ក្រសួង​អប់រំ​ត្រៀម​ថវិកា ៦,០០០​លាន​រៀលរៀបចំ​កីឡា​ជាតិ​លើក​ទី​២

62

កីឡា​ជាតិ៖ ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ គឺ​គ្រោង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភារហូតដល់​ថ្ងៃ​ទី​០៥ ខែ​មិថុនា​ខាងមុខ ខណៈ​រយៈពេល ១២​ថ្ងៃនៃ​ការរៀបចំ​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​ធំ ២​ឆ្នាំ​ម្ដងនេះ ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ត្រៀម​ថវិកា​រដ្ឋ​ចំនួន ៦,០០០​លាន​រៀល ដើម្បី​ចំណាយ​លើ​ការ​ការប្រកួត និង​ការរៀបចំ​ផ្សេងៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា។

​ឯកឧត្ដម អ៊ុក សិទ្ធិ​ជាតិ បាន​ឲ្យ​ដឹង​ថា កីឡា​ជាតិ​ឆ្នាំនេះ​ក្រសួង​អប់រំ​បាន​ត្រៀម​ថវិកា​ប្រមាណ ៦,០០០​លាន​រៀល​ដើម្បី​រៀបចំពោល​គឺ​កើន​ឡើង​ទ្វេដង​ បើ​ធៀប​នឹង​ការ​ចំណាយ​កាលពី​កីឡា​ជាតិលើក​ទី​១ ឆ្នាំ​២០១៦ ដែល​ក្រសួង​អប់រំ​ចំណាយ​ត្រឹម ៣,០០០​លាន​រៀល​ប៉ុណ្ណោះ​។ ជុំវិញ​ការ​បង្កើន​ខ្ទង់​ចំណាយ​ទ្វេដង​នេះ​ដែរ ឯកឧត្ដម​បាន​ពន្យល់​ថា ដោយសារ​មានការ​បង្កើន​ប្រភេទ​កីឡា​ចូលរួម​ពី ១៥​ប្រភេទទៅ ២៧​ប្រភេទ​កីឡា​ឯណោះ។​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នេះ​បាន​បន្ថែម​ថា កាលពី​កីឡា​ជាតិ​លើក​ទី​១ មាន​កីឡា​ចូលរួម​ត្រឹម ១៥​ប្រភេទ​ស្មើនឹង​ប្រតិភូអត្ត​ព​លិ​ក​សរុប​ជិត ២,០០០​នាក់ តែ​លើក​ទី​២ នេះ​ក្រសួង​អប់រំបានសម្រេច​បង្កើន​ប្រភេទ​កីឡា​ដល់​ទៅ ២៧​ប្រភេទ​ស្មើ​នឹង​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប​ជាង ៥,០០០​នាក់។ ដូច្នេះ​ទើប​ទំហំ​ចំណាយត្រូវ​កើន​ឡើង​ច្រើន ប៉ុន្តែ​ការ​ត្រៀម​ថវិកា ៦,០០០​លាន​រៀល​នេះ មិន​គិត​លើ​ការ​ចំណាយ​ក្នុង​ការ​រៀបចំ​ពិធី​បើក និង​ពិធី​នោះ​ទេ គ្រា​ដែល​ពិធី​បើក និង​បិទគឺជា​បន្ទុក​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

​សូម​បញ្ជាក់​ថា ការប្រកួត​កីឡា​ជាតិ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ចាប់​ដៃ​គ្នា​រៀបចំឡើងក្រោម​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ដក​បទពិសោធន៍​ក្នុង​ការ​រៀបចំសម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ ការប្រកួត​កីឡាស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ នៅ​លើ​ទឹកដី​កម្ពុជា​៕
​អត្ថបទ លី ឈុន​ឡា