ឆ្នាំ​២០១៨​នេះ​ក្រុមហ៊ុន​ចិន​គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​ កសិផល​ខ្មែរ​ចំនួន​៥​កន្លែង​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់

110

ពោធិ៍សាត់​ ៖ យោង​តាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ បាន​​ឲ្យ​ដឹងថា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​ចិន​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហុងកុង​ប្រទេស​ចិន​គ្រោង​វិនិយោគ​ទ្រុង ទ្រាយ​ធំ​បង្កើត​រោងចក្រ​ចំនួន​៥​កន្លែង​ស្ថិតក្នុង​ខេត្ត​ពោធិ៍សាត់ ដើម្បី​កែច្នៃ​ កសិផល​ខ្មែរ​និង​ដាំ​ដុះ​ដំឡូង​មី​បែន​ទំនើប​។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ថ្លែងប្រាប់​​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ក្រុមហ៊ុន​ចិន​ដែល​មាន​ទីស្នាក់ការ​នៅ​ហុងកុង​ប្រទេស​ចិន​កំពុងតែ​រៀបចំ​គម្រោង​វិនិយោគ​ដំឡើង ​រោងចក្រ​កែច្នៃ​កសិផល​ខ្មែរ​៥​កន្លែង ​មាន​ទីតាំង​ស្ថិតនៅ​ខេត្តពោធិ៍សាត់​ ក្នុង​ផ្ទៃដី​ប្រមាណ​២​ម៉ឺន​ហិកតា ​ដើម្បី​ធ្វើ​កសិកម្ម​ទំនើប​លើ​ដំណាំ​ដំឡូង​មី​។

ឯកឧត្តម ​បាន​បន្តទៀតថា ​សម្រាប់​លទ្ធភាព​នៃ​រោង​ចក្រ​នីមួយៗ​នោះ​គឺ​អាច​ទទួល​ដំឡូង​មី​ស្រស់​ចូល​ផ្គត់ផ្គង់​រោងចក្រ​បាន​ចំនួន​៥០០​ពាន់​តោន ​និង​អាច​ផលិត​ម្សៅ​មី ​ក្នុង​១​ឆ្នាំ​បាន​ចំនួន​២០០ ​ពាន់​តោន​ក្នុង​រោងចក្រ​មួយ​ហើយ​អាច​ផលិត​ជា​ចំណី​សត្វ​បាន​ចំនួន​ ៥០​ពាន់​តោន​ផងដែរ​។

ឯកឧត្តម​ បញ្ជាក់ទៀតថា​ ទិសដៅ​នៅ​ឆ្នាំ​២០១៩២០២០​ក្រុមហ៊ុន​ចិន​គ្រោង​ដំឡើង ​រោង​ចក្រ​ចំនួន​១៥​រោងចក្រ​ទៀត​នៅ​ទី​តាំ​ង ខេត្ត​ត្បូងឃ្មុំ ​ហើយ​តាម​ការពិនិត្យ​បង្កើត​រោង​ចក្រ​នោះ​នៅ​ទីតាំង​តំបន់​ណា​នៅ​ចំណុច​កណ្តាល​ដែល​អាច​ដាំ​ដំឡូង​មី​ បាន​និង​សម្រួល​ដល់​សេវា​ដឹកជញ្ជូន​ផង​ដែរ​។

ឯកឧត្តម​ បាន​បន្ថែម​ទៀតថា​ ក្រុមហ៊ុន​ចិន​បាន​មើល​ឃើញ​ឱកាស​នៅ​កម្ពុជា​ច្រើន​គឺ​ ការ​ផ្សារភ្ជាប់​ការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​ទៅ​កម្ពុជា​ និង​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ ក្នុង​ការ​នាំចេញ​កសិផល​ បន្លែ​ផ្លែឈើ​ ដើម្បី​ដឹកជញ្ជូន​ផ្ទាល់​តែម្តង​ ហើយ​តាម​អ្វី​ដែល​បាន​សន្យា​នោះ ក្រុមហ៊ុន​ចិន​និង​ឈាន​ដល់​ការ​បោះ​ទុន​វិនិយោគ​នា​ពេល​ខា​មុខ​នេះ​។

សម្រាប់ លោក ចាន់ សុផល នាយក​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ បាន​ថ្លែងថា​ នេះ​ជា​ដំណឹង​ល្អ​ផងដែរ ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ពេល​មានការ​បណ្តាក់​ទុន ​និង​បង្កើត​រោងចក្រ​កែច្នៃ​កសិផល​ផ្សេងៗ ​ដែល​កសិករ​ផលិត​បាន​នា​ពល​កន្លងមក​។​

លោក​ បាន​បន្ថែមថា ​បច្ចុប្បន្ន​កសិផល​ខ្មែរ​មាន​ច្រើន​ប៉ុន្តែ​មិន​ទាន់មាន​រោងចក្រ​កែច្នៃ​ដូច​ប្រទេស​ជិតខាង​នៅឡើយ​ទេ ​ហើយ​ការទាក់​ទាញ​វិនិយោគ របស់​ក្រសួងកសិកម្ម នឹង​ជំរុញ​ការផលិត​របស់​កសិក​រ​មានតម្លៃ​បន្ថែម​ផងដែរ​។

កាលពី​ថ្ងៃទី ២៣​ខែធ្នូ​នេះ​ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី អមដំណើរ​ដោយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​បាន​អនុញ្ញាត​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ Green Leader holding Group Co. LTD.​ចូល​ជួប​សម្ដែង​ការគួរសម និង​រាយការណ៍​ពី​វឌ្ឍនភាព​នៃ​ការ​វិនិយោគ​លើ​ការ​ដាំដុះ​ដំឡូង​មី​កែច្នៃ​និង​ការនាំចេញ​ផលិតផល​ម្សៅ​មី​និង​ប្រេង​អេតានុល ។

ក្រុមហ៊ុន​នេះ និង​សាង​សាង​រោងចក្រ​ចំនួន​៥​នៅ​ក្នុង​ឆ្នាំ​២០១៨​ហើយ​មាន​ផែនការ​សាងសង់​រោង​ចក្រ​ឲ្យ​បាន​ចំនួន​១០​នៅ​ឆ្នាំ​២០២០​ដែល​អាច​ផលិត​ម្សៅ​មី​រហូតដល់​២ ​លាន​តោន ​សម្រាប់​នាំចេញ​៕