ប្លង់​ស្ថាបត្យកម្ម​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ តម្លៃ​៩០០​លាន​ដុល្លារ ​នឹង​ចុះ​ហត្ថ​លេខា

130

សៀមរាប ៖ ​ប្លង់​ស្ថាបត្យកម្ម​នៃ​ព្រលានយន្តហោះ​ថ្មី ខេត្តសៀមរាប ​ដែល​មាន​តម្លៃ​វិនិយោគ​ប្រមាណ​៩០០​ លាន​ដុល្លារ ត្រូវ​បាន​បង្ហាញ​និង​ត្រូវ​បាន​ដាក់​ឆ្លង​សម្តេច​តេ​ជោ​ ហ៊ុន សែន​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​ដើម្បី​ចុះហត្ថលេខា​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ លឺ ខឺ​ឈាង​ នាយករដ្ឋមន្ត្រី​ចិន ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃទី​១០​ ដល់​១២ ​មករា​ខាងមុខនេះ​។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ​លោក​ ស៊ិន ចាន់​សិរី​វុត្ថា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ ​២០១៨​ ម្សិល​ម៉ិ​ញ​នេះ​ថា ព្រលាន​យន្តហោះ​ថ្មី​ខេត្តសៀមរាប ​នឹងត្រូវ​សាងសង់​នា​ពេល​ឆាប់ៗ​នេះ ​នៅលើ​ផ្ទៃ​ដូ​ជាង​៧០០​ហិកតា​ និង​បោះ​ទុន​វិនិយោគ​លើទឹក​ប្រាក់​៨៨០​លាន​ដុល្លារ​អាមេរិក​ ក្រោម​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​YUNAN Development Group ដែលជា​ក្រុមហ៊ុន​យក្ស​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។

ប្លង់​ស្ថាបត្យកម្ម​នេះ​មាន​ចំនួន​៦​ជម្រើស និង​ត្រូវ​បាន​ដាក់​ឆ្លង​សម្តេច​តេ​ជោ ​ដើម្បី​ជ្រើសរើស​សម្រេច​លើក​ចុងក្រោយ​រួចហើយ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ មិន​មាន​ប្រភព​ព័ត៌មាន​​​ណា​បញ្ជាក់ថា សម្តេច​តេ​ជោ ​នឹង​ជ្រើសរើស​ប្លង់​ស្ថាបត្យកម្ម​ណាមួយ​នៅឡើយ​ទេ​។ សម្តេច​តេ​ ជោ​ហ៊ុន សែន​នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ឯកឧត្តម​ លឺ ខឺ​ឈាង​នឹង​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​ចុះហត្ថលេខា​ក្នុង​ការ​សម្រេច​យក​ប្លង់​ស្ថាបត្យកម្ម​ណាមួយ​ នៃ​ប្លង់​ស្ថាបត្យកម្ម​ថ្មី​ទាំងនេះ​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក​ ហូ វណ្ឌី ​បាន​ថ្លែងថា​ ការសាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ​នឹង​ជា​ការ​ជួយ​ជំរុញ​កំណើន​ សេដ្ឋកិច្ច និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ​បន្ថែម​ទៀត ​ពិសេស​ជា​ការ​ទាក់ទាញ​ក្រុមហ៊ុន​អាកាស​ចរណ៍​ធំៗ​មក​ចុះចត​នៅ​កម្ពុជា ​ដោយសារ​សមត្ថភាព​ព្រលាន​យន្តហោះ​ថ្មី​នេះ​ អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ខ្នាត​ធំ​ចុះចត​បាន​។

លោក​ បន្តថា “​ការកើនឡើង​នូវ​សេវា​ដឹកជញ្ជូន​ផ្លូវអាកាស ​នឹង​នាំមក​នូវ​ទំហំ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​កំណើន​ភ្ញៀវ​ទេសចរណ៍​កាន់​តែច្រើន​មក​ទស្សនា​កម្ពុជា​”​។​លោក​ បន្តថា “​យើង​ស្វាគមន៍​ការ​វិនិយោគ​បែបនេះ ហើយ​ការសាងសង់​ព្រលាន​យន្តហោះ​ថ្មី​នេះ ប្រសិនជា​ធ្វើឡើង​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​៕