ប្រជាជន​សប្បាយរីករាយ​ចំពោះ​កំណើន​សេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេច​បាន​

58

ភ្នំពេញ៖ ប្រជាជន​កម្ពុជា​សប្បាយ​រីករាយ ចំពោះ​ការ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុ​ង​ក្រោយនេះ ជា​ពិ​សេស​ការ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច ក្នុង​រង្វង់​ជាង​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ និង​ការដំឡើង​ប្រាក់ខែ​ចំពោះ​កម្មករ កម្មការិនី​រោងចក្រ​ទទួល​បាន ១៧០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​នៅ​ឆ្នាំ​២០១៨​នេះ​។​

ជា​មួយនឹង​ការ​សម្រេចបាន នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ដ៏​ល្អប្រសើរ ដែល​ជំរុញ​ដោយ​វិស័យ​កសិកម្ម ឧស្សាហកម្ម វិស័យ​សំណង់ និង​អចលនទ្រព្យ​ដែល​ធ្វើ​ឲ្យ​វិស័យ​សេវាកម្ម​កើនឡើង​ដល់​៤៥​ភាគរយ​នៃ​ផលទុនជាតិ​សរុប​។ លើសពីនេះ​គឺ​គោលនយោបាយ​រដ្ឋាភិបាល​កម្ពុជា បាន​លើកទឹកចិត្ត​មន្ត្រីរាជការ​គ្រប់​ក្រសួង​ស្ថាប័ន ដែល​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ ប្រាក់ខែ​មន្ត្រីរាជការ​នឹងត្រូវ​ដំឡើង​យ៉ាងតិច​១​លាន​រៀល​។​

ទន្ទឹមនឹង​មានការ​សាទរ​ចំពោះ ការអភិវឌ្ឍ​ទាំងនេះ បញ្ហា​តំលៃ​ទំនិញ​លើ​ទីផ្សារ​ក៏មាន​ភាព​ហក់​ឡើង​ផងដែរ ជាពិសេស​បញ្ហា​តំលៃ​ប្រេងសាំង ដោយ​សព្វថ្ងៃ​សាំង​ធម្មតា​មានតម្លៃ​៣៩០០​រៀល​ក្នុង​មួយ​លីត្រ និង​សាំង​ស៊ុបពែរ​បាន​ឡើងដល់​៤០០០​រៀល​ក្នុង​មួយ​លីត្រ​។​

ជាមួយនឹង​ក្តី​រីករាយ​ចំពោះ​ការយកចិត្តទុកដាក់ ពី​ប្រមុខ​រដ្ឋាភិបាល​នេះ ក្រុម​អ្នករត់ម៉ូតូឌុប និង​ម៉ូតូ​កង់​បី បានលើកឡើង​នូវ​សំណូមពរ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​ក្នុង​បញ្ហា​តំលៃ​សាំង​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់​។​

តំលៃ​សាំង​ត្រូវ​បាន​កំណត់ដោយ​អន្តរក្រសួង ក្នុងនោះ​មាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល​ដែល​កំណត់​ឲ្យ​គ្រប់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់​លក់​សាំង​ក្នុងតម្លៃ​ដែល​ក្រសួង​បានសម្រេច​។ ក្នុង​សេចក្ដីជូនដំណឹង ស្ដីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ របស់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២​ខែមករា ឆ្នាំ​២០១៨ កំណត់​តម្លៃ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី ២​ដល់​ថ្ងៃទី ១១​មករា​ក្នុង​តំលៃ​៣៩០០​រៀល​សម្រាប់​ប្រេងសាំង​ធម្មតា​ក្នុង​មួយ​លីត្រ រឺ​ស្មើនឹង​០.៩៧​ដុល្លារ​អារ​មេ​រិ​ក​ក្នុង​មួយ​លីត្រ​៕