គណៈប្រតិភូ​កូរ៉េខាងត្បូង ​និងកូរ៉េ​ខាងជើង​ចាប់ផ្ដើម​ពិភាក្សា​ពី​ការ​ចូលរួម​កីឡា​អូឡាំពិក​លើក​ដំបូង

85

កូរ៉េ​ខាង​​ត្បូង៖ កូរ៉េខាងជើង ​និងកូរ៉េ​​ខាងត្បូង​ ចាប់ផ្ដើម​កិច្ចចរចា​ជា​ផ្លូវការ​​លើកដំបូង​របស់​ខ្លួន ​រ​យៈ​ពេល​ជាង​ពីរ​ឆ្នាំ​នៅ​ថ្ងៃ​អង្គារ​ទី៩​ ខែមករា​នេះដែល​ផ្ដោត​ជា​សំខាន់​លើ​ផ្នែក​កីឡា​ ដើម្បី​ពិភាក្សា​គ្នា​ពី​របៀប​ដែល​អត្ត​ព​លិ​ក​កូរ៉េខាងជើង​ អាច​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ នៅ​ប្រទេស​កូរ៉េខាងត្បូង​នា​ខែក្រោយ​ ទោះបី​ជា​មាន​ក្ដី​បារម្ភ​ពី​ជម្លោះ​ក៏ដោយ​។

​ដោយ​មិន​គិត​ពី​របៀបវារៈ​កីឡា​ជា​សំខាន់​ មាន​លក្ខណៈ​តូច​ចង្អៀត​យ៉ាងណា​នោះ កិច្ចប្រជុំ​នេះ​នឹង​ត្រូវ​តាមដាន​យ៉ាង​គៀក​កិត​បំផុត ​ពី​សំណាក់​មេដឹកនាំ​ពិភពលោក ដែលអន្ទះសាចង់​ឃើញ​សញ្ញា​ណាមួយ នៃ​ការកាត់បន្ថយ​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ ​អំឡុង​មាន​ក្ដី​បារម្ភកើន​ឡើង​ជុំវិញ​ការ​អភិវឌ្ឍន៍​ អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ និង​ការ​ផ្គើន​ទៅ​នឹង​សេចក្ដីសម្រេច ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​។​ ក្រុម​មន្ត្រី​ជាន់ខ្ពស់​ចំនួន​ ៥​រូប​មកពី​ភាគី​នីមួយ​ៗ នឹង​ជួប​គ្នា​នៅវិមាន​សន្តិសុខ​កម្ពស់​ ៣​ជាន់​នៅ​លើ​ទឹកដីនៃ​ភូមិ​ផាន​ម៉ុ​ន​ជុំ​ ដែល​ជា​តំបន់​គ្មាន​សង្គ្រាមក្នុង​ទឹកដីកូរ៉េខាងត្បូង​ ដែលនឹងចាប់ផ្ដើម​នៅ​ម៉ោង ១០​ព្រឹក​ម៉ោង​ក្នុង​តំបន់​។

​​លោក​ប្រធានាធិបតីកូរ៉េខាងត្បូង មូ​ន ចេ អ៊ី​ន បាន​ស្នើ​ដល់​សហរដ្ឋ​អាមេរិក​ឲ្យ​ផ្អាក ​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា​រហូតដល់​ពេល​ចប់កីឡា​អូឡាំពិក​រួចរាល់ ​ដើម្បីកាត់បន្ថយភាព​តានតឹង​ និង​អាច​បង្កើត​ទំនាក់ទំនង​ការទូត​សម្រាប់​ប្រទេស​ទាំង​២​។​ ​កិច្ចពិភាក្សា​ទាំងនេះ​បាន​កើតមានឡើង បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន បាន​ប្រើ​សុន្ទរកថាក្នុង​ឱកាស​ឆ្នាំ​ថ្មីរបស់​លោកប្រកាស​ថា​ លោក​នឹង​បញ្ជូនគណៈប្រតិភូ​មួយ​ក្រុម ​ទៅ​ចូលរួម​កីឡា​អូឡាំពិក​ ព្រមទាំង​កាត់បន្ថយ​ភាព​តានតឹង​លើឧបទ្វីប​កូរ៉េ ខណៈ​ដែល​ប្ដេជ្ញា​បន្ត​អភិវឌ្ឍន៍​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន៕
អត្ថបទ៖ សុខ​មាន