បញ្ហា​ហិរញ្ញវត្ថុ​នៅតែ​ជា​ឧបសគ្គ​ក្នុង​ការអភិវឌ្ឍន៍​កីឡា​គុន​ដាវ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

59

គុន​ដាវ៖ បន្ទាប់ពី​គេច​ផុត​ពី​ការ​បញ្ឈរ​សមាជិកភាព​ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បាន​បង្ហាញ​ពី​មហិច្ឆតា​ដ៏​ធំ ក្នុង​ការ​អភិវឌ្ឍន៍​កីឡា​ជំនាញ​មួយ​នេះ ឆ្ពោះ​ទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ ប៉ុន្តែ​ទន្ទឹម​ជាមួយគ្នា​ថ្នាក់ដឹកនាំ​សហព័ន្ធ​ ក៏បាន​បង្ហើប​ពី​ឧបសគ្គ​ដែល​រារាំង​ ដល់​ការអភិវឌ្ឍន៍​នេះ​ផង​ដែរ​គឺ​បញ្ហា​ហិរញ្ញវត្ថុ។

ឯកឧត្ដម តែ ឡូ​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​ថ្លែងប្រាប់​ក្រុមការងារ​ទូរទស្សន៍ BTV ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សហព័ន្ធ​បាន​នឹង​កំពុង​ធ្វើ​ការ​ងារ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​បញ្ជ្រាប​កីឡា​មាន​ប្រភព​ពី​បរទេស​នេះ ទៅតាម​គ្រឹះស្ថានសិក្សា និង​ពន្យល់​សិស្សានុសិស្ស​ឲ្យ​យល់​ពី​កីឡា​គុន​ដាវ ដើម្បី​គៀង​គរ​យុវជនចូលរួម​លេង​កីឡា​គុន​ដាវឲ្យ​បាន​ច្រើន ដើម្បី​ចម្រាញ់​រក​ធនធាន​កីឡាករ​-​កីឡា​ការិនី​ឆ្នើមត្រៀម​ការប្រកួត​អន្តរជាតិ​ផ្សេងៗ ពិសេស​គឺ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​ បន្ថែម​លើ​ការ​សម្រួច​ទិសដៅ​ដ៏​ធំ​នេះ ឯកឧត្ដម​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​សហព័ន្ធ​កំពុង​ខ្វះខាតដូចជា​បញ្ហា​គ្រូ​បង្វឹក និង​ឆន្ទៈ​ចូលរួម​របស់​យុវជន​ជាដើម ដោយសារ​ពួកគេ​យល់ថា គុន​ដាវ​ជា​ប្រភេទ​កីឡា​អ្នកមាន និង​មាន​គ្រោះថ្នាក់។ តែ​អ្វី​ដែល​សំខាន់​បញ្ហាគឺ​បញ្ហា​ហិរញ្ញវត្ថុ បើ​ទោះ​បី​សហព័ន្ធ​ទទួល​បាន​ថវិកា​ផ្ទាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​មួយ​ឆ្នាំ ៦០​លាន​រៀល​ក៏ដោយ។​

សូម​បញ្ជាក់​ថា កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧ ដោយ​មើល​ឃើញ​ពី​ភាព​អសកម្ម​របស់​សហព័ន្ធ​កីឡា​គុន​ដាវ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបាន​កត់​សម្គាល់​កីឡា​នេះ ស្ថិត​ក្នុង​បញ្ជី​បម្រុង​នឹង​ព្យួរ​សមាជិកភាព តែ​ក្រោយ​មានការ​ផុសផុល​រៀបចំ​សកម្មភាព​ផ្សេងៗ នា​ចុង​ឆ្នាំ​ដដែល គម្រោង​ព្យួរ​សមាជិកភាព​ក៏​ត្រូវ​បាន​រំសាយ ហើយ​ក្រសួង​អប់រំក៏​បាន​ផ្ដល់​ថវិកា​សម្រាប់​អភិវឌ្ឍន៍ និង​រៀបចំ​ការប្រកួត​ផ្សេងៗ ដល់​សហព័ន្ធ​កីឡា​គុន​ដាវ ដូច​សហព័ន្ធ​មួយ​ចំនួន​ធំផ្សេងទៀត ដោយ​ក្នុង​មួយ​ឆ្នាំ​ទទួល​បាន ៦០​លាន​រៀល។ ប៉ុន្តែ​ដោយសារ​សហព័ន្ធ​ចង់​បង្កើន​ការប្រកួត​ថ្នាក់​ជាតិ ស្រប​ពេល​កីឡាករ​គុន​ដាវមាន​បេសកកម្ម​ចូលរួម ​ប្រកួតលើ​ឆាក​អន្តរជាតិ​ច្រើន​ផង ថវិកា​របស់​ក្រសួង​អប់រំ​ខាងលើគឺ​មិន​អាច​ឆ្លើយតប​ នឹង​ការ​ចំណាយ​របស់​សហព័ន្ធ​នោះ​ទេ​។ ដូច្នេះ​សហព័ន្ធ​កីឡា​ប្ដេជ្ញា​ស្វែងរក​មូលនិធិ​បន្ថែម ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ដាវ​ឲ្យ​ដល់​គោលដៅ ពិសេស​គឺ​ការ​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣​តែម្ដង។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្ដម តែ ឡូ​រិ​ន៕
អត្ថបទ៖ លី ឈុន​ឡា