អ្នក​វិនិយោគិន​ថា ភាគី​ចិន​ នឹង​បង្កើន​ការ​បោះ​ទុន​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ ​នៅ​កម្ពុជា

94

ភ្នំពេញ ​៖ អ្នក​វិនិយោគិន​ក្នុងស្រុក​ នៅ​ថ្ងៃទី​៩ ​ខែមករា​នេះ​ បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ចិន ​មក​កម្ពុជា​នេះ ​ហើយ​កម្ពុជា​រំពឹងថា​ ខាង​ភាគី​ចិន ​នឹង​បង្កើន​ការ​វិនិយោគ​បន្ថែម​ទៀត​ជួយ​ដល់​ប្រទេស​កម្ពុជា​។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ថ្លែង​នៅ​ថ្ងៃទី​៩​ ខែមករា​ នេះ​ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន ​លី ខឺ​ឈាង (Li Keqiang) ​នៅ​កម្ពុ​ជានា​ថ្ងៃទី​១១ ខែមករា ​ឆ្នាំ​២០១៨​នេះ​ នៅក្នុង​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង​នោះ​ កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ក៏ដូចជា​ការ​បង្កើត​​រោងចក្រ​កែច្នៃ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

លោក​ឧក​ញ៉ា ប​ន្ត​ទៀតថា​ កាលណា​នយោបាយ​ប្រទេស​ទាំងពីរ​ល្អ​នឹង​ជំរុញ​ឲ្យ​ការ​វិនិយោគ​ហើយ​អ្នក​វិនិយោគ​ក្នុងស្រុក​នឹង​ទទួល​បាន​ផល​ច្រើន​ពី​ទំនាក់​ទង​ពាណិជ្ជកម្ម​ទ្វេភាគី​ ក្នុងនោះ​នឹងមាន​លំហូរ​ក្រុមហ៊ុន​ វិនិយោគ​ចិន​នៅ​កម្ពុជា​។

សម្រាប់ លោក​ឧកញ៉ា ​សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ​រាយ​ ខេ​ម​បូ​ឌា បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា ​ទស្សនកិច្ច​នេះ​ នាយក​រដ្ឋមន្ត្រី​ជា​ការ​បើកផ្លូវ​មួយ​សម្រាប់​ទីផ្សារ​កម្ពុជា​លើ​ផលិតផល​កសិកម្ម​ដែល​កន្លងមក​ខ្វះ​ការកែច្នៃ​ជា​ទំនិញ​សម្រេច ​ហើយ​ជៀសវាង​ការនាំចេញ​ផលិតផល​មិនទាន់​កែច្នៃ​ទៅ​ប្រទេសជិតខាង​។

នាយករដ្ឋមន្ដ្រី​ចិន លោក លី ខឺ​ឈាង (Li Keqiang) នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ​នា​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៨ តប​តាម​ការ​អញ្ជើញ​របស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​លើក​ទី​២​នៃ​កិច្ច​សហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​។​

កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ភាគី​ចិន​កាលពី​ថ្ងៃទី​៨ ​ខែមករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​អិន​ធឺ​កុងទីណង់តាល់​ក្នុង​តម្លៃ​ទឹកប្រាក់​ប្រមាណ ៥២៥.៩ លាន​ដុល្លារ ​ដើម្បី​ធ្វើការ​នាំចេញ​នូវ​ផលិតផល​កសិកម្ម​ដូចជា​ម្រេច​ ចេក និង​ចំណិត ​ដំឡូង​មី​ក្រៀម​ជាដើម ​ទៅកាន់​ទីផ្សារ​នៃ​សាធារណរដ្ឋ​ប្រមានិតចិន​។

ចំណែក ឯកឧត្តម លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួង ​ពាណិជ្ជកម្ម​ឲ្យ​ដឹងថា ​អនុស្សារណៈ​នេះ នឹង​ក្លាយ​ជា​ឱកាសល្អ ​សម្រាប់​បើក​ទីផ្សារ​ថ្មី​បន្ថែម ​ដល់​ប្រជាកសិករ​កម្ពុជា ​ឱ្យមាន​ទីផ្សារ​ច្បាស់លាស់ ​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន​ទាំង​២៣​នៅ​ក្នុង​ប្រទេស​ចិន​។

លើសពីនេះ​ភាគី​ចិន​មាន​គម្រោង​បង្កើត​ជា​រោង ចក្រ​កែច្នៃ​និង​វេច​ខ្ចប់​ផលិតផល កសិកម្ម​កម្ពុជា​ឱ្យ​ធានា​បាន​នូវ​គុណភាព ​ស្ដង់ដារ​ខ្ពស់​ សម្រាប់​ត្រៀម ​នាំ​ចេញទៅ​ទីផ្សារ​ចិន ​និង​ទីផ្សារ​អន្តរជាតិ ក្រៅពី​ប្រទេស​ចិន​ផងដែរ​៕