ក្រុម​កីឡា​តេ​ក្វាន់​ដូ​ក្មេងៗ​ជាង ២០០​នាក់​ចូលរួម​ប្រកួត​ជើងឯក​អបអរ​ទិវា​ជ័យជម្នះ ៧​មករា​

63

តេ​ក្វាន់​ដូ៖ សមាគម​តេ​ក្វាន់​ដូ WTF រាជធានី​ភ្នំពេញកាលពី​ថ្ងៃ​ទី​០៧ ខែ​មករា​ម្សិលមិញ បាន​រៀប​ចំ​ការប្រកួត​តេ​ក្វាន់​ដូ ជ្រើសរើស​ជើងឯកលើក​ទី​៣ នៅ​ក្នុង​សាល​មជ្ឈមណ្ឌល​តេ​ក្វាន់​ដូ​ប៉ូ​យ៉ុង​-​ខ្មែរ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ថ្ងៃ​ជ័យ​ជម្នះ ៧មករា ខួប​លើក​ទី​៣៩ ឆ្នាំ​១៩៧៩-២០១៨។ការប្រកួត​នេះបាន​ធ្វើឡើង​រយៈពេល​ពេញ​មួយថ្ងៃ ដោយមាន​កីឡាករ​-​កីឡា​ការិនី​វ័យក្មេង​សរុប ២១៥​នាក់ មកពី ១៤​ក្លឹប​ចូលរួម ក្នុង​នោះ​គឺ​មាន​ក្លឹប​ក្នុង​រាជធានី​ភ្នំពេញ ១០​ក្លឹប និង​ក្លឹប​មកពី​បណ្ដា​ខេត្ត ៤​ក្លឹប រួមមាន​ក្លឹប​មកពីខេត្ត​កណ្ដាល, ខេត្ត​បន្ទាយមានជ័យ, ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប។ តំណាង​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​នេះបាន​ឲ្យ​ដឹង​ថា ចំពោះ​វិញ្ញាសា​ត្រូវ​បាន​កំណត់​ឲ្យ​ប្រកួត​សរុបមាន​ចំនួន ១៣​វិញ្ញាសា តែ​ភាគច្រើន​គឺ​ផ្ដោត​លើ​វិញ្ញាសា​ប្រកួត​កីឡាករ​-​កីឡា​ការិនី​វ័យក្មេងដែល​មាន​អាយុ​ចាប់ពី ៩​ឆ្នាំ រហូតដល់​លើស​អាយុ ១៨​ឆ្នាំ ដោយមាន​ទាំង​ការសម្ដែង និង​ការ​ប្រយុទ្ធ​ជាដើម។

សម្រាប់​គោលដៅ​សំខាន់​ក្នុង​ការ​ប្រកួត ក្រៅពី​ចូលរួម​អបអរសាទរ​ទិវា​ជ័យជម្នះ ៧មករា ខួប​លើក​ទី​៣៩ ឆ្នាំ​១៩៧៩-២០១៨ ក៏​ជា​ការ​អភិវឌ្ឍន៍បណ្ដុះបណ្ដាល​ថ្នាល​និស្ស័យ​កីឡា​វ័យក្មេង ជា​ធនធានដើម្បី​ត្រៀម​ចូលរួម ការប្រកួត​ជើងឯក​ផ្សេងៗរបស់​សហព័ន្ធ និង​រួមចំណែក​កសាង​ធនធាន​កីឡាករ​-​កីឡា​ការិនី​ឆ្នើម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ផង​ដែរ៕
អត្ថបទ៖ លី ឈុន​ឡា