប​ប្រមាណ​ជាង​១០​ហិកតា ​ហើយ​ការ​ដាំ​នេះ​ គឺ​ដាំ​វិលជុំ​ ជា​បន្ត​គ្នា​រហូត អ្នក​មក​ដាំ​ភាគច្រើន​ជា​អ្នក​មកពី​ចម្ងាយ​ ចំពោះ​អ្នក​តំបន់ភ្នំ​ខ្ពស់​ច្រើនតែ​ដើរ​ស៊ីឈ្នួល​គេ​។ កសិករ​រូបនេះ​ បាន​បន្តថា ​មូល​ហេតុដែល​នាំគ្នា​ដាំ​ដំណាំ​នេះ គឺ​មកពី​វា​រហ័ស​ឲ្យ​ផល ចំណែក​ទីផ្សារ ​វិញ មានការ​ឡើង​ចុះ​ជា​ការ​ធម្មតា ​និង​នៅ​ពេល​ប្រមូល​ផល​ ត្រូវ​បាន​ឈ្មួញ​ចុះ​ទិញ​យក​អស់ៗ​តែម្តង​។

កសិករ ភួង សាន បាន​បញ្ជាក់ថា ចំពោះ​ផ្ទៃ​ដែល​គាត់​កំពុង​ដាំ​នេះ​ចំនួន​៤​រ៉ៃ ​ប្រមូល​ផល​ក្នុង​មួយថ្ងៃ បាន​ចំនួន​២​តោន​ ហើយ​លក់​ក្នុង​តម្លៃ​ ៥​រយ​ ទៅ​៦​រយ​រៀល​ក្នុង​មួយ​គីឡូក្រាម ​ដែល​អាច​បាន​ចំណេញ ​បន្តិចបន្តួច ​មិន​ច្រើន​នោះទេ​។

ដោយឡែក​កសិករ​ម្នាក់ទៀត​ឈ្មោះ មឿ​ន ដែល​ជា​អ្នក​ជួល​ដី​គេ​ដាំ​ដំណាំ​ត្រសក់​នេះ ​បាន​ឲ្យ​ដឹង ថា ពេល​វា​ឲ្យ​ផល​អាច​បេះ​បាន​រាល់ថ្ងៃ​ ក្នុង​រយៈពេល​ជាង​១​ខែ​ សម្រាប់​បច្ចុប្បន្ន ​លោក​កំពុង​ប្រមូល​ផល ចុងដៃ ​ដោយ​លក់​ក្នុង​តម្លៃ​ គ្រាន់បើ​ពី​១​ពាន់​២​រយ ​ទៅ​១​ពាន់​៣​រយ​រៀល​ ក្នុង​មួយ​គីឡូក្រាម​។ ការ​ដាំ​ត្រសក់ នេះ ​ជួយ​ឲ្យ​គាត់​អាច​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​គ្រាន់បើ ​ហើយ​ក្រោយពេល​ប្រមូល​ផល​អស់ លោក ​នឹង​ដើរ​ជួល​ដី​គេ​ដាំ​បន្ត​ទៀត​។

លោក​ បាន​ឲ្យ​ដឹងថា​ ចំពោះ​បញ្ហា​ប្រឈម​នៅ​ពេល​ដាំ​ដុះ គឺ​ដំណាំ​ត្រូវ​បាន​ទឹក​លិច​អស់​ខ្លះ ហើយ ពេលខ្លះ ក៏​ខ្វះខាត​ទឹក​ស្រោចស្រព ​មាន​សត្វល្អិត និង​ដង្កូវ​រំខាន តែ​អាច​ការពារ​បាន​ទាន់​ពេល​។សម្រាប់​នៅក្បែរ​ ទំនប់​បឹង​កំពីងពួយ ប្រជាពលរដ្ឋ​មកពី​តាម​ភូមិ ឃុំ ​និង​ស្រុក​នានា ក្នុង​ខេត្ត​បាត់ ដំបង បាន​នាំគ្នា​ជួល ឬ​ទិញ​ដី​នៅ​តំបន់​នេះ ដាំ​ដំណាំ​ផ្សេងៗ​ ដែលមាន​រយៈពេល​ខ្លី ដូចជា​ ត្រសក់ ស្ពៃស ស្ពៃ​តឿ ស្ពៃជើងទា និង​ម្ទេស ជាដើម ជា​លក្ខណៈ​វិញ​ជុំ ហើយ​ក្រោយពេល​ប្រមូល​ផល​បាន ពួកគេ​ខ្លះ​យក​ ទៅ​លក់​ផ្ទាល់​នៅ​ផ្សារ​ឯ​ទី​រួម​ខេត្តបាត់ដំបង​ និង​ខ្លះ​ទៀត​បាន​លក់​ឲ្យ​ឈ្មួញកណ្ដាល ដែល​ការ​ដាំ​ជា​បន្ត​ បន្ទាប់​របស់​ពួកគេ ​អាចជួយ​ដោះ​ស្រាយ​ជីវភាព​បាន​គ្រាន់បើ​ផងដែរ​៕