មន្ត្រី​កាំកុងត្រូល​ភ្នំពេញ​ ចុះ​ឆែកឆេរ​ចំណីអាហារ​នៅ​ផ្សារ​អូរ​ឫស្សី​រក​ឃើញ​សារធាតុ​គីមី​នៅ​ផ្កា​គូឆាយ

31

ភ្នំពេញ ៖ ​មន្ត្រី​កាំកុងត្រូល​ផែ​ស្ងួត​ ចុង​ទី​ភ្នំពេញ​នៅ​ថ្ងៃទី​៨ ខែមករា​ ឆ្នាំ​២០១៨​នេះ ​បាន​ចុះ​ឆែកឆេរ​ចំណីអាហារ​បន្លែ ​ប្រមាណ​ជាង​៧០​មុខ ​នៅ​ផ្សារ​អូរ​ឫ​ស្សី ​ដោយ​បាន​រក​ឃើញ​នូវ​សារ​ធាតុគីមី​លើស​កម្រិត​ នៅក្នុង​ផ្កា​គូឆាយ ​ដែល​សារធាតុ​ហាមឃាត់​ទាំងនេះ​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ខណៈ​កំពុង​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ផ្សារ​នោះ​លោក​ គង់ វុទ្ធី​ អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត ​ចុង​ទី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា​ ក្នុង​ប្រតិបត្តិ​ការ​ចុះពិនិត្យ​​ទំនិញ​នេះ គឺធ្វើ​ឡើង​តាម​ការណែនាំ​ពី​ប្រធាន​ប្រតិភូ​ទទួលបន្ទុក​អគ្គ​នាយក​ដ្ឋាន​កាំកុងត្រូល​ និង​លោក​ប្រធាន​សាខា​ ផែស្ងួត​ ចុង​ទី​ភ្នំពេញ​។

លោក​ បន្តថា ​ការ​ចុះពិនិត្យ​ទំនិញ​នៅ​ផ្សារ​អូរ​ឫស្សី​នេះ​ក្រុមការងារ​របស់​លោក​បាន​យក​ទំនិញ​ ជាង​៧០​ មុខ​ ពី​ក្រុម​អាជីវករ​ក្នុង​ផ្សារ​ ទៅពិនិត្យ​ក្នុង​ឡាន​ឡា​ប៉ូ​ ពិសោធន៍​ស្វែងរក​សារធាតុ​គីមី​ភ្លាមៗ​តែម្តង​។ ​បន្ទាប់ពី​រក​ឃើញ​ចំណីអាហារ ​ឬ​បន្លែ​ របស់​អាជីវករ​មាន​ដាក់​នូវ​ជាតិគីមី​លើស​កម្រិត​ក្រុម​ការងារ​នឹង​ ធ្វើការ​ដកហូត ​និង​ធ្វើ​កិច្ចសន្យា​ជាមួយ​បងប្អូន​អាជីវករ​ផងដែរ​។

នៅក្នុង​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​នេះ​ លោក​គង់ វុទ្ធី បាន​ឲ្យ​ដឹងថា ​ក្រុមការងារ​របស់​លោក​បាន​ពិនិត្យ​រក​ឃើញ​មាន​សារ​ធាតុគីមី​ នៅក្នុង​ទំនិញ​ចំនួន​មួយ​មុខ​នៅ​ក្នុង​បន្លែ​ផ្កា​គូឆាយ ​ដែល​សារធាតុ​ទាំងនេះ​ នឹងធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល​យ៉ាងខ្លាំង​ដល់​សុខភាព​របស់​អ្នក​បរិភោគ​។ ​តែ​យ៉ាង​ណាក្តី​ទំនិញ​ដែល​ បាន​រក​ឃើញ​នោះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់​លោក​ធ្វើការ​រឹបអូស​យក ​ទៅ​កម្ទេច​ចោល​និង​ឲ្យ​អាជីវករ​ចុះ​កិច្ចសន្យា​ឈប់​លក់​បន្តទៀត​ផងដែ​រ​។

ជាមួយគ្នា​នោះដែរ​លោក គង់ វុទ្ធី ក៏បាន​ណែនាំ​ដល់​ក្រុម​អាជីវករ​ទាំង​អស់​ដា​ក់​តាំង​លក់​ផលិតផល​អោយ​ត្រូវ​តាម​លក្ខណះ​បច្ចេកទេស ​ដោយ​ញែក​ចេញពី​គ្នា​រវាង​គ្រឿង​ប្រើប្រាស់​ដែល​ផ្ទុក​សារ​ធាតុពុល ​និង​ម្ហូបអាហារ​ហាម​ការ​ដាក់​តាំង​ផលិតផល​ភេសជ្ជៈ​ត្រូវ​កំដៅថ្ងៃ ​ និង​ការ​ដាក់​លក់​ផលិតផល​ហួស​កាលបរិច្ឆេទ​ជាដើម​ផងដែរ​។

លោក​ក៏បាន​អំពាវនាវ​ដល់ អាជីវករ អ្នក​ចែកចាយ​លក់ដុំ លក់រាយ ​អ្នក​ផលិត នាំចូល​ចែកចាយ ត្រូវ​តែ​មាន​ប្រភព​ច្បាស់លាស់​សិន​មុននឹង​ទទួល​លក់ ​ហើយ​បញ្ជាក់​​ការ​លាយ​បន្ថែម​នូវ​សារ​ធាតុគីមី ទៅលើ​ផលិតផល​ម្ហូប​អាហា​រដែ​ល​ធ្វើ​អោយប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​៕

​​