សម្តេច​តេ​ជោ ​៖ សេដ្ឋកិច្ចកម្ពុជា​សម្រេច​បាន​កំណើន​៦,៩ ​ភាគរយ​ កាលពី​ឆ្នាំមុន

88

ភ្នំពេញ ៖ ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែងថា​ សេដ្ឋកិច្ចកម្ពុជា​ កាលពី​ឆ្នាំមុន ​សម្រេច​បាន​កំណើន​៦,៩​ភាគរយ ​និង​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​ម្នាក់ៗ ទទួល​បាន​១៤៣៥​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។

សម្តេច​តេ​ជោ​ ហ៊ុន សែន ​បាន​មានប្រសាសន៍​បែបនេះ​ ក្នុង​ពិធី​រំលឹក​ខួប​នៃ​ទិវា​ជ័យជំនះ​​ ៧​មករា លើក​ទី​៣៩ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​៤៥,០០០​នាក់​ កាលពី​ថ្ងៃទី​០៧ ខែមករា ​ម្សិល​ម៉ិ​ញ​នេះ​ថា ការរក្សាបាន​នូវ​សុខសន្តិភាព ​ស្ថិរភាព​នយោបាយ​ និង​សន្តិសុខ​ដ៏​រឹងមាំ​ បាន​ធានា​ឲ្យ​កម្ពុជា​សម្រេច​បាន​ សមិទ្ធផល​ធំៗ​ ជាថ្មីទៀត​ ក្នុង​ដំណើរការ​​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ​និង​កែ​លំអរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

សម្តេច​ បាន​បន្តថា ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​នេះ ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​រីកចម្រើន​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល ​សំណង់ កសិកម្ម និង​សេវាកម្ម ដូចជា​ទេសចរណ៍​ និង​អចលនទ្រព្យ​ជាដើម​។​ ជាមួយគ្នានេះ​កម្ពុជា​បាន​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ​ពី​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ​ទៅជា​ប្រទេស​ដែល ​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​ និង​សេវាកម្ម​។

សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​បន្តថា​ ជីវភាព​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើរ​ឡើងជា​រៀង​រាល់ឆ្នាំ និង​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី​៥៣,៥​ភាគរយ​នៅ​ឆ្នាំ​២០០៤ មក​នៅ​ត្រឹម​១៣,៥​ភាគរយ​នៅ​ឆ្នាំ​២០១៤ និង​ធ្លាក់​ចុះ​ថែមទៀត ​ខណៈដែល​គម្លាត​ប្រាក់ចំណូល​ប្រជាពលរដ្ឋ ក៏​ត្រូវ​បាន​កាត់បន្ថយ​ផងដែរ​។

ការលើកឡើង​របស់​ស​ម្តេច មាន​ភាពស្រដៀងគ្នា​នឹង​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍អាស៊ី ​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​។

លោក​បណ្ឌិត​ ហុង វណ្ណៈ​ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា​ បាន​ថ្លែងថា ​ប្រសិនជា​គិត​ក្នុង​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ ការ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់​៦,៩​ភាគរយ​ជា​រឿង​ល្អ ​ដែល​អាច​ឲ្យ​កម្ពុជា ​អាច​ឈោង​យក​កំណើន​សេដ្ឋកិច្ច​បានល្អ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ​ហើយ​ប្រសិនជា​កម្ពុជា​រក្សា​បាន​នូវ​សន្តិភាព ​នូវ​ស្ថិរភាព​នយោបាយ​ សេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​បាន​កំណើន​ក្នុង​រង្វង់​៧​ភាគរយ ឬ​អាច​ខ្ពស់​ជាង​នេះទៀត ​ដោយសារ​កំណើន​នៃ​ការ​វិនិយោគ​ផ្ទាល់ពី​បរទេស​ ពិសេស​ពី​ប្រទេស​ចិន ពី​ប្រទេស​សមាជិក​អាស៊ាន អឺរ៉ុប​ជាដើម​។

លោក​បណ្ឌិត​ បន្តថា លោក​នៅតែ​មើលឃើញថា​ អ្នក​វិនិយោគ​ចិន​កាន់​តែច្រើន​នៅ​បន្ត​ចូលមក​កម្ពុជា ហើយ​អ្នក​វិនិយោគ​ដទៃទៀត​ក៏បាន​ចូលមក ​ដោយ​មិន​ឃើញ​សញ្ញា​ថមថយ​នោះទេ ​ដែល​នេះ​សុទ្ធតែ​ជា​សញ្ញា​ល្អ ​ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ប្រមូល​ចំណូល​បាន​កាន់​តែច្រើន ​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​៕