ស្វាយរៀង​គ្រោង​នាំចូល​កីឡាករ​បរទេស ៥​នាក់​ ក្រោយ​បញ្ចប់​កុងត្រា​កីឡាករ​ចាស់ៗ​ទាំងអស់​

39

បាល់ទាត់៖ ដើម្បី​ត្រៀម​ការប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ថ្មីឆ្នាំ​២០១៨​នា​ពេល​ឆាប់ៗ​ខាងមុខ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងបាន​នឹង​កំពុង​ធ្វើ​តេស្ដ​កីឡាករ​បរទេស​ជាច្រើន ហើយ​គ្រោង​នឹង​ជ្រើសរើស​សមាជិក​ថ្មី​ចំនួន ៥​នាក់មក​ជំនួស​កៅអី​កីឡាករ​បរទេស​ចាស់ៗ បន្ទាប់ពី​ក្លឹប​បាន​បញ្ចប់​កុងត្រា ដើម្បី​ប្រកួតប្រជែង​ជាមួយ​នឹង​ក្លឹប​ផ្សេងៗនៅ​ក្នុង​ការប្រកួត ដែល​គ្រោង​ចាប់ផ្ដើម​នា​ដើមខែ​មីនា​ខាងមុខ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សំ វ៉ាន់​ដេ​ត គ្រូ​បង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង។

​ថ្លែងប្រាប់​ក្រុមការងារ​ទូរទស្សន៍ BTV ស្រប​ពេល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ប្រកួត​មិត្តភាព​ចាញ់​ក្រុម​ម៉ាឡេស៊ី Terengganu FC ដែល​ជា​ក្លឹប​ថ្មី​របស់​កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​លទ្ធផល ១-០ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ លោក សំ វ៉ាន់​ដេ​ត បាន​និយាយ​ថា ឆ្នាំនេះ​ថ្នាក់ដឹកនាំក្លឹប​បានសម្រេច​ជ្រើសរើស​កីឡាករ​បរទេស ៥​នាក់។ ​សូម​បញ្ជាក់​ថា សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៧ កន្លងទៅ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​គឺ​បាន​បញ្ចប់​បេសកកម្ម ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​លី​គ​កំពូល​កម្ពុជា។ ក្នុង​នោះ​ក្រុម​ដឹកនាំ​ដោយ​លោក សំ វ៉ាន់​ដេ​ត នេះ​ប្រើប្រាស់​កីឡាករ​បរទេស ៥​នាក់​ប៉ុណ្ណោះ ដែល​សុទ្ធ​តែ​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ាដូចជា​កីឡាករ George Bisan, Chidera Ononiwu, Ugochukwu Obi និង​កីឡាករ Chigozie Prinzwill។ ប៉ុន្តែ​សម្រាប់​រដូវ​កាល​ថ្មីនឹង​មាន​កីឡា​ករនី​ហ្សេ​រី​យ៉ា​ចូលរួម​ឡើយ។ បន្ថែម​លើ​នេះ​ព្រះខ័ន​រាជ​ស្វាយរៀងក៏​គ្រោង​ប្រមូល​យក​កីឡាករ​ក្នុងស្រុក ដែល​ក្លឹប​មួយ​ចំនួន​បាន​ខ្ចី​ជើង​ត្រឡប់​មក​ជួយ​ក្រុម​វិញ នា​រដូវ​កាល​ថ្មី​នេះ​ទៀត​ផង៕
​អត្ថបទ៖ លី ឈុន​ឡា