ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ UN​ អះ​អាង​ថា ការ​តវ៉ា​នៅ​អ៊ីរ៉ង់​មិន​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខអន្តរជាតិ​នោះ​ទេ

645

អាមេរិក៖ ​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​និយាយ​ប្រាប់​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ UN ​កាលពី​ថ្ងៃ​សុក្រ​ថា ការ​តវ៉ា​កាល​ពី​ពេល​ថ្មីៗ​នេះនៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ នឹង​មិន​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​នោះ​ឡើយ ដែល​ការ​អះ​អាង​បែបនេះអាច​ជា​ការរិះគន់​មួយ​ មក​លើ​សហរដ្ឋអាមេរិក​ដែល​សុំ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​នោះ​។​លោក​ឯក​អគ្គ​រដ្ឋ​ទូត ​ហ្វ្រ​ង់​ស្វ័​រ ដឺ​ឡា​ទ្រឹ បាន​និយាយ​ថា ទោះបីជា​យ៉ាងណាក៏ដោយការ​ព្រួយ​បារម្ភ​ ពី​ការ​តវ៉ា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ មិន​មែន​ជា​ការ​គំរាម​កំហែង​ណាមួយ​មក​លើ​សន្តិសុខ និង​សន្តិភាព​អន្តរជាតិ​នោះ​ឡើយ​។​ នៅ​ក្នុង​ជំនួប​នោះ​ដែរឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ប្រចាំ​នៅ UN​ បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​មាន​ភស្តុតាង​ច្បាស់លាស់​ថា ការ​តវ៉ា​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ គឺ​ត្រូវ​បាន​បញ្ជា​យ៉ាង​ច្បាស់​ក្រឡែត​ពី​បរទេស​។

​លោក​ឯកអគ្គរដ្ឋទូត ហ្គូ​ឡា​ម៉ាលី កូ​ស​រូ បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​បំពាន​លើ​អំណាច​របស់​ខ្លួន ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​លើ​ការ​តវ៉ា​មួយ​នេះ​៕
​អត្ថបទ៖​ សារ៉ាត់